លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសមាជិកសមាជិកាចុះសិក្សាស្វែងយល់ការងាររបស់ក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយបានជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តី។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជម្រាបជូនគណៈប្រតិភូរដ្ឋសភា ពីការងារដែលបានសម្រេចបាននាពេលកន្លងមក និងទិសដៅដែលត្រូវអនុវត្តបន្ត។ ទិសដៅអនុវត្តបន្ត ដែលជាចំនុចសំខាន់មួយនោះគឺនៅក្នុងនីតិកាលទី៦នៃរដ្ឋសភានេះ ក្រសួងរ៉ែ និងថាមពល រៀបចំសេចក្តីព្រាងច្បាប់ប្រេងកាត និងលិខិតបទដ្ឋានបច្ចេកទេសនានា ដើម្បីរៀបចំយន្តការសម្រាប់ធ្វើអាជីវកម្ម និងគ្រប់គ្រងធនធានរ៉ែនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា យន្តការច្បាប់ទំាងនោះនឹងជំរុញដល់ការវិនិយោគ ការដាក់ពិន័យ ការការពារបរិស្ថាន និងសង្គម ស្របតាម គោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ស៊ុយ សែម បានមានប្រសាសន៍បន្តថា វិស័យរ៉ែ និងថាមពល គឺជាសមិទ្ធផលថ្មីៗមួយ ដែលមានសក្តានុពលក្នុងការជួយជំរុញកំណើន សេដ្ឋកិច្ច និងសង្គម។ ចំពោះសមិទ្ធផលសំខាន់ៗ ដែលជាស្នាដៃរបស់ក្រសួងសម្រេចបាននាពេលកន្លងមក ក្នុងវិស័យថាមពលវិញនោះ ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងពីការដាក់ឲ្យដំណើរការវារីអគ្គិសនីសេសានក្រោម២ និងការសាងសង់ប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីជាតិ ដែលជំរុញឲ្យកម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនី ដល់ទៅប្រមាណជា៨០% នៃចំនួនភូមិទាំងអស់នៅទូទាំងប្រទេស។ ចាប់ពីដើមឆ្នាំ២០១៩នេះ រដ្ឋាភិបាលកម្ពុជា នឹងបញ្ចុះថ្លៃអគ្គិសនីផងដែរ និងមកដល់ពេលនេះ កម្ពុជាបានដាក់ឲ្យដំណើរការរោងចក្រស៊ីម៉ងត៍ចំនួន៤ ដែលមានសមត្ថភាពផលិតសរុប៧លានតោនក្នុង១ឆ្នាំ។ ក្រៅពីនេះ នៅគម្រោងមួយចំនួនទៀតបានកំពុងដំណើរការ និងត្រៀមដំណើរការ ដូចជាគម្រោងអាជីវកម្មរ៉ែមាស នៅខេត្តរតនគិរី ការរកឃើញរ៉ែមាសខ្នាតឧស្សាហកម្មនៅខេត្តមណ្ឌលគិរី ការសម្រេចជោគជ័យក្នុងការចរចាព្រមព្រៀងធ្វើអាជីវកម្មប្រេតកាតប្លុកA ដែលនឹង អាចចាប់ផ្តើមក្នុងឆ្នាំ២០១៩ ជាដើម។
លោកជំទាវ និន សាផុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងរ៉ែ និងថាមពល នាពេលកន្លង។ លោកជំទាវជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី និងសហការី ពីតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការឃ្លាំមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។ នៅក្នុងបេសកកម្មនេះ រដ្ឋសភាក៏នឹង ស្តាប់ពីទុក្ខលំបាក និងសំណូមពររបស់ក្រសួងផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តច្បាប់បានពេញលេញ ក្នុងការបម្រើប្រជាជន និងប្រទេសជាតិ។
ឆ្លើយតបគម្រោងតាក់តែងច្បាប់ស្តីពីប្រេងកាតរបស់ក្រសួងរ៉ែ និងថាមពលនោះ លោកជំទាវប្រធានគណៈកម្មការបានស្វាគមន៍ ហើយរដ្ឋសភាត្រៀម ចូលរួមសហការក្នុងការពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់តាមនីតិវិធី។ លោកជំទាវ និន សាផុន បានស្នើសុំដល់ក្រសួងខិតខំបំពេញភារកិច្ចរបស់ ខ្លួនបន្តទៀត ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន








