ទីក្រុងយុនដេ សាធារណៈរដ្ឋកាមេរូន ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ – ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា បានអញ្ជើញចូលរួម កិច្ចប្រជុំគណៈកម្មការអប់រំ វប្បធម៌ និងទំនាក់ទំនង ក្នុងអំឡុងពេលចូលរួមសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នាទីក្រុងយុនដេ សាធារណៈរដ្ឋកាមេរូន។
កិច្ចប្រជុំនេះ មានសមាជិកសភានៃបណ្តាប្រទេសប្រើភាសាបារាំងចូលរួមចំនួនប្រមាណ ៣០រូប អញ្ជើញមកពី ២១ ក្រុមសភាជាតិនៃសភាប្រើភាសាបារាំង រួមមាន ប៊ុលហ្គារី ប៊ែលហ្សិក កម្ពុជា កាម៉េរូន កាណាដា កុងហ្កោ តូហ្កោ កូតឌីវ័រ ឆាដ បារាំង ស្វីស អង់ដ័រ អុងតារីយ៉ូ កង់តុងវ៉ាឡេ ម៉ូរីស ហ្សុយរ៉ា វ៉ាឡេដាអូស វ៉ែដ លុចសំបួរ សេណេហ្កាល់ រ៉ូមានី សមាគមគ្រូបង្រៀនកាមេរូន និងអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាកទំនង។
អង្គប្រជុំបានពិភាក្សាទៅលើការងារមួយចំនួនរួមមាន៖ ស្ថានភាពគ្រូបង្រៀនភាសាបារាំងនៅក្នុងពិភពលោក ការសិក្សាអំពីប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្លែងក្លាយ ការចុះអត្រានុកូលដ្ឋាននៅក្នុងប្រទេសកាមេរូន ការបង្រៀននៅក្នុងសម័យឌីជីថល និងការរកខ្លឹមសារវប្បធម៌ក្នុងបណ្តារប្រទេសប្រើភាសាបារាំង និងក្នុងស្រុក។
នាឱកាសនោះផងដែរ ឯកឧត្តម បានជម្រាបជូនអង្គប្រជុំអំពី ស្ថានភាពនៃវិស័យអប់រំ និងវប្បធម៌ នៃប្រទេសកម្ពុជា ក្នុងអំឡុងពេលនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា ដោយក្នុងនោះសាលារៀននៅតាមបណ្តោយព្រំដែនចំនួន១០១៧ ត្រូវបានបិទជាបណ្តោះអាសន្ន គ្រូបង្រៀន និងសិស្សានុសិស្សមួយចំនួនបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយត្រូវផ្អាកពីការបង្រៀន និងការសិក្សា ដែលអាចបង្កើតឱ្យមានហានិភ័យនៃការបោះបង់កាសិក្សា និងជំងឺថប់អារម្មណ៍។
ជាងនេះទៅទៀត ការវាយប្រហាតាមអាកាសពីសំណាក់យោធាថៃ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងប្រវត្តិសាស្ត្ររបស់យើង ជាពិសេសប្រាសាទព្រះវិហាដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ដែលបានចុះបញ្ជីក្នុងអង្គការយូណេស្កូ។ ឯកឧត្តម បានបញ្ជាក់ថាទីតាំងបុរាណស្ថានជុំវិញប្រាសាទចំនួន ៥៦២ ត្រូវបានខូចខាត។
ឯកឧត្តម ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការសិក្សាភាសាបារាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការនានាជាមួយដៃគូនៃប្រទេសប្រើភាសាបារាំង បញ្ហាប្រឈម និងអនុសាសន៍មួយចំនួនដើម្បីជំរុញឱ្យមានជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ការគាំទ្រដល់ភាសាបារាំងនៅប្រទេសកម្ពុជា។ ហើយប្រទេសកម្ពុជានឹងបើកមហាវិទ្យាល័យភាសាបារាំងជំនាញសេដ្ឋកិច្ច និងការគ្រប់គ្រងលំដាប់ពិភពលោក នាពេលខាងមុខឆាប់ៗនេះ។
ជាទីបញ្ចប់ ឯកឧត្តម បានជម្រាបជូនអង្គប្រជុំថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នាថ្ងៃទី១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ហើយក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការអប់រំ វប្បធម៌ និង ទំនាក់ទំនង នៃសភាប្រើភាសាបារាំង នាខែមេសា ឆ្នាំ២០២៧ ខាងមុខនេះ។