លោកជំទាវ គ្រួច សំអាន តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃវែង រួមជាមួយក្រុម ការងារសង្កាត់ និងសប្បុរសជន នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញទៅជួបសំណេះសំណាល និងផ្សព្វផ្សាយអំពី ហានិភ័យនៃការរីករាលដាលជំងឺកូវីដ១៩ (COVID-19) និងវិធានការទប់ស្កាត់ ដើម្បីបង្ការ និងប្រឆាំងនូវការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបាននាំយកអំណោយចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន៩ភូមិ សរុបចំនួន ២០០គ្រួសារ។
លោកជំទាវ គ្រួច សំអាន ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខពី សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំស្ថាប័នជាតិគ្រប់លំដាប់ថ្នាក់ជំរាបជូនបងប្អូនប្រជាពលរដ្ឋ និងថា ថ្នាក់ដឹកនាំទាំងអស់តែងតែគិតគូរខ្វល់ខ្វាយចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ ពិសេស នៅក្នុងដំណាក់កាលដែលជំងឺ កូវីដ១៩ កំពុងឆ្លងរាតត្បាតជាសកល និងបង្កហានិភ័យខ្ពស់ទៅដល់សុខភាព និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ សម្ដេចនាយករដ្ឋ- មន្ត្រី និងថ្នាក់ដឹកនាំជាតិគ្រប់ស្ថាប័ន បាននិងកំពុងខិតខំរកវិធានការជួយប្រជាពលរដ្ឋ និងអប់រំប្រជាពលរដ្ឋឲ្យចូលរួមក្នុងការការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ពីការឆ្លងជំងឺកូវីដ-១៩។
លោកជំទាវ បានមានប្រសាសន៍ណែនាំ និងផ្សព្វផ្សាយអំពីវិធានការនានា ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការថែរក្សាអនាម័យ និងការពារ ខ្លួនឯង និងក្រុមគ្រួសារ ពីការឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជាផ្សេងៗរបស់ រាជរដ្ឋាភិបាលកម្ពុជាជាដើម។ លោកជំទាវ បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវលាងដៃជាប្រចាំ ត្រូវពាក់ម៉ាសឬក្រម៉ា ដើម្បីបង្ការការឆ្លងជំងឺ កូវីដ-១៩ ដល់ខ្លួនឯង និងក្រុមគ្រួសារផងដែរ។
សូមជម្រាបថា អំណោយដែលក្រុមការងារ និងសប្បុរសជននាំយកទៅចែកជូនពេលនេះមានចំនួន២០០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន១០គីឡូក្រាម ត្រីខចំនួន៥កំប៉ុង មីចំនួន៥កញ្ចប់ សាប៊ូលាងដៃ១ដប ទឹកសុទ្ធ១ដប សាប៊ូដុំ១ដុំ ក្រម៉ាម្នាក់មួយ ម៉ាសបិទមុខម្នាក់មួយ។ ក្នុងនោះរួមមានសហគមន៍ ភូមិទួលសំបូរ ចំនួន១០០គ្រួសារ ភូមិព្រៃវែងលិច ចំនួន១១គ្រួសារ ភូមិព្រៃវែងកើត ចំនួន៣០គ្រួសារ ភូមិត្រពាំងចក ចំនួន១០គ្រួសារ ភូមិកំរៀង ចំនួន២៩គ្រួសារ និងបានឧបត្ថម្ភដល់ប៉ូលីសចំនួន១០នាក់ ប្រជាការពារ ១២នាក់ សមាជិកយុវជន សសយកចំនួន១២នាក់ មន្រ្តីស្នាក់ការសង្កាត់៥នាក់ និងប្រធានភូមិ ដោយក្នុងម្នាក់ៗទទួលបានមួកការពារ ធ្វើពីផ្លាស្ទិកម្នាក់មួយ និងថវិកាចំនួន២ម៉ឺនរៀល និងក្រុមប្រឹក្សាសង្កាត់ចំនួន ៤នាក់ ក្នុងម្នាក់ទទួលបានមួកផ្លាស្ទិកចំនួន១ និងថវិកាចំនួន ៥ម៉ឺនរៀល និងបានឧបត្ថម្ភដល់មណ្ឌលសុខភាពសង្កាត់ព្រៃវែង នូវអង្ករ ចំនួន៥០គីឡូក្រាម ម៉ាស ចំនួន២ប្រអប់ ក្រម៉ាចំនួន១០ ទឹកអាកុលបាញ់សម្លាប់មេរោគចំនួន១០ដប មួកផ្លាស្ទិកការពារចំនួន១០។
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន