Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញរដ្ឋសភាកម្ពុជានិងវៀតណាម ទទួលបន្ទុកវិស័យការពារជាតិនិងកិច្ចការបរទេស ជួបពិភាក្សាការងារដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារ និងចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក
គណៈកម្មការជំនាញរដ្ឋសភាកម្ពុជានិងវៀតណាម ទទួលបន្ទុកវិស័យការពារជាតិនិងកិច្ចការបរទេស ជួបពិភាក្សាការងារដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារ និងចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក
Prepaired By: NA0989 ​ Date: (8/6/2026 12:12:21 AM )

ក្នុងឱកាសអមដំណើរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន និងឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មការការបទេស សហប្រតិបត្តិការអន្យរជាតិ និងព័ត៍មាននៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយសមភាគី ឯកឧត្តម ឡេ តាន់ តឺយ (Lé Tan Toí) ប្រធានគណៈកម្មាធិការសន្តិសុខ ការពារជាតិ និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋសភាវៀតណាម នារសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភាវៀតណាម។
 
កិច្ចប្រជុំនេះគឺ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានគ្នារវាងគណៈកម្មការជំនាញរដ្ឋសភាប្រទេសទាំងពីរ ស្របតាមការឯកភាពរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ ជាពិសេសលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ជិន ថាញ់ មិន ប្រធានរដ្ឋសភាវៀតណាម និងជាឆ្លើយតបទៅនឹងការអនុវត្តជាក់ស្តែងនៃអនុសារណៈយោគយល់គ្នា (MoU) រវាងរដ្ឋសភាទាំងពីរ ក្នុងការជំរុញ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងមានប្រសិទ្ធភាព សំដៅបម្រើផលប្រយោជន៍កាន់តែច្រើនឡើងជូនប្រជាពលរដ្ឋទាំងសងខាង​។

បន្ទាប់ពីបានផ្លាស់ប្តូរបទពិសោធន៍លើការងារដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា លើការងារការពារជាតិ សន្តិសុខ និងការបរទេស រួចមក ឯកឧត្តម ឡឺ តាន់ តឺយ ប្រធានគណៈ បានឯកភាពគ្នាក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ច និងគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

 ជាមួយគ្នា​នេះ ឯកឧត្តមប្រធានគណៈកម្មការបានគាំទ្រចំពោះលទ្ធផលនៃជំនួបទ្វេភាគី ជាពិសេសការធ្វើវិសោធនកម្ម និងធ្វើបច្ចុប្បន្នភាព MoU រវាងរដ្ឋសភាទាំងពីរ ឱ្យស្របទៅនឹងសភាពការណ៍នៃប្រទេសទាំងពីរ ក៏ដូចជាសភាពការណ៍តំបន់ និងពិភពលោក ដែរ។ ឯកឧត្តម ឡឺ តាន់ តើយ បានលើកទឹកចិត្តដល់សមភាគីកម្ពុជា​ ចាប់ផ្តើមពិចារណា ក្នុងការកែសម្រួល MoU បានឱ្យទាន់ពេលវេលានៃការប្រារព្ធខួបលើកទី៦០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕