ខេត្តព្រៃវែង៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងសហការី នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្នុងជំនួបនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវការយកចិត្តទុកដាក់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាឃុំជាច ក្នុងការបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍមូលដ្ឋាន។
សម្តេចក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងសមាជិកក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍនៅក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ជាមួយគ្នានេះ សម្តេចបានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមប្រឹក្សាឃុំ បន្តយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
