អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នេះបានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ និងដាក់ទិសដៅអនុវត្តបន្តក្នុងការត្រៀមរៀបចំ និងផ្តល់សេវានានា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី(APA)ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅចុងខែកញ្ញាខាងមុខនេះ។
ឯកឧត្តម ស្រ៊ុន តារា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញជាអធិបតីភាពនៃកិច្ចប្រជុំព្រឹកមិញនេះ។ កិច្ចប្រជុំបាន ពិភាក្សាលើទម្រង់លិខិតដែលត្រៀមអញ្ជើញភ្ញៀវជាតិ អន្តរជាតិ របៀបវារៈ ទីកន្លែងរៀបចំកិច្ចប្រជុំ ការងារពិធីការ និងព័ត៌មាន ជាដើម។
សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី (APA) ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ គ្រោងនឹងរៀបចំធ្វើនៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញក្នុងរាជធានីភ្នំពេញ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០១៦នេះ។ កិច្ចប្រជុំនេះ គ្រោងធ្វើការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង សេចក្តីសម្រេចមួយចំនួនរបស់គណៈកម្មាធិការសភា តំបន់អាស៊ី ចំនួនបួន ក្នុងនោះមានសេចក្តីព្រាងសេចក្តីសម្រេច របស់គណៈកម្មាធិការទទួលបន្ទុកផ្នែកនយោបាយសេចក្តីព្រាងសេចក្តីសម្រេចគណៈកម្មាធិការទទួលបន្ទុកផ្នែកសង្គម និងវប្បធម៌ សេចក្តីព្រាង សេចក្តីសម្រេចគណៈកម្មាធិការសេដ្ឋកិច្ចនិងសេចក្តីព្រាងសេចក្តីសម្រេចគណៈកម្មាធិការស្តីពីបទបញ្ញត្តិហិរញ្ញវត្ថុនិងការគ្រប់គ្រងបុគ្គលិក ជាដើម។
កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី(APA)នេះ ជាកិច្ចប្រជុំសំខាន់មួយមុនឈានទៅដល់ មហាសន្និបាតលើកទី៩ នៃសភា តំបន់អាស៊ី (APA) ដែលគ្រោងនឹងរៀបចំឡើងនាចុងខែវិច្ឆិកានិងដើមខែធ្នូ ចុងឆ្នាំ២០១៦នេះ នៅខេត្តសៀមរាប៕
អត្ថបទនិងព័ត៌មាន ដោយនាយកដ្ឋានព័ត៌មាន







