ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ហ៊ុន ម៉ានី ជំរុញឲ្យអាជ្ញាធរខេត្តស្វាយរៀង ពង្រឹងវិស័យអប់រំនៅក្នុងខេត្ត ពិសេសតំបន់នៅតាមខ្សែបន្ទាត់ព្រំដែន ឲ្យមានភាពល្អប្រសើរថែមទៀត
ឯកឧត្តម ហ៊ុន ម៉ានី ជំរុញឲ្យអាជ្ញាធរខេត្តស្វាយរៀង ពង្រឹងវិស័យអប់រំនៅក្នុងខេត្ត ពិសេសតំបន់នៅតាមខ្សែបន្ទាត់ព្រំដែន ឲ្យមានភាពល្អប្រសើរថែមទៀត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/8/2019 9:47:21 PM )

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជនកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានជំរុញឲ្យអាជ្ញាធរ ខេត្តស្វាយរៀង ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ យកចិត្តទុកដាក់ពង្រឹងវិស័យអប់រំ នៅក្នុងខេត្ត ពិសេសតំបន់នៅតាមខ្សែបន្ទាត់ព្រំដែនឲ្យមានភាពល្អ ប្រសើរថែមទៀត។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បែបនេះ នៅក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងមន្ទីរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសឯកឧត្ដមដឹកនាំគណៈប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពី ការអនុវត្តច្បាប់ និងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសលើវិស័យជំនាញដែលស្ថិតក្នុងសមត្ថកិច្ចរបស់គណៈកម្មការ។

ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា អាស្រ័យដោយកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលបានមកពីនយោបាយឈ្នះឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រែក្លាយតំបន់ អតីតសមរភូមិប្រយុទ្ធ ឲ្យក្លាយទៅជាទីផ្សារ និងជាតំបន់អភិវឌ្ឍន៍ ព្រមទាំងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយបានផ្ដល់ភាពអនុគ្រោះ និងលក្ខណៈអំណោយផលយ៉ាងធំធេងសម្រាប់ប្រទេសជាតិទាំងមូល ក៏ដូចជាខេត្តស្វាយរៀងផងដែរ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្តថា តាមរយៈការសម្រេចរបស់រាជរដ្ឋាភិបាល បង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងទឹកដីនៃខេត្ត ស្វាយរៀងនៅឆ្នាំ២០០៥ បានធ្វើឲ្យខេត្តស្វាយរៀងបច្ចុប្បន្ន មានការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័ស។ ហើយប្រជាពលរដ្ឋក្នុងខេត្តនេះ មិនចាំបាច់ធ្វើ ចំណាកស្រុកទៅរកការងារធ្វើនៅតំបន់ផ្សេងទៀតនោះទេ។

ទាក់ទិននឹងវិស័យអប់រំក្នុងខេត្តស្វាយរៀងវិញ ឯកឧត្តម ម៉ែន វិបុល បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ បានយកចិត្តទុកដាក់ធ្វើកំណែទម្រង់ទៅតាមគោលការណ៍របស់ក្រសួងអប់រំ ដោយបានបង្កើតសាលារៀននៅតាមបណ្តោយព្រំដែន ដើម្បីផ្ដល់ភាព ងាយស្រួលឲ្យកុមារតូចៗ បានចូលសិក្សារៀនសូត្រ និងដើម្បីជាការទប់ស្កាត់ការឆ្លងដែនទៅរៀននៅប្រទេសជិតខាងផងដែរ។ រីឯវិស័យផ្សេងៗទៀត មានដូចជា វិស័យធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ជាដើម អាជ្ញាធរខេត្តក៏ដូចជាមន្ទីរពាក់ព័ន្ធបានខិតខំបំពេញការងារទៅតាមតួនាទី រៀងៗខ្លួន ទទួលបាននូវលទ្ធផលល្អ និងកំពុងខិតខំធ្វើការដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងឡាយ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឲ្យបាន កាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ ដែលបាន លះបង់កំលាំងកាយចិត្ត ក្នុងអនុវត្តការងារទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តមប្រធានគណៈកម្មការ ក៏បានលើកទឹកចិត្តឲ្យរដ្ឋបាលខេត្ត ទាំងមូល រួមគ្នាខិតខំប្រឹងប្រែងបន្តទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ជូនប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈការដាក់ចេញនូវគោលដៅសកម្មភាព ជំរុញការអនុវត្តទ្វេដងលើអ្វីដែលសម្រេចបានកន្លងមក។

នៅរសៀលថ្ងៃដដែលនេះដែរ គណៈប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអញ្ជើញធ្វើទស្សនកិច្ចនៅ សាលាបឋមសិក្សាស្វាយព្រហូត ស្ថិតនៅក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន