Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញដល់ប្រទេសចិនដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសភាតំណាងប្រជាជនចិន
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញដល់ប្រទេសចិនដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសភាតំណាងប្រជាជនចិន
Prepaired By: NA002 ​ Date: (9/23/2024 12:56:57 AM )
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅល្ងាចថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤នេះ បានអញ្ជើញដល់ទីក្រុងប៉េកំាងប្រកបដោយសុវត្ថិភាព នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព រយៈពេល៥ថ្ងៃ នៅទីក្រុងប៉េកំាង និងក្រុងសៀងហៃ តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស។
 
នៅអាកាសយានដ្ឋានអន្តរជាតិនាទីក្រុងប៉េកំាង គណៈប្រតិភូ បានទទួលការស្វាគមន៍និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីភាគីមិត្តចិន។ លោកជំទាវ ពូ សៀវលិន (Bu Xiaolin) អនុប្រធានគណៈកម្មាធិការការពារបរិស្ថាន និងអភិរក្សធនាធាននិងជាសមាជិកនៃក្រុមមិត្តភាពសភាចិន-កម្ពុជា និងមន្រ្តីជាច្រើនរូបទៀត បានអញ្ជើញមកទទួលស្វាគមន៍និងធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ជូនគណៈប្រតិភូរដ្ឋសភាកម្ពុជា។ នៅក្នុងឱកាសនោះ ក៏មានវត្តមានលោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសចិនរួមទាំងសហការីស្ថានទូតជាច្រើននាក់ទៀត ក៏បានអញ្ជើញមកទទួលស្វាគមន៍ដំណើរ ទស្សនកិច្ច របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាផងដែរ។
 
នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ស្អែកនេះ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា នឹងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី នៅវិមានសភា តំណាងប្រជាជនចិន។ ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទំាងពីរផងដែរ។ ឯកសារទាំងពីរនេះ នឹងផ្តល់លទ្ធភាពកាន់តែទូលំទូលាយថែមទៀត ដល់ការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការចែករំលែកបទពិសោធន៍ការងារពីគ្នាទៅវិញ ទៅមកនៅគ្រប់កម្រិត រវាងសភាប្រទេសទំាងពីរ។
 
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅរដ្ឋធានីប៉េកំាង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងបន្តដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសៀងហៃ ដែលនៅទីនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹង អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈិន ជីនីង (Chen Jining) លេខាធិការនៃគណៈកម្មាធិការ គណបក្សកុម្មុយនីស្តចិន ប្រចាំទីក្រុងសៀងហៃ និងភាគីមិត្តចិនមួយចំនួនទៀត៕