ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ បានដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ក្នុងការត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២០ ខាងមុខនេះ។
កិច្ចប្រជុំធ្វើឡើងនៅវិមានរដ្ឋសភា នារសៀលថៃ្ងទី២៤ ខែធ្នូ ឆ្នាំ២០១៩ ដោយមានវត្តមានចូលរួមប្រជុំពីសំណាក់ ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន សមាជិក អនុគណៈកម្មការនានានៃកិច្ចប្រជុំASEP និងលេខាធិការដ្ឋានជាតិASEP លេីកទី១១ ព្រមទាំងមាន វត្តមានចូលរួមពីមន្រ្តីជំនាញជាច្រើនរូបទៀត។ លទ្ធផលជារួម កិច្ចប្រជុំបានវាយតម្លៃថា ការត្រៀមរៀបចំកិច្ចប្រជុំ ASEP បានដំណើរការ យ៉ាងល្អតាមប្រតិទិនការងារដែលបានកំណត់។
ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ ASEP លើកទី១១ បានរាយការណ៍ជូនអង្គប្រជុំ អំពីកិច្ចការមួយចំនួន ដែលបានអនុវត្តកន្លងមក ដូចជា ការកំណត់ទីកន្លែងនៃកិច្ចប្រជុំ ការកំណត់និមិត្តសញ្ញាកិច្ចប្រជុំ និងកាលបរិច្ឆេទ នៃកិច្ចប្រជុំផងដែរ។
ឯកឧត្តម ឡេង ប៉េងឡុង បានគោរពស្នើសុំ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ពិនិត្យលទ្ធផលការងារទំាងនោះ ដើម្បីសូមការសម្រេច ជាចុងក្រោយពីថ្នាក់ដឹកនាំសភា និងប្រមុខរាជរដ្ឋាភិបាលសម្រេចបន្ត។
សូមជម្រាបថា ក្នុងការត្រៀមរៀបចំកិច្ចប្រជុំASEP លើកទី១១នេះ សភាកម្ពុជាបានរៀបចំជាគណៈកម្មការរៀបចំមួយ ដោយមាន អនុគណៈកម្មការចំនួន៥ ទទួលបន្ទុកវិស័យការងារផ្សេងៗគ្នា មាន អនុគណៈកម្មការទី១៖ ខ្លឹមសារ និងឯកសារ ដែលមាន ឯកឧត្តម កិត្តិនិតិកោសលបណ្ឌិត ប៉ែន បញ្ញា ជាប្រធាន។ អនុគណៈកម្មការទី២៖ ហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភា ដែលមាន ឯកឧត្តមកិត្តិសេដ្ឋា បណ្ឌិត ជាម យៀប ជាប្រធាន។ អនុគណៈកម្មការទី៣៖ ដឹកជញ្ជូន ពិធីការ និងបដិសណ្ឋារកិច្ច ដែលមាន លោកជំទាវ និន សាផុន ជាប្រធាន។ អនុគណៈកម្មការទី៤៖ សារព័ត៌មាន ផ្សព្វផ្សាយ និងICT ដែលមាន ឯកឧត្តម ឈាង វុន ជាប្រធាន។ អនុគណៈកម្មការទី៥៖ សន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម មាន ឯកឧត្តម ហ៊ុន ណេង ជាប្រធាន រួមនិងលេខាធិការដ្ឋានជាតិASEPមួយ ជាសេនាធិការ។
អនុគណៈកម្មការនានានៃគណៈកម្មការរៀបចំកិច្ចប្រជុំASEP ក៏បានរាយការណ៍ជូនកិច្ចប្រជុំពីលទ្ធផលការងាររបស់ខ្លួន ដែលបានអនុវត្ត នាពេលកន្លង ដល់កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារនាពេលនេះផងដែរ។
គណៈកម្មការរៀបចំកិច្ចប្រជុំASEP លើកទី១១ តែងតែជួបប្រជុំដើម្បីត្រួតពិនិត្យលទ្ធផលការងារនៅរៀងរាល់ខែ។ កិច្ចប្រជុំពេលនេះជា កិច្ចប្រជុំលើកទី៣ហើយ ចាប់តំាងពីបានបង្កើតក្រុមការងារមក។ ហើយជារួមលទ្ធផលការងារបានដំណើរការដោយរលូនតាមផែនការ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ប្រធានគណៈកម្មការរៀបចំ បានចាត់អោយលេខាធិការដ្ឋានជាតិASEP រៀបចំរបាយការណ៍ និងឯកសារ ពីមូលបទ និងប្រធានបទតាមវិស័យនីមួយៗ កាលបរិច្ឆេទ ទីកន្លែង និម្មិតសញ្ញា (Logo) នៃប្រជុំASEPលើកទី១១ ដើម្បីគោរពសូម គោលការណ៍ពីសម្តេចប្រធានរដ្ឋសភា សម្តេចប្រធានព្រឹទ្ធសភា និងសមេ្តចនាយករដ្ឋមន្រ្តី។ ឯកឧត្តមបណ្ឌិត ក៏បានស្នើដល់គ្រប់ អនុគណៈកម្មការទាំងអស់ បន្តអនុវត្ដកិច្ចការរបស់ខ្លួន អោយបានសមស្របតាមប្រតិទិនការងារ។
សូមជម្រាបថា សភាកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ដែលមានឈ្មោះជាភាសាអង់គ្លេស “Asia-Europe Parliamentary Partnership Meeting ហៅកាត់ (ASEP) លើកទី១១ នៅចុងឆ្នាំ២០២០ខាងមុខ។ កិច្ចប្រជុំ ASEP ដែលគ្រោងអញ្ជើញ ប្រតិភូសភា៥៣ប្រទេស ចូលរួមប្រជុំ។ សូមជម្រាបថា សភាកម្ពុជាបានចូលជាសមាជិកសភាអាស៊ី-អឺរ៉ុប ASEP នៅក្នុងឆ្នាំ២០០៤ នៅទីក្រុងវេរ ប្រទេសវៀតណាម។
កិច្ចប្រជុំASEPលើកទី១១នេះ ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លេីកទី១៣ (ASEM) ដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផងដែរ នៅចុងឆ្នាំ២០២០នោះដែរ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន



















