លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដមសន្ដិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកជំទាវ ង្វៀង ថាញ់ហៃ (Nguyen Thanh Hai) ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាននៃរដ្ឋសភាវៀតណាម នៅរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភាវៀតណាម នាទីក្រុងហាណូយ។
ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងពេលដែល លោកជំទាវ និងឯកឧត្តមសន្តិបណ្ឌិត ប្រធានគណៈកម្មការទំាងពីរនៃរដ្ឋសភាកម្ពុជា បានអមដំណើរសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងគោលបំណងពូនជ្រុំ រឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដោយយកប្រជាពលរដ្ឋជាស្នូល ក្រោមស្មារតី «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
ក្រោយពីបានពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ និងផ្លាស់ប្តូរបទពិសោធន៍លើការងារជាក់ស្តែងក្នុងការបំពេញមុខងារសំខាន់ៗរបស់រដ្ឋសភា ក៏ដូចជាការបំពេញតួនាទីភារកិច្ចរបស់គណៈកម្មការជំនាញនៃរដ្ឋសភា ប្រទេសនីមួយៗរួចមក សមភាគីទាំងពីរបានឯកភាពគ្នាបន្តជួបពិភាក្សាការងារជាមួយគ្នាជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការងារគណៈកម្មការ ក្នុងការបម្រើឧត្តមប្រយោជន៍ប្រទេសរៀងៗខ្លួន។
សូមបញ្ជាក់ថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ ឯកឧត្តម ជិន ថាញ់មិន (Trần Thanh Mẫn) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងគោលបំណងរឹតចំណង និងបន្តពូនជ្រុំមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។ ដំណើរទស្សនកិច្ចនេះ ទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសក្នុងការថែរក្សា និងពង្រឹងជំនឿទុកចិត្តផ្នែកនយោបាយ ព្រមទាំងជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យចេញជាលទ្ធផលជាក់ស្តែង ដែលនាំមកនូវឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាង៕
