Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖ ការជួបជុំគ្រួសារកាកបាទក្រហមអាស៊ីអាគ្នេយ៍ ដើម្បីបង្កើតសម្ព័ន្ធភាពដ៏មានឥទ្ធិពលជាកម្លំាងមនុស្សធម៌ជួយពលរដ្ឋរងគ្រោះ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖ ការជួបជុំគ្រួសារកាកបាទក្រហមអាស៊ីអាគ្នេយ៍ ដើម្បីបង្កើតសម្ព័ន្ធភាពដ៏មានឥទ្ធិពលជាកម្លំាងមនុស្សធម៌ជួយពលរដ្ឋរងគ្រោះ
Prepaired By: NARA1472 ​ Date: (9/21/2023 7:10:13 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានអញ្ជើញជាអធិបតី ក្នុងពិធីលៀងសាយភោជន៍ ជូនប្រតិភូអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
 
ពិធីលៀងសាយភោជន៍នេះ បានប្រារព្ធធ្វើឡើងនៅអគារពាណិជ្ជកម្ម មេគង្គវីយូ ក្នុងរាជធានីភ្នំពេញ ត្រើយខាងកើតទន្លេសាប។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណចំពោះការគាំទ្រ និងការចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចប្រជុំពេញមួយថ្ងៃមកនេះ របស់គណៈប្រតិភូទាំងអស់។ 
 
សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា ការចូលរួមគ្រប់ភាគីពាក់ព័ន្ធនៅពេលនេះ បានបញ្ជាក់ពីសារៈសំខាន់ដ៏ចម្បងដែលបានភ្ជាប់ទៅនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាអ្នកដឹកនាំក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមដើម្បីសង្គមជាតិ នៃកម្លំាងមនុស្សធម៌។ ការងារមនុស្សធម៌បានស្ថិតនៅក្នុងបេះដូងរបស់សម្តេចប្រធានរដ្ឋសភាជានិច្ច។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា ទោះបីនៅពេលនេះ សម្តេចមានកិត្តិយសបំពេញភារកិច្ចបន្ថែមក្នុងការដឹកនាំរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាក្តី ក៏បេះដូងរបស់សម្តេចនៅជាមួយកាកបាទក្រហមកម្ពុជា និងមានទំនាក់ទំនងជានិច្ចជាមួយសហការីជាតិ អន្តរជាតិ ទំាងអស់ ក្នុងការចូលរួមចំណែកលើកកម្ពស់សកម្មភាពមនុស្សធម៌។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការសហការគ្នារវាងភាគីពាក់ព័ន្ធជាច្រើន គឺជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់យុវជន ដែលបានផ្តួចផ្តើមគំនិតល្អៗជាច្រើន នៅក្នុងវេទិកាយុវជនលើកទី២ ប៉ុន្មានថ្ងៃមកនេះ ដូចជា ចលនាដាំដើមឈើ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការពង្រឹង និងថែរក្សាសហគមន៍ ទប់ស្កាត់ និងកាត់បន្ថយគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងព្យុះជាដើម។ ការចូលរួមរបស់យុវជនក្នុងការងារមនុស្សធម៌គឺជាសញ្ញានៃក្តីសង្ឃឹម និងគួរឱ្យស្ងើចសរសើរ។

សម្តេចរដ្ឋសភាធិបតី បានលើកទឹកចិត្តដល់យុវជនឱ្យបន្តសកម្មភាពមនុស្សធម៌ដ៏មានតម្លៃនេះទៀត។ ការរៀនសូត្រ និងការសហការគ្នារវាងមនុស្សគ្រប់ជំនាន់ ដើរតួនាទីយ៉ាងសំខាន់ទៅរកភាពជោគជ័យ ដូចពាក្យខ្មែរពោលថា "មនុស្សចាស់ស្គាល់ផ្លូវ យុវជនមានថាមពល"។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងនោះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ប្រារព្ធធ្វើពីរថ្ងៃគឺនៅថ្ងៃទី២១ និង២២កញ្ញា។

កិច្ចប្រជុំកាកបាទក្រហមកម្រិតអន្តរជាតិនេះ ប្រារព្ធធ្វើឡើងដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពការងារកន្លងមក ជាពិសេស ការធ្វើឱ្យប្រសើរឡើងនូវដំណោះស្រាយវិបត្តិមនុស្សធម៌ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ផលវិបាកនៃជំងឺកូវីដ-១៩ កត្តាភូមិសាស្រ្តនយោបាយ បញ្ហាសង្រ្គាមពាណិជ្ជកម្ម និងវិបត្តិនៃសេដ្ឋកិច្ចសកលជាដើម ដោយមានការចូលរួមពីប្រតិភូសហព័ន្ធអន្តរជាតិ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងប្រធានប្រតិភូ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស និងអ្នកពាក់ព័ន្ធជាច្រើនទៀត ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន