អន្តរគណៈកម្មការជំនាញនៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដេីម្បីពិនិត្យសិក្សាទៅលេីសេចក្តីព្រាងច្បាប់ ស្តីពីអាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានជម្រាបជូនអង្គប្រជុំថា ច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៨ បានដើរតួនាទីធ្វើជាមូលដ្ឋានគតិយុត្តគ្រឹះដ៏សំខាន់ សម្រាប់ការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា។ ប៉ុន្តែអាស្រ័យដោយមានការរីកចម្រើនឥតឈប់ឈរនូវបច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងវិស័យអាកាសចរណ៍សកល ច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលឆ្នាំ២០០៨នេះ ពុំបានគ្របដណ្តប់អស់នូវសកម្មភាពអាកាសចរណ៍ស៊ីវិលថ្មីៗ ដែលកំពុងមានការវិវត្តរីកចម្រើនយ៉ាងខ្លាំងនៅក្នុងពិភពលោកទេ ជាអាទិ៍ សកម្មភាពអាកាសយានគ្មានមនុស្សបើក ការងារពីលើអាកាស ការបណ្តុះបណ្តាលជំនាញបច្ចេកទេសអាកាសចរណ៍ ការងារឧតុនិយមអាកាសចរណ៍ រោងចក្រផលិតនិងអង្គភាពថែទាំបច្ចេកទេសអាកាសយាន ការបង្កើតនិងការអនុវត្តផែនការនិងកម្មវិធីសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ស៊ីវិល ការទទួលខុសត្រូវនិងធានារ៉ាប់រង និងការការពារបរិស្ថាន។
ម៉្យាងវិញទៀត ក្នុងកំឡុងពេលនៃការធ្វើសវនកម្មសុវត្ថិភាពអាកាសចរណ៍សកលនៅកម្ពុជា កាលពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ និងការចុះត្រួតពិនិត្យវាយតម្លៃផែនការកែតម្រូវសុវត្ថិភាពអាកាសចរណ៍ កាលពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក្រុមសវនកររបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិបានរកឃើញចំណុចខ្វះខាតមួយចំនួននៅក្នុងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលកម្ពុជា ឆ្នាំ២០០៨ ជាអាទិ៍៖
១-ពុំមានចែងគ្រប់គ្រាន់អំពីទោសប្បញ្ញត្តិ ជាពិសេសទោសប្បញ្ញត្តិដែលប្រព្រឹត្តដោយនីតិបុគ្គល។
២-ការតែងតាំងនិងសិទ្ធិអំណាចរបស់មន្ត្រីអធិការកិច្ចអាកាសចរណ៍។
៣-ការអនុវត្តមាត្រា៣ស្ទួន នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិពាក់ព័ន្ធនឹងការមិនប្រើប្រាស់អាវុធប្រឆាំងនឹងអាកាសយានស៊ីវិល និងមាត្រា៨៣ស្ទួន ស្តីពីការផ្ទេរមុខងារត្រួតពិនិត្យ អាកាសយានពីរដ្ឋចុះបញ្ជីមករដ្ឋប្រតិបត្តិករ។
៤-ការផ្តល់សេវាកម្មឧតុនិយមអាកាសចរណ៍និងសេវាកម្មការរុករកនិងសង្គ្រោះ។
៥-ការគ្រប់គ្រងកម្ពស់ឧបសគ្គនិងហ្វូងសត្វបង្កគ្រោះថ្នាក់ក្នុងតំបន់ជុំវិញអាកាសយានដ្ឋាន។
៦-សិទ្ធិអំណាចរបស់រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក្នុងការចេញលិខិតបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិបច្ចេកទេសអាកាសចរណ៍ស៊ីវិ។
ដើម្បីបំពេញនូវមូលដ្ឋានគតិយុត្តឱ្យបានគ្រប់គ្រាន់សម្រាប់គ្រប់គ្រងនិងអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា ស្របតាមនិន្នាការវិវត្តរីកចម្រើននៃវិស័យអាកាសចរណ៍ពិភពលោក និងដើម្បីបំពេញចំណុចខ្វះខាតដូចបានជម្រាបជូនខាងលើនេះ ទើបរាជរដ្ឋាភិបាលដែលមានរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាសេនាធិការ បានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ជាថ្មី។
សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ប្រតិបត្តិការអាកាសចរណ៍ស៊ីវិល ជំរុញការអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវអាកាសប្រកបដោយចីរភាព កាលានុវត្តភាពវិនិយោគ ការប្រកួតប្រជែង និងរួមចំណែកការពារបរិស្ថាន ព្រមទាំងលើកកម្ពស់ផលប្រយោជន៍សមស្របរបស់អ្នកប្រើប្រាស់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណា បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានពិនិត្យ ពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់យ៉ាងល្អិតល្អន់និងស៊ីជម្រៅ ដោយឈរលើមូលដ្ឋានធាតុចូលសំខាន់ៗ ដែលទទួលបានតាមរយៈការប្រជុំពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនពាក់ព័ន្ធវិស័យអាកាសចរណ៍ស៊ីវិល និងអ្នកជំនាញការច្បាប់អន្តរជាតិ វិស័យអាកាសចរណ៍ស៊ីវិល ហើយជាចុងក្រោយត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីបញ្ជូនទៅសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ ដែលរួមមាន ២៥ជំពូក និង១០៤មាត្រា។
ឯកឧត្ដមបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលមានការជឿជាក់ថា បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តនិងចូលជាធរមាន ច្បាប់នេះនឹងក្លាយជាឧបករណ៍គតិយុត្តមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ សម្រាប់វិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។























