សារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ ផ្ញេីសារលិខិតអបអរសាទរ​ ជូនចំពោះ​ ឯកឧត្តម ជិន ថាញ់មិន​ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ វិស័យការទូតសភា បានចូលរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ​ និងការដោះស្រាយបញ្ហានានាជូនមនុស្សជាតិលើសកលលោក ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព
អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំកម្មវិធីចែករំលែកបទពិសោធស្តីពី វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (5/3/2024 12:38:39 AM )
អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីចែករំលែកបទពិសោធ៖ វិធីសាស្ត្ររៀបចំសំណេរតាក់តែងជម្រើសគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព ជូនដល់សិក្ខាកាមចំនួន៥៣រូប ក្នុងគោលបំណងបំពាក់បំប៉នដល់ថ្នាក់ដឹកនាំ​ និងមន្ត្រីបង្គោល នៃនាយកដ្ឋានទាំង៤ចំណុះអ.ន.ស.នូវចំណេះដឹង និងយន្តូបករណ៍ចាំបាច់ ក្នុងការតាក់តែងខ្លឹមសារជម្រើសគោលនយោបាយដែលមានឥទ្ធិពល​ និងផ្តល់ផលជះជាវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច។
 
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានអញ្ជើញជាអធិបតីបើកកម្មវិធីនេះ ឯកឧត្តមបានលើកឡើងថា ការបង្កើតគោលនយោបាយនានា គឺជាការសម្រេចចិត្តកំពូលក្នុងការកំណត់អនាគតនៃសហគមន៍មួយ ប្រជាជាតិមួយ សង្គមមួយ ដែលទាមទារនូវការសិក្សា ពិនិត្យ និងពិចារណា លើគ្រប់ទិដ្ឋភាព ទាំងទិដ្ឋភាព ច្បាប់-នយោបាយ សង្គម សេដ្ឋកិច្ច។ល។ ដូច្នេះប្រសិទ្ធភាពនៃការរៀបចំឬតាក់តែងគោលនយោបាយ គឺមានទំនាក់ទំនងស៊ីជម្រៅទៅនឹងភាពប្រត្យក្សនៃទិដ្ឋភាពទូលំទូលាយ ក៏រួមទាំងការស្វែងយល់ ថ្លឹងថ្លែងផងដែរ ចំពោះកត្តាប្រឈម និងផលជះត្រឡប់ ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង។
 
ឯកឧត្តមបណ្ឌិត បានបង្ហាញពីសារៈសំខាន់នៃកម្មវិធីចែករំលែកបទពិសោធនេះ ពិសេសជាមួយនឹងវត្តមានរបស់វាគ្មិនទាំងពីររូបគឺ លោក បណ្ឌិត អ៊ុន លាងព្រឹទ្ធបុរស នៃមហាវិទ្យាល័យសង្គម និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោក​ បណ្ឌិត ប៉ូ សុវីនដា ប្រធានមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃវិទ្យាស្ថានសិក្សាអន្តរជាតិ​ និងគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលលោកបានចូលរួមជំរុញ និងលើកកម្ពស់វិជ្ជាជីវៈស្រាវជ្រាវដល់មន្ត្រីរដ្ឋសភា ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិតាមរយៈការសម្រួចខ្លឹមសារឯកសារ។
 
ជារួម Policy Brief អាចប្រើប្រាស់ជាជំនួយស្មារតី ជូនអ្នកតាក់តែងគោលនយោបាយ ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋសភា ក្នុងការសម្រេចចិត្តដាក់ចេញនូវជម្រើសដែលមានប្រយោជន៍​ និងអាចអនុវត្តទៅបាននៅមុខងារទាំង៣របស់រដ្ឋសភា។ ដូច្នេះ Policy Brief ទាមទារនូវអំណះអំណាងច្បាស់លាស់ ក្នុងទម្រង់ខ្លី-ខ្លឹម ដែលអ្នកស្រាវជ្រាវ ត្រូវមានភាពវៃឆ្លាត លើការប្រើប្រាស់ វិធីសាស្ត្រ និងការរចនាតាក់តែង ក៏ដូចជាការស្វែងយល់ពីរបៀបដើម្បីបំបែកព័ត៌មានដ៏ច្រើនទៅជាការរៀបរាប់សង្ខេប និងមានភាពទាក់ទាញ។
 
ឯកឧត្តមបណ្ឌិតបានបន្តទៀតថា នេះមិនគ្រាន់តែជាការសិក្សាអំពីបច្ចេកទេសនៃការសរសេរ- តាក់តែងជម្រើសគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចាប់យកនូវផ្នត់គំនិតជាប្រជាពលរដ្ឋសកម្ម​ (active citizen) ក៏ដូចជាមន្ត្រីសកម្មក្នុងការបណ្តុះស្មារតី រួមចំណែកដល់ការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈបរិបទនៃតាក់តែងគោលនយោបាយ។
 
ទន្ទឹមនឹងគ្នានេះដែរ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដែលទទួលបានក្នុងថ្ងៃនេះ អាចរួមចំណែកពង្រឹងសមត្ថភាពមន្រ្តីក្នុងការផលិតឯកសារស្រាវជ្រាវ ក៏ដូចជាផលិតខ្លឹមសារ ជម្រើសគោលនយោបាយកាន់តែល្អប្រសើរទៅតាមការស្នើសុំរបស់អតិថិជន ព្រមទាំងលើកទឹកចិត្តសិក្ខាកាមបន្តពង្រឹងជំនាញ សំដៅបង្កើនគុណភាព និងរក្សាផ្នត់គំនិតរៀនសូត្រជាប្រចាំ(life-long learning)។
 
អង្គពិធីបានដំណើការទៅដោយមានការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពីវាគ្មិនជំនាញ ជាមួយនឹងការពិភាក្សាគ្នាយ៉ាងផុលផុសពីសិក្ខាកាម និងបានបិទបញ្ចប់ប្រកបដោយមោទនភាព ជាមួយនឹងក្ដីរំពឹងថា សេវាស្រាវជ្រាវសភា នឹងកាន់តែទទួលបាននូវការទទួលស្គាល់កាន់តែទូលំទូលាយ ក្នុងការ ផ្តល់សេវាជូនរដ្ឋសភា ហើយមុខងារសភា នឹងរឹតតែត្រូវបានពង្រឹង ជាពិសេសមុខងារតាមដាន តាមរយៈសេវាខ្លឹមសារផ្តល់ជូនក្នុង ទម្រង់ជម្រើសនៃគោលនយោបាយ ដែលអង្គសភាអាចស្វែងយល់អំពីជម្រើសគោលនយោបាយលេចធ្លោ ឆ្លើយតបនឹងតម្រូវការរបស់ថ្នាក់ដឹកនាំរដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា​ ៕