សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូសភាត្រឡប់ពីចូលរួមកិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នៅប្រទេសអូស្រា្តលីវិញ ដោយសុវត្ថិភាព
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូសភាត្រឡប់ពីចូលរួមកិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នៅប្រទេសអូស្រា្តលីវិញ ដោយសុវត្ថិភាព
Prepaired By: NA1472 ​ Date: (1/16/2020 7:06:47 PM )

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ត្រឡប់ពីការចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ លើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែល ហៅកាត់ថា(APPF) នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលីវិញ ដោយសុវត្ថិភាព និងជោគជ័យ។

APPFបានដំណើរការកិច្ចប្រជុំរបស់ខ្លួន ក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់» ដោយមានគណៈប្រតិភូ សភាជាសមាជិកAPPF ចំនួន២០ប្រទេស និងប្រទេសសង្កេតការណ៍ ចំនួន១០ មានចំនួនគណៈប្រតិភូជាង៣៥០នាក់ បានចូលរួម កិច្ចប្រជុំ។

សម្តេចប្រធានរដ្ឋសភា ត្រូវបានសភាប្រទេសអូស្ត្រាលី ផ្តល់កិត្តិយសចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងបានថ្លែង សុន្ទរកថាគន្លឹះក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ។ សភាប្រទេសអូស្រ្តាលី និងប្រតិភូដែលបានចូលរួម បានសម្តែងការកោតសរសើរចំពោះ សម្តេច ដែលបានដឹកនាំសភាកម្ពុជា រៀបចំកិច្ចប្រជុំ APPF លើកទី២៧ កាលពីឆ្នាំកន្លងទៅ នៅខេត្តសៀមរាប បានទទួលជោគជ័យ ហើយជោគជ័យនៅកម្ពុជានោះ ធ្វើឲ្យការប្រជុំរបស់APPF កាន់តែមានលក្ខណៈល្អប្រសើរឡើង។

កំឡុងពេលចូលរួមកិច្ចប្រជុំនេះ សម្តេចអគ្គមហាពញាចក្រី បានជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាអូស្រ្តាលី ដើម្បីជំរុញ ទំនាក់ទំនងសភា និងស្នើសុំអូស្រ្តាលីជូយផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ សម្តេចក៏បានស្នើសុំអូស្រ្តាលីផ្តល់អាហារូបករណ៍ដល់មន្រ្តីរាជការ និងនិស្សិតកម្ពុជា ឲ្យបានច្រើនបន្ថែមទៀត។

ក្រៅពីនេះ សម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ  លោកជំទាវប្រធានរដ្ឋសភាប្រទេសឡាវ លោកជំទាវអនុប្រធាន រដ្ឋសភាប្រទេសវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ និងបានផ្លាស់ប្តូរព័ត៌មានបច្ចុប្បន្នភាព ពីគ្នាទៅវិញទៅមក ក្នុងការជំរុញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការល្អក្នុងនាមប្រទេសជិតខាង។

ចំពោះសមាជិកគណៈប្រតិភូសភាកម្ពុជាវិញ បានចូលប្រជុំពិភាក្សានៅគ្រប់កិច្ចប្រជុំរបស់APPF ក្នុងនោះមានកិច្ចប្រជុំគណៈកម្មាធិការ នយោបាយ និងសន្តិសុខ ដឹកនាំដោយ ឯកឧត្តម ឈាង វុន បានចូលប្រជុំ។ កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តី ដឹកនាំដោយ លោកជំទាវ បាន ស្រីមុំ បានចូលប្រជុំ។ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច ដឹកនាំដោយ ឯកឧត្តម សុខ សូកាន បានចូលប្រជុំ។ កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការតំបន់ ដឹកនាំដោយ ឯកឧត្តម ខៀវ មុត បានចូលប្រជុំ និងកិច្ចប្រជុំគណៈកម្មាធិការបូកសរុប និងសេចក្តីថ្លែងការណ៍ ដឹកនាំដោយ ឯកឧត្តម ឈាង វុន និង ឯកឧត្តម សុខ សូកាន បានចូលប្រជុំ។ ប្រតិភូសភាកម្ពុជាក៏បានចូលរួម នៅក្នុងគណៈកម្មាធិការព្រាងសេចក្តីប្រកាសរួម ដោយបានផ្លាស់ប្តូរយោបល់ជាមួយសមាជិកAPPF យ៉ាងផុលផុសផងដែរ។

សូមជម្រាបថា កិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៨ បានបិទបញ្ចប់ដោយបានអនុម័តសេចក្តីសម្រេចចំនួន១៩ ដែលជាយន្តការមួយ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់តួនាទីសភាក្នុងការពង្រឹងសន្តិភាព និងសន្តិសុខ ការពង្រឹងស្ថាប័នពហុភាគី ដើម្បី អនុវត្តពាណិជ្ជកម្មសេរី និងរួមគ្នា ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឆ្ពោះទៅរកការរីកចម្រើន ប្រកបដោយចីរភាព និងវិបុលភាព នៅក្នុងតំបន់ និងសកលលោក។ កិច្ចប្រជុំAPPF  លើកទី២៩ នឹងប្រារព្ធធ្វើនៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០២១ និងនៅព្រះរាជាណាចក្រ ថៃ ក្នុងឆ្នាំ២០២២ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន