ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៣នៃរដ្ឋសភា ចូលរួមជាមួយអាជ្ញាធរខេត្តក្រចេះ ក្នុងកម្មវិធី "សាច់ជ្រូកនៅតែមានសុវត្ថិភាពក្នុងការទទួលទានដោយពុំចាំបាច់ព្រួយបារម្ភ"
គណៈកម្មការទី៣នៃរដ្ឋសភា ចូលរួមជាមួយអាជ្ញាធរខេត្តក្រចេះ ក្នុងកម្មវិធី "សាច់ជ្រូកនៅតែមានសុវត្ថិភាពក្នុងការទទួលទានដោយពុំចាំបាច់ព្រួយបារម្ភ"
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/10/2019 6:40:47 AM )

នៅក្នុងឱកាសដឹកនាំគណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ចុះស្វែងយល់ការងារ ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅខេត្តក្រចេះ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ជា វ៉ាន់ដេត ប្រធានគណៈកម្មការ​និងគណៈប្រតិភូ ក៏បានអញ្ជើញចូលរួមក្នុងកម្មវិធី ពិសារសាច់ជ្រូកសុវត្ថិភាព នៅផ្សារក្រចេះ ខេត្តក្រចេះ ដែលរៀបចំដោយសាលាខេត្តក្រចេះ ក្រោមប្រធានបទ "សាច់ជ្រូកនៅមានតែសុវត្ថិភាពក្នុងការទទួលទានដោយពុំចាំបាច់ព្រួយបារម្ភ"។

សូមជម្រាបថា អាជ្ញាធរខេត្តក្រចេះ បានរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបានយល់ច្បាស់ពីជំងឺប៉េស្ត ជ្រូកអាហ្វ្រិក ដែលកន្លងមកបានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការព្រួយបារម្ភ និងខ្លាចរអារមិនហ៊ានទទួលទានសាច់ជ្រូក ព្រោះខ្លាចមានផល ប៉ះពាល់ដល់សុខភាព។

នៅក្នុងកម្មវិធីនេះដែរ ឯកឧត្តម ជា វ៉ាន់ដេត ក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋ ទទួលទានសាច់ជ្រូកឡើងវិញ ដោយកុំមានការបារម្ភអី ព្រោះអាជ្ញាធរមានសមត្ថកិច្ចតែងតែគិតគូចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋជានិច្ច។ កន្លងមកសមត្ថកិច្ចជំនាញ បានធ្វើការសិក្សាស្រាវជ្រាវអំពី ផលប៉ះពាល់នៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះយ៉ាងយកចិត្តទុកដាក់ ដោយបង្ហាញថាសាច់ជ្រូកនៅតែមានសុវត្ថិភាពសម្រាប់ការទទួលទាន។ មិនត្រឹមតែ ប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានចេញវិធានការ ហាមការនាំចូលជ្រូកពីប្រទេសជិតខាងថែមទៀតផង។

ដោយឡែក ទាក់ទិននឹងបេសកកម្មចុះស្វែងយល់ការងារពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការនៅខេត្តក្រចេះឯណេះវិញ នៅក្នុងកិច្ចប្រជុំ ជាមួយអាជ្ញាធរខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ បានរាយការណ៍ជូនគណៈប្រតិភូរដ្ឋសភាអំពីសភាពការណ៍ ទូទៅនៅក្នុងខេត្ត ពិសេសផ្តោតលើសមិទ្ធផលសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការទទួលបន្ទុករបស់គណៈកម្មការ មានដូចជាការងារបង្កបង្កើនផល ការងារវិនិយោគរបស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ការងារអភិវឌ្ឍន៍សហគមន៍កសិកម្ម ការងារផលិតកម្ម និងបសុព្យាបាល ការងាររដ្ឋបាលព្រៃឈើ និងជលផល ការងារសត្តឃាត ការងារជួសជុលផ្លូវជនបទ ការផ្គត់ផ្គង់ទឹកនៅតាមតំបន់ជនបទ ការងាររបរិស្ថាន និងកិច្ចការការពារធនធានធម្មជាតិ ជាដើម។ ក្រៅពីការជម្រាបជូននូវសមិទ្ធផលការងារដែលខេត្តសម្រេចបាន និងផែនការទិសដៅការងារដែលត្រូវអនុវត្តបន្ត អាជ្ញាធរខេត្តក៏បានលើក ឡើងនូវបញ្ហាប្រឈមនានាៗ ដែលខេត្តបានជួបប្រទះ និងស្នើសុំគណៈកម្មការរដ្ឋសភាជួយធ្វើអន្តរាគមន៍រកមធ្យោបាយដើម្បីដោះស្រាយផងដែរ។

បន្ទាប់ពីបានស្តាប់នូវការរាយការណ៍របស់ថ្នាក់ដឹកនាំខេត្តរួចមក ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះ និងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំធ្វើការងារបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ។ ឯកឧត្តមប្រធានគណៈកម្មការក៏បាន លើកទឹកចិត្តដល់អាជ្ញាធរខេត្ត សូមបន្តយកចិត្តទុកដាក់ក្នុងការងារឲ្យកាន់តែសកម្មថែមទៀត ដើម្បីឆ្លើយតបចំពោះទំនុកចិត្ត និងការជឿជាក់របស់ ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ចំពោះសំណូមពរដែលខេត្តបានលើកឡើង ឯកឧត្តម ជា វ៉ាន់ដេត បានសន្យានឹងនាំយកមក​ជម្រាបជូនសម្ដេចប្រធានរដ្ឋសភា ជួយធ្វើអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធតាមនីតិវិធីរបស់រដ្ឋសភា។

នៅក្នុងថ្ងៃដដែលនេះដែរ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ក៏បានបន្តដំណើរចុះពិនិត្យ និងសិក្សាស្វែងយល់ទីតាំងមួយចំនួននៅក្នុងខេត្តក្រចេះមានដូចជា ចុះពិនិត្យសិក្សាស្វែងយល់ការងារបរិស្ថាននៅទីលានចាក់សំរាមខេត្ត និងចុះពិនិត្យ មើលទីតាំងសត្តឃាតដ្ឋាន នៅស្រុកឆ្លូង ផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន