នីតិវិធីនៃការកសាងច្បាប់
Prepaired By: NA001 ​ Date: (3/31/2013 4:10:03 PM )

នីតិវិធីពិនិត្យ និង អនុម័តសេចក្តីព្រាងច្បាប់
ឬសេចក្តីស្នើច្បាប់

 

១-សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់

ក-សេចក្តីព្រាងច្បាប់

-ក្រសួងសាមីរៀបរៀងសេចក្តីព្រាងច្បាប់ម្នាក់ឯង ឬដោយសហការជាមួយក្រសួង ឬស្ថាប័នផ្សេងទៀតដែល ត្រូវបានសិក្សាដោយក្រុមអ្នកច្បាប់ ( ពិនិត្យធម្មនុញ្ញភាព និងច្បាប់ពាក់ព័ន្ធទាំងឡាយ ដែលនៅធរមាន )
-រួចបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី ។

-ការប្រជុំអាចធ្វើមួយលើក ឬច្រើនលើក ហើយត្រូវដាក់ជូនអង្គប្រជុំគណៈរដ្ឋមន្ត្រីពិនិត្យ និង សម្រេច ។

-នាយករដ្ឋមន្ត្រីត្រូវបំពេញទម្រង់បែបបទ ដើម្បីផ្ញើសេចក្តីព្រាងច្បាប់ជូនប្រធានរដ្ឋសភា មានជាអាទិ៍ អត្ថបទ សេចក្តីព្រាងច្បាប់ និងលិខិតស្នើសុំឱ្យរដ្ឋសភាពិនិត្យ និងអនុម័ត សេចក្តីថ្លែងហេតុ ដែលចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រី ។

ខ- សេចក្តីស្នើច្បាប់របស់តំណាងរាស្ត្រ ឬសមាជិកព្រឹទ្ធសភា

-តំណាងរាស្ត្រ ឬសមាជិកព្រឹទ្ធសភា អាចផ្តួចផ្តើមគំនិតធ្វើសេចក្តីស្នើច្បាប់ ។

-សេចក្តីស្នើច្បាប់ដើម ត្រូវបានដាក់ឱ្យក្រុមអ្នកជំនាញច្បាប់ដែលពាក់ព័ន្ធប្រជុំពិនិត្យ ពិភាក្សាអំពីធម្មនុញ្ញភាព និងបញ្ហាទាក់ទងទៅនឹងច្បាប់នានាជាធរមាន រហូតដល់សម្រេចបានជាសេចក្តីស្នើច្បាប់ចុងក្រោយ ។

-អ្នកតែងសេចក្តីស្នើច្បាប់ ឬតំណាងក្រុមតំណាងរាស្ត្រ ឬក្រុមសមាជិកព្រឹទ្ធសភាហត្ថលេខី ត្រូវធ្វើទម្រង់បែប បទផ្ញើជូនប្រធានរដ្ឋសភាមានជាអាទិ៍ ៖ អត្ថបទសេចក្តីស្នើច្បាប់ លិខិតស្នើសុំឱ្យរដ្ឋសភា ពិនិត្យ និងអនុម័ត និង សេចក្តីថ្លែងហេតុ ។  

 

២-នីតិវិធីពិនិត្យ និង អនុម័តច្បាប់នៅរដ្ឋសភា

ក-គណៈកម្មាធិការអចិន្ត្រៃយ៍

ប្រធានរដ្ឋសភាកោះប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ពិនិត្យ សម្រេច បញ្ជូនសេចក្តីព្រាងច្បាប់ ឬសេចក្តី ស្នើច្បាប់ឱ្យគណៈកម្មការជំនាញពិនិត្យ ។

ខ-គណៈកម្មការជំនាញ

-ប្រជុំពិនិត្យផ្ទៃក្នុង ។

-អាចរៀបចំវេទិកាសាធារណៈ ( ស្តាប់ និងប្រមូលអនុសាសន៍ពីសាធារណៈមតិ ) ។

-ប្រជុំជ៉ាមួយតំណាងរាជរដ្ឋាភិបាល ឬតំណាងក្រុមតំណាងរាស្ត្រ ឬក្រុមសមាជិកព្រឹទ្ធសភាហត្ថលេខីនៃសេចក្តីស្នើ ច្បាប់ ( ប្រជុំមួយលើក ឬច្រើនលើក កែប្រែ ឬរក្សាទុកទាំងស្រុង ) រួចអនុម័ត ព្រម ឬមិនព្រមដាក់ចូលសម័យ ប្រជុំរដ្ឋសភា ។

-កូរ៉ុមសម្រាប់ការប្រជុំគណៈកម្មការនានា ត្រូវឱ្យមានលើសពីពាក់កណ្តាលនៃចំនួនសមាជិកទាំងមូល ។ ឯការ អនុម័តត្រូវយកតាមសម្លេងភាគច្រើនដាច់ខាតនៃចំនួនសមាជិកគណៈកម្មការទាំងមូល ។

-គណៈកម្មការជំនាញធ្វើលិខិតជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ធ្វើរបាយការណ៍ អំពីលទ្ធផលនៃការ ពិនិត្យសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ។ 

គ- គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ប្រជុំពិនិត្យ និងអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា ។  

ឃ- សម័យប្រជុំរដ្ឋសភា

ឃ ១-រដ្ឋសភាអនុម័តព្រមបញ្ចូលក្នុងរបៀបវារៈ
ឃ ២ -ប្រធានគណៈកម្មការជំនាញរាយការណ៍អំពីលទ្ធផលការងាររបស់ខ្លួន ជូនរដ្ឋសភា
ឃ ៣ -ការពិភាក្សា និងអនុម័តត្រូវធ្វើដូចតទៅ ៖

-ពិភាក្សា និងអនុម័តលើខ្លឹមសារទាំងមូល គឺបញ្ចោញមតិថា តើគួរទទួលពិចារណាឬទេ ?

-ពិភាក្សា និងអនុម័តលើមាត្រាមួយម្តងៗ ឬលើជំពូកមួយម្តងៗ ដោយអានអត្ថបទសេចក្តីព្រាងច្បាប់ ឬសេចក្តី ស្នើច្បាប់ទាំងស្រុង ឬដោយធ្វើរបាយការណ៍សង្ខេប ខ្លឹមសារជំពូក មិនអានអត្ថបទ ឬ

-អង្គសភាអាចប្រើនីតិវិធីសង្ខេប ដោយពិភាក្សាតែមាត្រា ឬជំពូកណាដែលមានសំណើធ្វើវិសោធនកម្មជាលាយ- លក្ខណ៍អក្សរ

-តំណាងរាជរដ្ឋាភិបាល ឬតំណាងក្រុមតំណាងរាស្ត្រ ឬក្រុមសមាជិកព្រឹទ្ធសភាហត្ថលេខី និងប្រធានគណៈកម្មការ ជំនាញ សហការគ្នាការពារសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ ។

 

៣-ការបញ្ជន្ជូទៅព្រឹទ្ធសភាពិនិត្យ និង ឱ្យយោបល់

-អត្ថបទសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ដែលរដ្ឋសភាបានអនុម័តលើកដំបូងរួចហើយ ត្រូវបញ្ជូនទៅ ព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់ ។

-ព្រឹទ្ធសភាពិនិត្យ ហើយឱ្យយោបល់ក្នុងរយៈពេលមួយខែយ៉ាងយូរលើសេចក្តីព្រាងច្បាប់ ឬ សេចក្តីស្នើច្បាប់ដែល រដ្ឋសភាបានអនុម័តយល់ព្រមលើកដំបូងរួចហើយ ព្រមទាំងលើបញ្ហាទាំងពួងដែល រដ្ឋសភាបានដាក់ឱ្យពិនិត្យ ។ បើជាការប្រញាប់ រយៈពេលនោះត្រូវបន្ថយមកនៅត្រឹមតែប្រាំថ្ងៃ ។

-បើព្រឹទ្ធសភាបានឱ្យយោបល់យល់ព្រម ឬពុំបានឱ្យយោបល់សោះ ក្នុងរយៈពេលដែលមានកំណត់ទុកហើយនោះទេ ច្បាប់ដែលរដ្ឋសភាបានអនុម័តយល់ព្រមហើយនោះ នឹងត្រូវបានយកទៅ ប្រកាសឱ្យប្រើ ។

-បើព្រឹទ្ធសភាសុំឱ្យកែសម្រួលសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះ រដ្ឋសភាត្រូវយកមក ពិចារណាភ្លាមជា លើកទី២ ។ រដ្ឋសភាត្រូវពិនិត្យ និងសម្រេចតែត្រង់បទប្បញ្ញត្តិ ឬចំណុចណាដែល ព្រឹទ្ធសភាសុំឱ្យកែសម្រួល ដោយ បដិសេធចោលទាំងមូល ឬទុកជាបានការខ្លះ ។

-ការបង្វិលទៅបង្វិលមក រវាងព្រឹទ្ធសភា និងរដ្ឋសភា ត្រូវធ្វើតែក្នុងរយៈពេលមួយខែ ។ រយៈពេលនេះត្រូវបន្ថយមក ត្រឹមដប់ថ្ងៃ បើត្រូវពិនិត្យសម្រេចពីថវិកាជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែ ពីរថ្ងៃ បើជាការប្រញាប់ ។

-បើរដ្ឋសភាទុកឱ្យហួសរយៈពេលកំណត់ ឬពន្យារពេលដែលកំណត់ទុកសម្រាប់ពិនិត្យនោះ រយៈពេលជាគោលការណ៍ សម្រាប់រដ្ឋសភា និងព្រឹទ្ធសភា ត្រូវបន្ថែមឱ្យស្មើគ្នាដែរ ។

-បើព្រឹទ្ធសភាបដិសេធសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់នោះជាអសារបង់ រដ្ឋសភាមិនអាច នឹងយកមក ពិចារណាជាលើកទី២បាន មុនរយៈពេលមួយខែទេ ។ រយៈពេលនេះ ត្រូវបន្ថយមកត្រឹម១៥ថ្ងៃ បើពិនិត្យពីថវិកា ជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែបួនថ្ងៃ បើជាការប្រញាប់ ។

-ក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ជាលើកទី២នេះ រដ្ឋសភាត្រូវអនុម័តដោយ វិធីបោះឆ្នោតចំហ និងយកតាមមតិភាគច្រើនដាច់ខាត ។

-សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ណា ដែលបានសម្រេចដូចខាងលើនេះហើយនោះ នឹងត្រូវបានយកទៅ ប្រកាសឱ្យប្រើ ។

 

៤-នីតិវិធីប្រកាសឱ្យប្រើ

ប្រធានរដ្ឋសភា ត្រូវផ្ញើលិខិត និងឯកសារភ្ជាប់ជូននាយករដ្ឋមន្ត្រី ដើម្បីអោយចាត់ការតាម នីតិវិធី ស្នើសុំព្រះមហាក្សត្រ ទ្រង់ទ្បាយព្រះហស្តលេខា លើ ព្រះរាជក្រម ប្រកាសឱ្យប្រើ ។

ចំពោះច្បាប់រៀបចំអង្គការ បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ត្រូវផ្ញើជូន ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យអំពីធម្មនុញ្ញភាព ជាមុនសិន មុននឹងប្រកាសអោយប្រើ ។