Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកពីសារៈសំខាន់នៃកិច្ចសន្ទនា និងយុទ្ធសាស្រ្តឈ្នះឈ្នះរបស់កម្ពុជា ដល់កិច្ចប្រជុំថ្នាក់ដឹកនាំសភាតំបន់អាស៊ី-អឺរ៉ុបលើកទី៤
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកពីសារៈសំខាន់នៃកិច្ចសន្ទនា និងយុទ្ធសាស្រ្តឈ្នះឈ្នះរបស់កម្ពុជា ដល់កិច្ចប្រជុំថ្នាក់ដឹកនាំសភាតំបន់អាស៊ី-អឺរ៉ុបលើកទី៤
Prepaired By: NA1472 ​ Date: (9/24/2019 6:59:54 AM )

កាហ្សាក់ស្ថាន: ក្នុងឱកាសឡើងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំលើកទី៤ កម្រិតប្រធានសភាអាស៊ី-អឺរ៉ុប នៅប្រទេសកាហ្សាក់ស្ថាន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងពីសារៈសំខាន់ និងភាព ចាំបាច់នៃវប្បធម៌សន្ទនា ដែលមានលក្ខណៈបើកចំហ ស្មោះត្រង់ ថាជាចំនុចសំខាន់ក្នុងការកសាងសុខសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព ទំាងនៅក្នុងតំបន់ សកលលោក ឬនៅតាមប្រទេសនីមួយៗរៀងៗខ្លួន។

សម្តេចបានគូសបញ្ជាក់ថា សុខសន្តិភាពជាតម្រូវការរបស់ពិភពលោក មិនថាប្រទេសមានសេដ្ឋកិច្ចតូចតាច អភិវឌ្ឍន៍តិចតួច ឬប្រព័ន្ធ នយោបាយយ៉ាងម៉េចនោះទេ ប្រជាពលរដ្ឋគ្រប់រូបតែងប្រាថ្នាចង់បានការរស់នៅប្រកបដោយភាពសុខដុរមនា និងវិបុលភាព។ ដូចនេះ ការលើកកម្ពស់ប្រព័ន្ធមួយ ដែលមានភាពបើកចំហ ប្រកបដោយបរិយាប័ន្ន មានប្រសិទ្ធិភាព និងពហុភាគី ដោយផ្អែកលើគោលការណ៍ ច្បាប់ គឺអាចនឹងឈានទៅសម្រេចបានផលប្រយោជន៍រួមសម្រាប់ពិភពលោកទំាងមូល។

កិច្ចប្រជុំលើកទី៤កម្រិតប្រធានសភាអាស៊ី-អឺរ៉ុប ដែលប្រទេសកាហ្សាក់ស្ថានប្រារព្ធធ្វើនាពេលនេះ មានតំណាងប្រជាពលរដ្ឋនៃស្ថាប័ន នីតិប្បញ្ញត្តិចំនួន៦៦ប្រទេសចូលរួមក្នុងនោះ មានប្រធានសភាចំនួន៤០ប្រទេស មកពីតំបន់អាស៊ី និងអឺរ៉ុប រួមទំាងអង្គការអន្តរជាតិ អង្គការ អន្តរសភាចំនួន១៣។ កិច្ចប្រជុំនេះ បានប្រារព្ធធ្វើក្រោមប្រធានបទ “កិច្ចសន្ទនា ទំនុកចិត្ត និងភាពជាដៃគូ ដែលជាឧត្តមភាព ដ៏ខ្ពង់ខ្ពស់សម្រាប់ អ៊ឺ រ៉ា ស៊ា (Eurasia)”។

ក្នុងសុន្ទរកថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ការជួបជុំក្រោមប្រធានបទដ៏ល្អមួយនេះ ស្របទៅនឹងបរិបទ បច្ចុប្បន្ន ដែលចរន្តនៃពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើគោលការណ៍ច្បាប់កំពុងទទួលរងនូវការគម្រាមកំហែង ដោយ រីកដុះដាល នៃនយោបាយប្រជាភិថុត សេដ្ឋកិច្ចជាតិនិយម ការគាំពារនិយម និងការវិលត្រឡប់នៃនយោបាយមហាអំណាច។ ជាក់ស្តែង សង្រ្គាមពាណិជ្ជកម្មដែលកំពុងតែរីករាលដាលកាន់តែខ្លាំង និងការកើនឡើងនៃភាពតានតឹងនយោបាយភូមិសាស្រ្ត រវាងប្រទេសមហាអំ- ណាចបានបង្កការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សន្តិសុខសកល និងសុខមាលភាពប្រជាពលរដ្ឋ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ក្នុងកាលៈទេសៈ ដែលពិភពលោកមានការលំបាកជាច្រើនដូចពេលបច្ចុប្បន្ន នេះ កិច្ចពិភាក្សាដោយបើកចំហ និងភាពជាដៃគូ កាន់តែដើរតួនាទីដ៏សំខាន់ និងមិនអាចខ្វះបាន ក្នុងការកសាងនូវទំនុកចិត្ត និងជំរុញ ភាពជាដៃគូកាន់តែជិតស្និទ្ធ រវាងប្រទេសក្នុងតំបន់ និងសកលលោក។ សម្តេចមានជំនឿយ៉ាងមុតមាំថា សភាត្រូវជំរុញ និងលើកកម្ពស់ តួនាទីរបស់ខ្លួន ជាពិសេសការងារការទូតសភា ឱ្យកាន់តែសកម្ម និងរស់រវើកបន្ថែមទៀត ក្នុងការបង្ហាញការងារអភិបាលកិច្ចជាសាកល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព និងវិបុលភាពជានិរន្ត។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្ថែមថា ឧបទ្វីបអ៊ឺរ៉ាស៊ា កំពុងតែទទួលបាននូវសក្តានុពលសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ អំណោយផល ដោយសារការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងការកើនឡើងនៃការតភ្ជាប់គ្នាក្នុងតំបន់។ ដូច្នេះត្រូវបេ្តជ្ញារក្សា ឱ្យបាននូវសន្ទុះដ៏ស្វាហាប់នេះ ព្រមទាំងក្តាប់យកនូវឱកាស ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅក្នុងតំបន់ និង បដិវត្តន៍បច្ចេកវិទ្យា។

“យើងគួរបង្កើនការយកចិត្តទុកដាក់នូវវប្បធម៌សន្ទនា ដែលមានលក្ខណៈបើកចំហ និងយ៉ាងទៀងទាត់ ដើម្បីដោះស្រាយនូវភាពខុសគ្នា និងព្យាយាមលើកតម្កើងនូវពិភពលោកមួយ ដែលប្រទេសទាំងអស់ មិនថាឡើយប្រទេសមានសេដ្ឋកិច្ចតូចតាច អភិវឌ្ឍន៍តិចតួច ឬប្រព័ន្ធ នយោបាយមិនដូចគ្នា តែពលរដ្ឋគ្រប់រូបតែងប្រាថ្នាចង់បានការរស់នៅប្រកបដោយភាពសុខដុមរមនា និងវិបុលភាព។ ដូចនេះការលើក កម្ពស់ប្រព័ន្ធមួយ ដែលមានភាពបើកចំហ ប្រកបដោយបរិយាប័ន្ន មានប្រសិទ្ធិភាព និងពហុភាគីដោយផ្អែកលើគោលការណ៍ច្បាប់ គឺអាចនឹងឈានទៅសម្រេចបានផលប្រយោជន៍រួម សម្រាប់យើងទាំងអស់គ្នា”។ នេះជាការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាទៅ កាន់កិច្ចប្រជុំដែលមានថ្នាក់ដឹកនាំសភាក្នុងប្រទេសតំបន់អាស៊ី និងអឺរ៉ុប ដែលមានប្រតិភូសភាជាង៦០ បានចូលរួម។

សម្តេចបានចែករំលែកយុទ្ធសាស្រ្តឈ្នះឈ្នះដល់កិច្ចប្រជុំ នៅក្នុងឱកាសនោះ សម្តេចក៏បានលើកឡើងពីជោគជ័យ និងសមិទ្ធផលដ៏ត្រចះ ត្រចង់របស់កម្ពុជា ដែលកើតចេញពីគោលនយោបាយ “ឈ្នះ-ឈ្នះ” ដែលជាដំណោះស្រាយផ្អែកលើកិច្ចសន្ទនា និងភាពជឿជាក់លើគ្នា ទៅវិញទៅមក ជាគន្លឹះចំពោះយុទ្ធសាស្រ្ត “គ្មានអ្នកចាញ់ និងអ្នកឈ្នះ” គឺឈ្នះទាំងអស់គ្នា។

សម្តេចបានសង្កត់ធ្ងន់ថា បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ នៅចុងទសវត្សរ៍ឆ្នាំ១៩៩០មក កម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ជាតិ ដោយទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមានកិត្យានុភាពលើឆាកអន្តរជាតិ។ កម្ពុជាបានអភិវឌ្ឍន៍ខ្លួនពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងឈានទៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជាធ្លាប់ជាប្រទេសដែលទទួលកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឥឡូវក្លាយជា ប្រទេសបញ្ជូនកងកម្លាំងរបស់ខ្លួនទៅចូលរួមចំណែករក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលរហូតមកដល់ពេលនេះ កម្ពុជា បានបញ្ជូនទាហានជាង៦ពាន់នាក់ ទៅកាន់តំបន់ជំលោះផ្សេងៗជុំវិញពិភពលោក។

នៅក្នុងសុន្ទរកថារបស់សម្តេចថ្លែងទៅកាន់កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុបលើកទី៤នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានលើកឡើងពីតួនាទីដ៏សកម្មរបស់រដ្ឋសភាកម្ពុជា នៅក្នុងវិស័យការទូតសភាដែរ។

សម្តេចបានគូសបញ្ជាក់ថា តួនាទីសភាកម្ពុជានៅលើវេទិកាអន្តរជាតិ និងការចូលរួមកសាងសុខសន្តិភាពជាមួយពិភពលោកវិញ ក្នុងរយៈ ពេលពីរបីឆ្នាំកន្លងមកនេះ សភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអន្តរសភាជាច្រើន រួមមានវេទិកាអន្តរសភាអាស៊ាន សភាតំបន់ អាស៊ី វេទិកាសភានៃប្រទេសនិយាយភាសាបារាំង និងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ជាដើម។ សកម្មភាពទំាងនេះ បានឆ្លុះបញ្ចាំងពីតួនាទី ការទូតសភា និងការរួមចំណែកយ៉ាងសំខាន់របស់កម្ពុជា ដោយបានដាក់ចេញនូវសេចក្តីសម្រេច និងសេចក្តីប្រកាសសំខាន់ៗ ផ្តោតលើ ដំណោះស្រាយបញ្ហាដែលផ្តល់ប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ ទប់ស្កាត់នូវការរីករាលដាលនៃការប្រតិបត្តិការការពារនិយម ដែល ជាចលករ រារាំងដល់ពាណិជ្ជកម្ម វិនិយោគសកល និងកំណើនប្រកបដោយបរិយាប័ន្ន។

សម្តេចបន្ថែមថា ឆ្នាំ២០២០ខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ដែល មានសមាជិកជាង៥០ប្រទេស។ វេទិកានេះនឹងផ្តល់ឱកាសដ៏ល្អដល់សមាជិកទាំងអស់ ក្នុងការពិភាក្សាលើបញ្ហាប្រឈមជាសកល និង ស្វែងរកដំណោះស្រាយរួម ព្រមទាំងពង្រឹងភាពជាដៃគូ ដើម្បីឈានទៅសម្រេចបាននូវភាពកាន់តែប្រសើរ និងវិបុលភាព សម្រាប់ ប្រទេសជាសមាជិក និងពិភពលោក។ កម្ពុជាបានចាប់យកការផ្លាស់ប្តូរ និងបន្តកែទម្រង់របស់ខ្លួនដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកប ដោយចីរភាព និងបរិយាប័ន្ន។ កំណែទម្រង់ស៊ីជម្រៅខាងក្នុង និងបង្កើនមិត្តខាងក្រៅ គឺជាគោលនយោបាយជា យុទ្ធសាស្រ្តជាតិ។

សម្តេចប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គាំទ្រគំនិតក្នុងការរួមបញ្ចូលគ្នារវាងអឺរ៉ាស៊ា-អេកូណូមីក និងសហគមន៍អឺរ៉ុប ហើយធ្វើ ការបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយអាស៊ាន និងការធ្វើសុខដុមនីយកម្ម ជាមួយគំនិតផ្តួចផ្តើមនយោបាយចិន ខ្សែក្រវាត់ និងផ្លូវ។ សម្តេច គូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយបណ្តាប្រទេសសមាជិកទាំងអស់ដែលមានវត្តមាននៅទីនេះ ក្នុងការជំរុញ ពាណិជ្ជកម្ម វិនិយោគ និងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ នយោបាយ និងបរិស្ថាន ដើម្បីឈាន ទៅសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ២០៣០។

សូមជម្រាបដែរថា កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប ផ្តួចផ្តើមបង្កើតឡើងដោយសភាឌូម៉ាសហព័ន្ធរុស្ស៊ី និងរដ្ឋសភាសាធារណរដ្ឋ កូរ៉េ គឺជាវេទិកាអន្តរសភាដ៏មានសារៈសំខាន់ សម្រាប់ការពិភាក្សាលើប្រធានបទនៃកិច្ចសហប្រតិបត្តិការ រវាងតំណាងប្រជាពលរដ្ឋ ក្នុងតំបន់អាស៊ី និងអឺរ៉ុប ដើម្បីផ្លាស់ប្តូរទស្សនៈយោបល់ ក្នុងការការពារផលប្រយោជន៍ នៃការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាល- ភាពសង្គម នៅក្នុងតំបន់ ក៏ដូចជាពិភពលោកទំាងមូល។

កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុបលើកទី១ បានប្រារព្ធធ្វើនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៦ លើកទី២ ធ្វើនៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ ២០១៧ និងលើកទី៣ ធ្វើនៅប្រទេសទួរគីក្នុងឆ្នាំ២០១៨៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន