Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការនិងព័ត៌មាន បន្តពង្រឹងការងារផ្តល់សេវាប្រកបដោយគុណភាពជូនថ្នាក់ដឹកនាំនិងសមាជិករដ្ឋសភា
អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការនិងព័ត៌មាន បន្តពង្រឹងការងារផ្តល់សេវាប្រកបដោយគុណភាពជូនថ្នាក់ដឹកនាំនិងសមាជិករដ្ឋសភា
Prepaired By: NA0989 ​ Date: (10/9/2025 8:20:39 PM )

អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការនិងព័ត៌មាននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រជុំបូកសរុបលទ្ធផលការងារដែលបានអនុវត្តកន្លងមកនិងលើកទិសដៅដែលត្រូវអនុវត្តបន្ត នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិតីភាព ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ទទួលបន្ទុកអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការនិងព័ត៌មាន។

 កិច្ចប្រជុំនេះក៏បានប្រកាសសមាសភាព អគ្គនាយករងនៃអគ្គនាយកដ្ឋានថ្មីមួយរូបបន្ថែមទៀត គឺលោកជំទាវ ឃួន ភីរ៉ាដា ដែលនឹងមកទទួលបន្ទុកការងារនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ។ អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ មាននាយកដ្ឋានចំណុះចំនួនបី នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នាយកដ្ឋានពិធីការ និងនាយកដ្ឋានព័ត៌មាន។ 

លោកជំទាវ ឃួន ភីរ៉ាដា បានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូន សម្តេចប្រធានរដ្ឋសភាដែលបានផ្តល់ទំនុកចិត្ដមកលើលោកជំទាវ ប្រគល់តួនាទីសំខាន់ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការនិងព័ត៌មាន។ លោកជំទាវបានបេ្តជ្ញាចិត្តយ៉ាងមុតមាំ ចូលរួមចំណែកបម្រើការងារឱ្យអស់ពីសមត្ថភាពនិងកម្លំាងកាយ ចិត្ត ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារអគ្គនាយកដ្ឋាន ដើម្បីផ្តល់សេវាជូនថ្នាក់ដឹកនាំនិងសមាជិករដ្ឋសភា ប្រកបដោយគុណភាព ស្របតាមចក្ខុវិស័យនៃការកែទម្រង់របស់រដ្ឋសភា។ 

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានវាយតម្លៃខ្ពស់លើលទ្ធផលការងាររបស់អគ្គនាយកដ្ឋាន ដែលបានបំពេញកន្លងមក ទទួលបានលទ្ធផលជាទីមោទនៈ។ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទំាងអស់បន្តសហការគ្នា បំពេញភារកិច្ចស្នូលរបស់ខ្លួនឱ្យទទួលបានលទ្ធផលថ្មីៗ បន្ថែមទៀត ។ ប្រកាន់ខ្ជាប់ការគោរពវិន័យ មានសាគ្គីភាពល្អ និងទទួលខុសត្រូវខ្ពស់លើភារកិច្ចរបស់ខ្លួន។ 

ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរងប្រចាំការ បានស្នើដល់ ឯកឧត្តមអគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានទាំងបី រៀបចំផែនការសកម្មភាពបន្ត លើកឡើងពីគម្រោងដែលត្រូវអនុវត្តឱ្យបានល្អិតល្អន់ ដូចជាគម្រោងបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្រ្តី ដើម្បីឆ្លើយតបតម្រូវការការងារ ដោយសារការរីកចម្រើនបច្ចេកវិទ្យា និងសង្គមជាតិ ការបណ្តុះបណ្តាលនិងបំប៉នសមត្ថភាព គឺជាកិច្ចការសំខាន់មិនអាចរំលងបានឡើយ៕