(ទីក្រុងណានឆាង, ខេត្តជាំងស៊ី, ប្រទេសចិន)៖ ក្នុងឱកាសនៃការចូលរួម «សិក្ខាសាលាស្តីពីការកសាងសមត្ថភាពអភិបាលកិច្ចសម្រាប់បណ្តាប្រទេសនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI)» គណៈប្រតិភូមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ចំនួន ៧ រូប រួមជាមួយសិក្ខាកាមអន្តរជាតិមកពី ៥ ប្រទេសផ្សេងទៀត (តួកគី អាស៊ែបៃហ្សង់ ស្រីលង្កា កេនយ៉ា និងសៀរ៉ាឡេអូន) នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នេះ បានបន្តធ្វើទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់នៅ សារមន្ទីររំលឹកអនុស្សាវរីយ៍ព្រឹត្តិការណ៍បះបោរថ្ងៃទី១ សីហា ណានឆាង ដែលជាទីតាំងប្រវត្តិសាស្ត្រនយោបាយ និងយោធាដ៏សំខាន់បំផុតមួយ ស្ថិតនៅចំកណ្តាលក្រុងណានឆាង ខេត្តជាំងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ទីតាំងប្រវត្តិសាស្ត្រនេះ ត្រូវបានស្គាល់ជាទូទៅថាជា «ទីកន្លែងដែលទង់កងទ័ពត្រូវបានបង្ហូតឡើងជាលើកដំបូង» ដើម្បីរំលឹកដល់ព្រឹត្តិការណ៍បះបោរក្រុងណានឆាង កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ១៩២៧។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គឺជាចំណុចចាប់ផ្តើមនៃការដឹកនាំការតស៊ូប្រដាប់អាវុធដេីម្បីឯករាជ្យរបស់បក្សកុម្មុយនីស្តចិន (CPC) និងជាគ្រឹះដ៏រឹងមាំក្នុងការបង្កើត «កងទ័ពរំដោះប្រជាជនចិន (PLA)»។
ស្មារតីថ្ងៃទី១ សីហា មិនត្រឹមតែជាការឆ្លងកាត់បទពិសោធន៍នៃសង្រ្គាមបដិវត្តន៍ដ៏វែងឆ្ងាយ ដែលបណ្តុះបាននូវថ្នាក់ដឹកនាំកំពូលៗរបស់បក្ស និងរដ្ឋចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្មារតីក្នុងការជំរុញការកែទម្រង់ និងការអភិវឌ្ឍប្រទេសចិន ឱ្យប្រែក្លាយជាប្រទេសសង្គមនិយមទំនើប និងខ្លាំងក្លានាពេលបច្ចុប្បន្ន។
ការសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រនៃការបង្កើតកងទ័ព និងការបង្រួបបង្រួមជាតិនៅសារមន្ទីរណានឆាង នាពេលនេះ គឺជាការបន្តស្វែងយល់បន្ថែមពីលើ «ស្មារតីសន្និសីទគូធាន» និង «ការអនុវត្តអភិបាលកិច្ចក្រហម» នៅខេត្តហ្វូជៀន ដែលគណៈប្រតិភូបានចុះសិក្សានាពេលកន្លងមក ក្នុងក្របខណ្ឌនៃវគ្គបណ្តុះបណ្តាលរយៈពេល ៣ សប្តាហ៍ (ចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦) ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មចិន (MOFCOM) សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិខេត្តហ្វូជៀន។
សូមបញ្ជាក់ដែរថា ការចូលរួម «សិក្ខាសាលាស្តីពីការកសាងសមត្ថភាពអភិបាលកិច្ចសម្រាប់បណ្តាប្រទេសនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI)» របស់ គណៈប្រតិភូមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ទាំង៧ រូប រយៈពេលប ៣ សប្តាហ៍នេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកដល់យុទ្ធសាស្ត្រការទូតសភា ក្នុងការរឹតចំណងមិត្តភាព «ដែកថែប» និងពង្រឹងកិច្ចសហប្រតិបត្តិការ «សហគមន៍វាសនារួម កម្ពុជា-ចិន» ឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រតភ្ជាប់តំបន់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ផងដែរ៕









