ខេត្តកំពង់ឆ្នាំង៖ ក្នុងស្មារតីបន្តជំរុញការអនុវត្ត កិច្ចការកំណែទម្រង់រដ្ឋបាលរដ្ឋសភាឱ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងបង្ខិតសេវាឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋនៅតាមមូលដ្ឋាន លោកជំទាវ កែ ច័ន្ទមុនី លេខាធិការគណៈកម្មការទី៧នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង,លោកជំទាវ កុប ម៉ារីយ៉ាស និង ឯកឧត្តម ឡុង ឈុនឡៃ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមជាមួយ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡេង ប៉េង ឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តកំពង់ឆ្នាំងថ្មី។
កម្មវិធីនាព្រឹកនេះ ត្រូវបានរៀបចំឡើងតាមបែបសាសនា និងទំនៀមទម្លាប់ប្រពៃណីខ្មែរ ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ ក្នុងដំណើរការសាងសង់ ឱ្យទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។ ក្រៅពីពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តកំពង់ឆ្នាំងថ្មី ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏បានប្រគល់សម្ភារៈការិយាល័យមួយចំនួនជូនប្រធានទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តកំពង់ឆ្នាំងដើម្បីប្រើប្រាស់ផងដែរ។
ការសាងសង់អគារទីស្នាក់ការរដ្ឋសភាថ្មីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណែទម្រង់ដ៏មុតស្រួចរបស់រដ្ឋសភា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ ក្នុងនោះ ទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តកំពង់ឆ្នាំងថ្មី ដែលនឹងលេចចេញជារូបរាងជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ នឹងបន្តរួមចំណែកលើកកម្ពស់បរិយាកាសការងារ បង្កលក្ខណៈងាយស្រួលដល់មន្ត្រីប្រចាំការក្នុងការបំពេញភារកិច្ចឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ វានឹងរួមចំណែកបង្កើនសមត្ថភាពក្នុងការផ្ដល់សេវារដ្ឋបាល និងបច្ចេកទេសជូនដល់តំណាងរាស្ត្រចុះបំពេញការងារក្នុងមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ តាមរយៈយន្តការ "ច្រកចេញ-ចូលតែមួយ" ដែលផ្ដល់នូវភាពងាយស្រួល ទាន់ពេលវេលា និងមានប្រសិទ្ធភាព សម្រាប់ប្រជាពលរដ្ឋក្នុងការទំនាក់ទំនង ឬដាក់ញត្តិផ្សេងៗ។
ក្រៅពីមណ្ឌលខេត្តកំពង់ឆ្នាំង អគ្គលេខាធិការដ្ឋានរដ្ឋសភាបាននឹងកំពុងបន្តអនុវត្តផែនការមេ ក្នុងការធ្វើទំនើបកម្មរដ្ឋបាលនៅតាមបណ្តាខេត្តនានា។ ជាក់ស្តែង មណ្ឌលខេត្តតាកែវ បានរៀបចំពិធីបញ្ចុះបឋមសិលារួចរាល់កាលពីពេលថ្មីៗនេះ ខណៈដែលមណ្ឌលខេត្តក្រចេះ និងខេត្តសៀមរាប នឹងឈានទៅបើកការដ្ឋានសាងសង់អគារទីស្នាក់ការថ្មីជាបន្តបន្ទាប់នាពេលខាងមុខ។
ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលនៅតាមមណ្ឌលខេត្តនេះ គឺជាសក្ខីភាពមួយបង្ហាញពីការ ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋសភា ក្នុងការធ្វើទំនើបកម្មស្ថាប័ន ដើម្បីធានាថា "សភាជារបស់ប្រជាជន បម្រើប្រជាជន" ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា៕