ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិកម្ពុជា នឹងអញ្ជើញចូលរួមក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង (Assemblée Parlementaire de la Francophonie - APF) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅទីក្រុងយុនដេ (Yaoundé) នៃសាធារណរដ្ឋកាមេរូន។
គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា APF អមដោយឯកឧត្តម ឈាង វុន អនុប្រធានក្រុមសភាជាតិកម្ពុជាAPF ឯកឧត្តម កែប ជុតិមា និងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
របៀបវារៈ និងប្រធានបទស្នូលនៃសម័យប្រជុំប្រចាំឆ្នាំលើកទី៥១នេះ នឹងផ្តោតលើប្រធានបទគន្លឹះចំនួនពីរ គឺពហុភាគីនិយម និងអធិបតេយ្យភាពរដ្ឋ និងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍ និងសាមគ្គីភាពហ្វ្រង់កូហ្វូនី៖ តើការប្តេជ្ញាចិត្តអ្វីខ្លះនៅក្នុងពិភពលោកដែលកំពុងឆ្លងកាត់វិបត្តិ?
ក្នុងគោលបំណងការពារផលប្រយោជន៍ជាតិ និងចែករំលែកបទពិសោធន៍របស់កម្ពុជា ឯកឧត្តម អ៊ុច បូររិទ្ធ គ្រោងនឹងថ្លែងសុន្ទរកថាគន្លឹះផ្តោតលើប្រធានបទ «ពហុភាគីនិយម និងអធិបតេយ្យភាពរដ្ឋ» ដើម្បីបង្ហាញពីគោលជំហររបស់កម្ពុជាលើការគោរពច្បាប់អន្តរជាតិ។ខណៈឯកឧត្តម ឈាង វុន ក៏នឹងឡើងថ្លែងសុន្ទរកថាស្តីអំពី «ផលប៉ះពាល់នៃអំពើឈ្លានពានរបស់ថៃ លើវិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែន»។
ចំណែកឯកឧត្តម កែប ជុតិមា ក៏គ្រោងថ្លែងសុន្ទរកថាស្តីពី «ផលប៉ះពាល់នៃអំពើឈ្លានពានរបស់ថៃ លើវិស័យអប់រំ វិស័យវប្បធម៌ និងបញ្ហាព័ត៌មានមិនពិតនៅកម្ពុជា»។
សូមជម្រាបថា៖ ការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជានាពេលនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ពហុភាគីនិយម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនី (បណ្តាប្រទេសប្រើប្រាស់ភាសាបារាំង)។
ទន្ទឹមនឹងនេះ កម្ពុជានឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលផ្អែកលើការគោរពអធិបតេយ្យភាពរដ្ឋ បូរណភាពទឹកដី និងច្បាប់អន្តរជាតិ រួមទាំងការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្ត្រជាតិ និងចក្ខុវិស័យអភិវឌ្ឍន៍ទៅអនាគតរបស់កម្ពុជា។ តាមរយៈវេទិកាសកលមួយនេះ កម្ពុជានឹងបន្តពង្រឹងទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយ បណ្តាប្រទេសជាសមាជិក APF ទាំងអស់ ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរួមនៅក្នុងពិភពលោក៕
