ក្នុងឆ្នាំ២០១៨ ផ្ទៃដីដាំដុះដំណាំកសិកម្មទូទាំងខេត្តប៉ៃលិនមានចំនួន៨២៧៣២ហិកតា ដែលមានទិន្នផលជាមធ្យមជាង៣តោនក្នុង១ហិកតា។ នេះជា ការលើកឡើងរបស់ថ្នាក់ដឹកនាំខេត្តប៉ៃលិន ជម្រាបជូនគណៈប្រតិភូគណៈកម្មការជំនាញរដ្ឋសភាគឺគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដែលមាន ឯកឧត្តម ជា វ៉ាន់ដេត ជាប្រធាន បានដឹកនាំសមាជិកចុះសិក្សាស្វែងយល់ការងារ ដែលគណៈកម្មការទទួលបន្ទុកនៅក្នុងខេត្តប៉ៃលិន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍បន្ថែមថា ប្រជាកសិករខេត្តប៉ៃលិន បានដាំដុះដំណាំកសិកម្មជាច្រើនមុខ មានការធ្វើស្រូវរដូវប្រាំង រដូវវស្សា ដំណាំពោត ដំឡូងមី ដំណាំហូបផ្លែ មៀនតាង៉ែន ស្វាយ កៅស៊ូជាដើម។ ការដំាដុះនៅឆ្នាំ២០១៨ កន្លងមកនេះ បើធៀបឆ្នាំ២០១៧ មានការកើនឡើងចំនួន៤,៥%។ លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា សម្រាប់ការងាររដ្ឋបាលព្រៃឈើ និងជលផលខេត្តវិញ អាជ្ញាធរជំនាញបានចែកកូនឈើជូនប្រជាពលរដ្ឋ តាមមន្ទីរពេទ្យ សាលារៀន វត្តអារាម ធ្វើការដំាដុះ ក្នុងការចូលរួមថែរក្សាបរិស្ថានប៉ៃតង។ អាជ្ញាធរ បានជំរុញលើកទឹកចិត្តដល់ពលរដ្ឋជីកស្រះចិញ្ចឹមត្រី និងចូលរួមការពារបឹង ស្រះធម្មជាតិ ដែលជាជម្រកត្រីឲ្យបានល្អ ក្នុងការគ្រប់គ្រងស្បៀងអាហារ ក្នុងសហគមន៍។
ទោះយ៉ាងណាដំណាំកសិកម្មនៅក្នុងខេត្តប៉ៃលិន ក៏ជួបបញ្ហាប្រឈមមួយចំនួន ដែលមានដូចជាការបំផ្លាញដោយសត្វល្អិត និងការប្រែប្រួលតម្លៃតាម មាត់ឈ្មួញជាដើម។ ឯកឧត្តម ជា វ៉ាន់ដេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានានៅក្នុងខេត្តប៉ៃលិន។ ក្នុងនាមជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការដែលទទួលបន្ទុកវិស័យកសិកម្ម អភិវឌ្ឍន៍ជនបទជាដើមនោះ ឯកឧត្តមបានគូសបញ្ជាក់ថា នឹងពាំនាំផលលំបាកដែលមាន នៅក្នុងខេត្តប៉ៃលិននេះទៅជម្រាបជូនសម្តេចប្រធានរដ្ឋសភា ដើម្បីស្នើសូមរាជរដ្ឋាភិបាលដោះស្រាយ។
បន្ទាប់មក ឯកឧត្តម ជា វ៉ាន់ដេត និងប្រតិភូ បានចុះពិនិត្យមើលសត្តឃាតដ្ឋាន កសិដ្ឋានចិញ្ចឹមជ្រូក និងបានចុះពិនិត្យសិក្សាស្វែងយល់តំបន់ បេតិកភណ្ឌ័វប្បធម៌ធម្មជាតិភ្នំយ៉ាត។ ចុះពិនិត្យផ្លូវលំ នៅភូមិកេះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន












