Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា
ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា
Prepaired By: NA002 ​ Date: (9/4/2024 7:40:21 PM )
នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា​ បានជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម ប៉ាន សូរស័ក្តិ និងឯកឧត្តម ទី សុគន្ធ និងក្រុមការងារអនុគណៈកម្មការប្រតិបត្តិនៃគណៈកម្មការដឹកនាំ និងរៀបចំសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន​ និងសន្តិភាព (IPTP) លើកទី១១ និងបានពិភាក្សាអំពីការអញ្ជើញ សមាជិករដ្ឋសភាតំណាងប្រជាជនចិន មកចូលរួមនៅក្នុងសម័យប្រជុំពេញអង្គ IPTP លើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមគំនិតផ្តួចផ្តើមអំពីសន្តិភាព ដែលកម្ពុជាអាចចែករំលែកបទពិសោធ ជាក់ស្តែងក្នុងការកសាង​ និងថែរក្សាសន្តិភាពទៅកាន់ពិភពលោក។
 
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា បានកោតសរសើរ​ និងអបអរសាទរ ឯកឧត្តម Wang Wenbin ដែលជាអតីតអ្នកនាំពាក្យដ៏ចំណានរបស់ក្រសួងការបរទេសចិន និងបច្ចុប្បន្ននេះជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ឯកឧត្តមប្រធានគណៈកម្មការទី៥ ក៏បានលើកឡើងអំពីទស្សនកិច្ចរបស់ លោកជំទាវ ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភា តំណាងប្រជាជនចិនក្រុងសៀងហៃ មកកម្ពុជា ដោយលោកជំទាវ បានអញ្ជើញទៅទស្សនាតំបន់វប្បធម៌ប្រវត្តិសាស្ត្រ ដូចជាប្រាសាទអង្គរវត្ត និងសារមន្ទីរជាតិ ផងដែរ។ ឯកឧត្តមប្រធានគណៈកម្មការទី៥នៃរដ្ឋសភា ក៏បានបន្តលើកឡើងអំពីកិច្ចសហប្រតិបតិ្តការដ៏ល្អរវាងប្រទេសទាំងពីរ និងរំលេចផងដែរថា ឆ្នាំ២០២៤នេះ ជាឆ្នាំផ្លាស់ប្តូរប្រជាជន​ និងប្រជាជន​ នៃប្រទេសទាំងពីរ។
 
ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានអរគុណភាគីកម្ពុជា ក៏ដូចជា​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលបានរៀបចំទទួល គណៈប្រតិភូដឹកនាំដោយ លោកជំទាវ ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនក្រុងសៀងហៃ យ៉ាងកក់ក្តៅ ព្រមទាំងសម្រេចបានលទ្ធផលគួរជាទីគាប់ចិត្តផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត សង្ឃឹមថាទស្សនកិច្ចរបស់សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា ទៅទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នាពេលខាងមុខ នឹងចូលរួមចំណែករឹតចំណងមិត្តភាពរវាងប្រទេស​ និងប្រជាជនទាំងពីរឱ្យកាន់ស្អិតល្មួត បន្ថែមទៀត។