ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានគណៈកម្មការសុខាភិបាលរដ្ឋសភា ស្នើដល់មន្រ្តីសុខាភិបាល និងអាជ្ញាធរខេត្តកំពង់ឆ្នាំង យកចិត្តទុកដាក់ផ្តល់សេវា សុខាភិបាលជូនពលរដ្ឋ តាមរយៈកម្មវិធីសមធម៌ និងប.ស.ស
ប្រធានគណៈកម្មការសុខាភិបាលរដ្ឋសភា ស្នើដល់មន្រ្តីសុខាភិបាល និងអាជ្ញាធរខេត្តកំពង់ឆ្នាំង យកចិត្តទុកដាក់ផ្តល់សេវា សុខាភិបាលជូនពលរដ្ឋ តាមរយៈកម្មវិធីសមធម៌ និងប.ស.ស
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (8/13/2019 10:03:11 PM )

គណ:ប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានចុះបេសកកម្មរបស់ខ្លួន ដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាព នៃវិស័យការងារ ដែលគណៈកម្មការទទួលបន្ទុក នៅក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។

បេសកកម្មដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានចុះសិក្សាស្វែងយល់ការផ្តល់សេវាសុខាភិបាល នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពមួយចំនួន នៅក្នុងខេត្ត បានចុះសួរសុខទុក្ខ កម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ ក្នុងខេត្ត និងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត និងស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត។

បេសកកម្មរបស់គណៈកម្មការជំនាញរដ្ឋសភានាពេលនេះ បានសិក្សាស្វែងយល់ពីផលលំបាក និងបញ្ហាប្រឈមមួយចំនួន នៅក្នុងការអនុវត្តច្បាប់ និងការផ្តល់សេវាសុខាភិបាលជូនកម្មករ កម្មការិនី ដែលមានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងប័ណ្ណសមធម៌សម្រាប់ពលរដ្ឋក្រីក្រ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មកាជំនាញរដ្ឋសភា ឯកឧត្តម អៀង វុធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា ខេត្តបានយកចិត្តទុកដាក់ជាខ្លំាងក្នុងការអនុវត្ តគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសកម្មវិធីកែទម្រង់ស៊ីជម្រៅ ក្នុងការផ្តល់សេវាសាធារណៈជូនពលរដ្ឋប្រកបដោយប្រសិទ្ធិភាព ដែលមានដូចជាសេវាសុខាភិបាល សង្គមកិច្ច អប់រំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ជាដើម។

ឯកឧត្តម បានឲ្យដឹងថា ខេត្តមានមន្ទីរពេទ្យបង្អែកចំនួន ៣កន្លែង មណ្ឌលសុខភាពសរុបចំនួន ៤២កន្លែង និងកំពុងសាងសង់ថ្មីចំនួន ២កន្លែង មានឱសថស្ថាន និងឱសថស្ថានរង សរុបចំនួន៥៥កន្លែង សេវាសុខាភិបាលឯកជនសរុបមានចំនួន ៤៣៨កន្លែង។ ការផ្តល់សេវាសុខាភិបាល ដោយមិនគិតប្រាក់ ក្រោមហិរញ្ញប្បទានសមធម៌ និងគោលនយោបាយរបបសន្តិសុខសង្គម ត្រូវបានលើកស្ទួយជាបន្តបន្ទាប់។

ឯកឧត្តម អៀង វុធ បានមានប្រសាសន៍ថា នៅដើមឆ្នាំ២០១៩ ការអនុវត្តនូវកម្មវិធីសមធម៌ក្នុងខេត្តបានបម្រើសេវាជូនប្រជាពលរដ្ឋបានជាង ៥ម៉ឺនករណី។ សេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានចំនួន ជិត៣ម៉ឺនករណី។ ការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់ថវិកាដល់ស្ត្រីមានផ្ទៃពោះ និងស្រ្តីមានកូនអាយុក្រោម២ឆ្នាំ បានចំនួន១ ១៤៩នាក់។ ដោយក្នុងមួយនាក់ៗ ទទួលបានថវិកា ៤លើក កំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល។ មុនសម្រាល ទទួលបាន៤ម៉ឺនរៀល។ ពេលសម្រាល ២០ម៉ឺនរៀល និងក្រោយសម្រាល ៤០ម៉ឺនរៀល ដោយចែកចេញជា១០លើកក្នុងការបើកជូន។

លោកជំទាវ ឡោក ខេង បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់អជ្ញាធរខេត្ត និងមន្ទីរជំនាញនានា។ ចំពោះមន្ទីរពេទ្យ និងមណ្ឌលសុខភាព ប្រធានគណៈកម្មការ បានជំរុញលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទំាងអស់ ខិតខំផ្តល់សេវាសុខាភិបាល ជូនពលរដ្ឋតាមវិជ្ជាជីវៈ ក្នុងស្មារតីទទួលខុសត្រូវ និងសីលធម៌ខ្ពស់៕