លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា បានលើកឡើងថា ក្នុងរយៈពេលជាង៦អាណត្តិមកនេះ រដ្ឋសភាបាន អនុម័តច្បាប់ជាច្រើន និងកំពុងបន្តពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់បន្ថែមទៀត ដើម្បីពង្រឹងនីតិរដ្ឋ ព្រោះថាច្បាប់គឺ ជាយន្តការដ៏សំខាន់ សម្រាប់រាជរដ្ឋាភិបាលយកទៅអនុវត្តក្នុងការកសាងអភិវឌ្ឍន៍ជាតិ និងការពារសុខសន្តិភាព។
លោកជំទាវ បានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ព្រមទាំងលោក លោកស្រី ជាប្រធានមន្ទីរពាក់ព័ន្ធ នឹងការទទួលបន្ទុករបស់ គណៈកម្មការ នៅសាលាខេត្តព្រះវិហារ ក្នុងឱកាសលោកជំទាវ ដឹកនាំសមាជិកគណៈកម្មការ ចុះបំពេញបេសកកម្មស្វែងយល់វិស័យ ការងារនៅខេត្តនេះ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។
លោកជំទាវ និន សាផុន និងឯកឧត្តម លោកជំទាវ ជាសមាជិកគណៈកម្មការ ក៏បានលើកឡើងនូវអនុសាសន៍ ក៏ដូចជាសំណួរមួយចំនួន ទៅកាន់អាជ្ញាធរខេត្ត ក្នុងន័យសិក្សាស្វែងយល់ និងបានដឹងពីបញ្ហាប្រឈម ដើម្បីរួមគ្នារកមធ្យោបាយដោះស្រាយ។
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏ដូចជា ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ផ្អែកតាមយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយក រដ្ឋមន្ត្រី រដ្ឋបាលខេត្តគ្រប់ផ្នែកបានខិតខំបំពេញការងារទៅតាមតួនាទី និងភារកិច្ចបស់ខ្លួន ដែលបានធ្វើឲ្យខេត្តមានភាពរីកចំរើនគ្រប់ វិស័យ។ ម៉្យាងទៀតខេត្តព្រះវិហារ ក៏មានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ផងដែរ ដោយមានទីតាំងវប្បធម៌បុរាណ មានប្រាសាទ ព្រះវិហារ ប្រាសាទកោះកេរ្តិ៍ ទឹកធ្លាក់ព្រះនិម្មិត ទឹកធ្លាក់លើភ្នំត្បែង ដែលបានជួយលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។ ម៉្យាងទៀត ខេត្តបានខិតខំកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់មូលដ្ឋាន និងកំពុងដំណើរការស្ថាបនា ស្តារ ពង្រីកបន្ថែមជាបន្តបន្ទាប់ ដើម្បីរួមចំណែកដល់ការជំរុញលើកកម្ពស់កំណើនសេដ្ឋកិច្ច សង្គមកិច្ច ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។
អាជ្ញាធរខេត្តបានឲ្យដឹងទៀតថា រដ្ឋបាលថ្នាក់ខេត្ត បានខិតខំអនុវត្តន៍កាន់តែស៊ីជម្រៅនូវការកែទំរង់បែបវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈយន្តការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ គ្រប់មន្ទីរអង្គភាព ក៏ដូជាប្រព័ន្ធគ្រប់គ្រងការផ្តល់សេវាសាធារណៈ និងការ ផ្សព្វផ្សាយច្បាប់ដែលរដ្ឋសភាបានអនុម័ត ជូនដល់ប្រជាពលរដ្ឋបានយល់ដឹងកាន់តែទូលំទូលាយ។
ទាក់ទងនឹងវិស័យធនធានរ៉ែនៅខេត្តព្រះវិហារ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា មានក្រុមហ៊ុនខ្លះ បានជីកយករ៉ែមាស ដោយគ្មាន អាជ្ញាប័ណ្ណ និងច្បាប់អនុញ្ញាត អាជ្ញាធរខេត្តក៏បានចាត់វិធានការទប់ស្កាត់ ហើយក៏មានក្រុមហ៊ុនមួយចំនួនមកវិនិយោគលើវិស័យ ធនធានរ៉ែ មានដូចជា រ៉ែដែក និងរ៉ែមាស ដែលក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិឲ្យ កំពុងស្ថិតក្នុងការសិក្សានៅឡើយ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ខេត្តរួចមក លោកជំទាវ និន សាផុន បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំ យកចិត្តទុកដាក់បំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអស់លោក លោកស្រីជាប្រធានមន្ទីរ ពាក់ព័ន្ធ ដែលបានចូលរួមចំណែកកសាងអភិវឌ្ឍន៍ខេត្ត។
លោកជំទាវប្រធាន បានផ្តល់អនុសាសន៍ជាច្រើន ជាចក្ខុវិស័យ នៃផែនការអភិវឌ្ឍស្របទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត។ លោកជំទាវក៏បានស្នើដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំ យកចិត្តទុកដាក់បន្តទៀត លើការងារផ្សព្វផ្សាយច្បាប់ឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា។
ចំពោះសំណូមពររបស់អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធ លោកជំទាវប្រធាន បានមានប្រសាសន៍ថា នឹងធ្វើរបាយការណ៍ជូនគណៈ- កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជម្រាបជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជ្រាប និងធ្វើអន្តរាគមន៍ ទៅក្រសួងពាក់ព័ន្ធ ដើម្បីធ្វើការពិនិត្យដោះស្រាយជូន៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន