កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង រួមជាមួយក្រុមការងារ និងដោយមានការអមដំណើរពីអាជ្ញាធររដ្ឋបាលឃុំច្រេស កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញបានអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ដល់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតខ្លាំង ស្ថិតនៅភូមិសារាយអណ្ដែត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
គ្រួសារខាងលើនេះ មានកូនក្នុងបន្ទុកចំនួន៧នាក់ ដែលក្នុងនោះមាន ៦នាក់ កំពុងសិក្សា ប៉ុន្តែជួបការលំបាកខ្លាំងដោយសារខ្វះខាតមធ្យោបាយធ្វើដំណើរទៅសាលារៀន។ ឯកឧត្តមបណ្ឌិត បាននាំយកកង់ ០១ គ្រឿង សម្ភារសិក្សា និងថវិកាមួយចំនួនទៅឧបត្ថម្ភដល់ផ្ទះ ដើម្បី ជួយសម្រួល និងលើកទឹកចិត្តដល់ការរៀនសូត្ររបស់ក្មួយៗទាំង៦នាក់។
បន្ទាប់មក ឯកឧត្តមបណ្ឌិត និងក្រុមការងារ បានបន្តដំណើរអញ្ជើញទៅជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសែប ស្ថិតនៅភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ដើម្បីសិក្សាស្វែងយល់អំពីស្ថិតិប្រជាពលរដ្ឋគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ ស្ថានភាពប្រជាពលរដ្ឋចំណាកស្រុក និងបញ្ហាប្រឈមនានា ជុំវិញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។
នៅក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយសេចក្តីនឹករឭកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានដាក់ចេញនូវការណែនាំ លើកទឹកចិត្តសំខាន់ៗមួយចំនួនដល់មន្ត្រីនគរបាលប៉ុស្តិ៍រួមមាន៖
ការងារអត្តសញ្ញាណប័ណ្ណ៖ ត្រូវជំរុញការផ្សព្វផ្សាយ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ ឬអ្នកដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព ឱ្យរួសរាន់មកធ្វើថ្មីឡើងវិញ ដើម្បីត្រៀមលក្ខណៈបម្រើឱ្យការបោះឆ្នោតនាពេលខាងមុខ។
ការពង្រឹងសន្តិសុខមូលដ្ឋាន៖ ត្រូវបន្តពង្រឹងការយាមល្បាតដោយសហការជាមួយកម្លាំងប្រជាការពារភូមិ និងត្រូវកៀរគរប្រជាពលរដ្ឋ អាជីវករ ព្រមទាំងសប្បុរសជន ដើម្បីរួមគ្នាដំឡើងកាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវប្រសព្វ ទីប្រជុំជន ឬទីតាំងហានិភ័យ ក្នុងគោលបំណងងាយស្រួលតាមដានសកម្មភាពមិនប្រក្រតី និងអន្តរាគមន៍បង្ក្រាបបទល្មើសបានទាន់ពេលវេលា។
ការផ្តល់សេវាសាធារណៈ៖ ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា ការបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ ត្រូវតែធ្វើឡើងឱ្យបានលឿនរហ័ស ទាន់ពេលវេលា និងប្រកបដោយតម្លាភាពខ្ពស់បំផុតផងដែរ។









