(ខេត្តហ្វូជៀន, ប្រទេសចិន)៖ គណៈប្រតិភូមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ចំនួន ៧ រូប រួមជាមួយសិក្ខាកាមអន្តរជាតិដែលមកពី ៥ ប្រទេសផ្សេងទៀត រួមមាន ប្រទេសតួកគី អាស៊ែបៃហ្សង់ ស្រីលង្កា កេនយ៉ា និងសៀរ៉ាឡេអូន បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់ នៅទីតាំងប្រវត្តិសាស្ត្រនយោបាយ និងរដ្ឋបាលដ៏សំខាន់ចំនួនពីរ នៅក្នុងខេត្ត ហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន ដើម្បីដកស្រង់បទពិសោធន៍លើការដឹកនាំ និងការគ្រប់គ្រងរដ្ឋបាលទំនើប។
នៅក្នុងដំណើរទស្សនកិច្ចសិក្សានោះ គណៈប្រតិភូបានអញ្ជើញទៅកាន់ទីតាំងប្រវត្តិសាស្ត្រនៃសន្និសីទគូធាន (Gutian Conference Site) ដែលស្ថិតនៅទីរួមស្រុកគូធាន ស្រុកសាងហាំង ក្រុងឡុងយ៉ាន ដើម្បីសិក្សាស្វែងយល់ស៊ីជម្រៅអំពី «ស្មារតី សន្និសីទគូធាន» ដែលផ្តោត សំខាន់លើទស្សនទាននៃការកសាងបក្សផ្នែកមនោគមវិជ្ជា ការពង្រឹងកងទ័ពតាមទិសដៅនយោបាយ ការប្រកាន់ខ្ជាប់នូវគោលការណ៍ស្វែងរកការពិត និងការបង្កើតថ្មី ព្រមទាំងការរក្សាឱ្យបាននូវលក្ខណៈជឿនលឿនក្នុងការដឹកនាំ។
បន្ទាប់មក នៅរសៀលថ្ងៃដដែលគណៈប្រតិភូក៏បានបន្តដំណើរទៅកាន់សារមន្ទីរប្រវត្តិសាស្ត្រនៃ តំបន់សូវៀតមជ្ឈិម (ហ្វូជៀនខាងលិច) ស្ថិតនៅខណ្ឌស៊ីនឡួ ក្រុងឡុងយ៉ាន ដោយទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អៗពាក់ព័ន្ធនឹង «ការអនុវត្តអភិបាលកិច្ចក្រហម» និងទស្សនវិជ្ជានៃការបម្រើប្រជាជនដោយស្មោះត្រង់ ដែលជាគ្រឹះក្នុងការរៀបចំ រចនាសម្ព័ន្ធរដ្ឋបាលថ្នាក់មូលដ្ឋាន និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងមន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
ការចុះកម្មសិក្សាដ៏មានសារៈ សំខាន់របស់មន្ត្រីរដ្ឋសភាទាំង ៧ រូប នាពេលនេះ គឺជាផ្នែកមួយនៃ «សិក្ខាសាលាស្តីពីការកសាងសមត្ថភាពអភិបាលកិច្ចសម្រាប់បណ្តាប្រទេសនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI)» ដែល ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលរយៈពេល ៣ សប្តាហ៍នេះ ត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មចិន (MOFCOM) សហការជាមួយ មជ្ឈមណ្ឌលសហប្រតិបត្តិការ សេដ្ឋកិច្ចអន្តរជាតិខេត្តហ្វូជៀន។
ចំណេះដឹង និងបទពិសោធន៍ជឿនលឿនទាំងផ្នែកអភិបាលកិច្ចឌីជីថល និងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ដែលមន្ត្រីកម្ពុជាទទួលបាននឹងក្លាយជាទុនបន្ថែមដ៏សំខាន់ក្នុងការយកទៅវិភាគ គាំទ្រ និងជំរុញការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ជាងនេះទៅទៀត បេសកកម្មកសាងសមត្ថភាពមន្ត្រីជំនាញ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅពេលនេះ ក៏បានរួមចំណែក យ៉ាងសកម្មក្នុងការគាំទ្រដល់យុទ្ធសាស្ត្រការទូតសភា ក្នុងការរឹតចំណងមិត្តភាព «ដែកថែប» និងការពង្រឹងកិច្ចសហប្រតិបត្តិការ «សហគមន៍វាសនារួម កម្ពុជា-ចិន» ឱ្យកាន់តែស្អិតល្មួតឆ្លុះបញ្ចាំងពីតួនាទីស្នូលរបស់ស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងយុទ្ធសាស្ត្រតភ្ជាប់តំបន់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវផងដែរ៕











