ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា អមដោយ ឯកឧត្តម ឃួន ដាវិត អគ្គលេខារងរដ្ឋសភា ព្រមទាំងមន្ត្រីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងឱកាសអមដំណើរសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Đoàn Thị Thanh Mai អនុប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃរដ្ឋសភាវៀតណាម។
កិច្ចពិភាក្សាដែលបានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភាវៀតណាម ក្នុងរដ្ឋធានីហាណូយ បានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ការងារជាមួយគ្នា ទាក់ទងនឹងការអនុម័តច្បាប់ថវិកាជាតិ ក៏ដូចជាតួនាទីរបស់គណៈកម្មការក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ។
កិច្ចប្រជុំនេះបានធ្វើឡើង ស្របតាមការឯកភាពរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ ក្នុងការជំរុញ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងស៊ីជម្រៅ មានប្រសិទ្ធភាពបម្រើផលប្រយោជន៍ពលរដ្ឋកាន់តែច្រើនឡើង ក្រោមស្មារតី «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
សូមជម្រាបថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ ឯកឧត្តម ជិន ថាញ់មិន (Trần Thanh Mẫn) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងគោលបំណងរឹតចំណង និងបន្តពូនជ្រុំមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។
ដំណើរទស្សនកិច្ចនេះ ទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសក្នុងការថែរក្សា និងពង្រឹងជំនឿទុកចិត្តផ្នែកនយោបាយ ព្រមទាំងជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យចេញជាលទ្ធផលជាក់ស្តែង ដែលនាំមកនូវឧត្តមផលប្រយោជន៍ ជូនប្រជាពលរដ្ឋ ទាំងសងខាង៕
