ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អនុប្រធានទី២នៃរដ្ឋសភាកម្ពុជាស្នើអគ្គលេខាធិការរដ្ឋសភាឡាវ ចែករំលែកបទពិសោធន៍រៀបចំ ASEP ដល់សភាកម្ពុជា
អនុប្រធានទី២នៃរដ្ឋសភាកម្ពុជាស្នើអគ្គលេខាធិការរដ្ឋសភាឡាវ ចែករំលែកបទពិសោធន៍រៀបចំ ASEP ដល់សភាកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/13/2019 7:00:36 AM )

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានស្នើដល់ លោកជំទាវអគ្គលេខាធិការរដ្ឋសភាឡាវ ចែករំលែកបទពិសោធន៍ ការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ដែលហៅកាត់ថា(ASEP) ដល់អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា ដោយហេតុថា រដ្ឋសភាប្រទេសឡាវ ធ្លាប់បានរៀបចំកិច្ចប្រជុំនេះមុនសភាកម្ពុជា។

លោកជំទាវអនុប្រធានទី២នៃរដ្ឋសភា បានលើកសំណើនេះ នៅក្នុងឱកាសទទួលជួបសវនាការជាមួយ លោកជំទាវ Suansavanh VIGNAKET អគ្គលេខាធិការរដ្ឋសភាឡាវ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ខណៈលោកជំទាវអគ្គលេខាធិការ ដឹកនាំគណៈប្រតិភូបំពេញ ទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ Suansavanh VIGNAKET ដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពី ថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា-ឡាវ ឲ្យកាន់តែ រឹងមាំ និងគ្រប់ជ្រុងជ្រោយ។

ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានសម្តែងក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការវាងរដ្ឋសភាកម្ពុជា និងឡាវ បានដំណើរយ៉ាងរលូន។ ជាពិសេសរដ្ឋសភាប្រទេស ទំាងពីរបានគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភា ទាំងក្នុងតំបន់ និងសកលលោក។

លោកជំទាវអនុប្រធានទី២នៃរដ្ឋសភា បានវាយតម្លៃយ៉ាងខ្ពស់ ចំពោះអនុស្សរណៈយោគយល់គ្នា ដែលប្រធានរដ្ឋសភានៃប្រទេសទាំងពីរ បានចុះ ហត្ថលេខា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅក្នុងខេត្តសៀមរាប។

លោកជំទាវ Suansavanh VIGNAKET បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវអនុប្រធានទី២នៃរដ្ឋសភា ដែលបានចំណាយពេល វេលាដ៏មមាញឹក ទទួលជួបសវនាការជាមួយគណៈប្រតិភូអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ នាឱកាសនេះ។ លោកជំទាវបានចាត់ទុកចំណងមិត្តភាព ជាប្រពៃណី ដែលមានតំាងពីយូរលង់មកហើយនៃប្រទេសទំាងពីរ បាននាំមកនូវកិច្ចសហប្រតិបត្តិការ សាមគ្គីភាពដ៏ល្អលើគ្រប់វិស័យ។ ដោយឡែក ចំពោះរដ្ឋសភាកម្ពុជា និងឡាវ គឺតែងតែគំាទ្រគ្នា ចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក នៅគ្រប់ទិដ្ឋភាពមិនថាក្នុងក្របខណ្ឌទ្វេរភាគី ឬពហុភាគី នោះឡើយ។

សូមជម្រាបថា រដ្ឋសភាប្រទេសឡាវបានរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប(ASEP) លើកទី៧ កាលពីឆ្នាំ២០១២ ហើយសភាកម្ពុជានឹងរៀបចំ កិច្ចប្រជុំ ASEP លើកទី១១ នាចុងឆ្នាំ២០២០ ខាងមុខ។

បន្ទាប់ពីជួបសម្តែងការគួរសមជាមួយ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី គណៈប្រតិភូអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ នឹងជួបពិភាក្សាការងារ ទ្វេភាគីជាមួយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋសភាកម្ពុជា ផងដែរ នៅព្រឹកដដែលនោះ។ ជំនួបពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា-ឡាវ ទំនងនឹងមានការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកលើការងាររដ្ឋបាលរបស់រដ្ឋសភា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន