ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីជូនភ្លើងបូជាសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ដែលត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ពិធីបូជាសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ស្ថិតនៅក្នុងវត្តមុនីប្រសិទ្ធិវង្ស សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ពិធីបូជាសពនេះក៏មានការអញ្ជើញចូលរួមពី សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាលផងដែរ។
គួរជម្រាបថា៖ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង បានទទួលមរណភាពកាលពីថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលា ម៉ោង០១ និង១២នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ។
នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំ នេះសម្តេច ឯកឧត្តម លោកជំទាវ ក៏បានចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងបានឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕