វិមានរដ្ឋសភា៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុន TCV ដើម្បីពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រង ថែរក្សា និងការជួសជុលអគារ «ច» នៃរដ្ឋសភា ឱ្យមានប្រសិទ្ធភាព សុវត្ថិភាព និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែង។
ក្នុងកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុន TCV បានធ្វើរបាយការណ៍អំពីស្ថានភាពនៃការគ្រប់គ្រង និងថែទាំអគារ ព្រមទាំងបង្ហាញពីផែនការជួសជុល និងការកែលម្អផ្នែកបច្ចេកទេសមួយចំនួន ដើម្បីធានាឱ្យអគារមានគុណភាព សោភ័ណភាព និងដំណើរការបានល្អប្រសើរជាបន្តបន្ទាប់។
ឯកឧត្តម អគ្គលេខាធិការរដ្ឋសភា បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់លើការងារថែទាំ និងជួសជុលអគារ ដោយត្រូវអនុវត្តតាមស្តង់ដារបច្ចេកទេស ប្រកបដោយគុណភាព ទាន់ពេលវេលា និងធានាសុវត្ថិភាពខ្ពស់ ដើម្បីរក្សាបាននូវភាពរឹងមាំនៃអគារ និងបរិយាកាសការងារល្អសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធដែលចូលមកបំពេញការងារនៅរដ្ឋសភា។
ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិនិត្យលើបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅការងារមួយចំនួន ដើម្បីជំរុញការគ្រប់គ្រង ថែរក្សា និងជួសជុលអគារ «ច» ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព៕
