លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់- ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញ ជាអធិបតីក្នុងពិធីកាត់ប្ញសសីមាព្រះវិហារ និងសម្ពោធសមិទ្ធិផលនានា ក្នុងវត្តពោធិ៍ឧត្តម ហៅវត្តអណ្តូងត្របែក ស្ថិតនៅភូមិអណ្តូង ត្របែក ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
នៅក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជម្រាបជូនដល់អង្គពិធីទាំងមូល។
លោកជំទាវឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីគុណតម្លៃនៃព្រះពុទ្ធសាសនា ដែលមិនគ្រាន់តែជាទីគោរពសក្ការៈបូជា ប៉ុណ្ណោះទេ គឺជាប្រភពនៃបញ្ញាញាណ ជាថ្នាលបណ្តុះធនធានមនុស្សគ្រប់សម័យកាល។ បើតាមប្រវត្តិសាស្ត្របានបង្ហាញថា ទីអារាម បានរួមចំណែកក្នុងការកសាងសង្គមជាតិ ប្រកបដោយសីលធម៌ ចរិយាធម៌ និងគុណធម៌ ហើយក៏ជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរបានកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយសម្រាប់សិក្សារៀនសូត្រ។ វត្តអារាមគឺជាកន្លែង បណ្តុះនូវធនធានមនុស្សដែលពោរពេញដោយចំណេះដឹង ទាំងផ្លូវលោក និងផ្លូវធម៌ ប្រកបដោយមនសិការជាតិ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍បន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់លើកតម្កើង និងទ្រទ្រង់ព្រះពុទ្ធសាសនា ដោយបានបង្កលក្ខណៈសម្បត្តិងាយស្រួលគ្រប់បែបយ៉ាងដល់សកម្ម- ភាពព្រះពុទ្ធសាសនា ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យនេះឲ្យមានរីកចម្រើនដូចវិស័យដទៃទៀត សម្រាប់បម្រើដល់ការគោរពបូជារបស់ ពុទ្ធបរិស័ទទូទាំងប្រទេស។
លោកជំទាវបានបញ្ជាក់ថា ជាក់ស្តែងសមិទ្ធិផលបម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដែលបានចំណាយថវិកាសាសង់អស់ ៣៥ម៉ឺនដុល្លារ សហរដ្ឋអាមេរិក សម្រាប់ទុកឲ្យប្រជាពុទ្ធបរិស័ទជិតឆ្ងាយ គោរព និងប្រតិបត្តិ ស្ថិតនៅក្នុងវត្តពោធិ៍ឧត្តម ហៅវត្តអណ្តូងត្របែក នៃស្រុក រមាសហែក ខេត្តស្វាយរៀង ដែលកំពុងរៀបចំពិធីបុណ្យកាត់ឫសសីមាព្រះវិហារ រួមជាមួយនឹងការសម្ពោធសមិទ្ធិផលផ្សេងៗជាច្រើន ទៀត នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ។
ជាមួយគ្នានេះ លោកជំទាវក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីមានឱកាស ធ្វើការអភិវឌ្ឍន៍ ប្រទេសជាតិ និងសង្គមគ្រួសារឲ្យកាន់តែរីកចម្រើនថែមទៀត ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំថែរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់- ធ្នាប់ ពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពនៅមូលដ្ឋានរបស់ខ្លួន និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានា ដែលរាជរដ្ឋា- ភិបាល បានផ្តល់ជូនឱ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។
ទាក់ទងទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលមានប្រទេសចំនួន១៣៥ នៅលើពិភពលោកកំពុងតែជួបប្រឈមនឹងបញ្ហា ការឆ្លងរាលដាល នៃវីរ៉ុសកូរ៉ូណា ឬCOVID-19 ដែលមានអ្នកបានឆ្លងសរុបដល់ទៅជាង១៦ម៉ឺននាក់ និងមានអ្នកស្លាប់ជាង៦ពាន់នាក់ ទៅហើយនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានមានប្រសាសន៍ជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចេះការពារខ្លួន ថែរក្សាសុខភាព ឲ្យបានល្អ ហើយការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អបំផុតដើម្បីការពារខ្លួនពីជំងឺគ្រប់ប្រភេទ រួមទាំងជម្ងឺ COVID-19ផងដែរ។
ឆ្លៀតឱកាសនេះដែរ លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង ត្រូវបន្តយកចិត្តទុកដាក់បន្ថែម ទៀត ក្នុងការផ្តល់សេវាអប់រំថែទាំសុខភាព ការបង្ការជំងឺ និងផ្តល់សេវាសុខាភិបាលជូនប្រជាជន ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យបាន ទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ម៉្យាងទៀតដោយសារតែមានការប្រែប្រួលបរិស្ថាន ដូចជាការកើនឡើងនៃកម្តៅផែនដី និងមានបាតុភូតធម្មជាតិនានា អាចកើតឡើងជា យថាហេតុ លោកជំទាវក៏បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវលៃលកថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន