តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាតំណាងប្រជាជនចិន ទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភា នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ស្របតាមស្មារតីនៃចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំឡើងជាលំដាប់ សំដៅបម្រើផលប្រយោជន៍ជូនប្រទេស និងប្រជាជន ទំាងសងខាងឱ្យបានកាន់តែផុលផុសឡើង។
តាមគម្រោងក្នុងដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិការធិបតី នឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិ នៃសាធារណរដ្ឋប្រជាមានិតចិន មានជាអាទិ៍ ជួបសម្តែងការគួរសម ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានគណៈកម្មាធិការ ជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនទូទំាងប្រទេសចិន និងជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស។
ប្រធានរដ្ឋសភាកម្ពុជា-ចិន ក៏គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋសភាប្រទេសទំាងពីរ ដែលនឹងផ្តល់លទ្ធភាពកាន់តែ ទូលំទូលាយ ថែមទៀតដល់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ចនិងការចែករំលែកបទពិសោធន៍ការងារ ពីគ្នាទៅវិញទៅមកនៅគ្រប់កម្រិត។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងសមភាគី ឯកឧត្តម ចាវ ឡឺជី ក៏នឹងអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទំាងពីរ ផងដែរ។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅទីក្រុងប៉េកាំង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី នឹងបន្តទស្សនកិច្ចនៅទីក្រុងសៀងហៃ ដែលនៅទីនោះ សម្តេចរដ្ឋសភាធិបតី នឹងទទួលជួបពិភាក្សាការងារជាមួយ មូយភាគីមិត្តចិន មួយចំនួនទៀត។
អំឡុងពេលទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងអញ្ជើញទៅ ទស្សនាតំបន់វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្មសំខាន់ៗ ទំាងនៅទីក្រុងប៉េកំាងនិងក្រុងសៀងហៃ ដែលជាផ្នែកមួយសំខាន់នៃការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលជាគ្រឹះនៃការពង្រឹង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរលើគ្រប់វិស័យ មានទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំនិង បច្ចេកវិទ្យាជាដើម៕