ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា៖ នីតិរដ្ឋ គឺជាកត្តាដ៏សំខាន់សម្រាប់ការអភិវឌ្ឍ
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា៖ នីតិរដ្ឋ គឺជាកត្តាដ៏សំខាន់សម្រាប់ការអភិវឌ្ឍ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/8/2019 9:23:50 PM )

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានមានប្រសាសន៍ថា នីតិរដ្ឋ គឺជាកត្តាដ៏សំខាន់ សម្រាប់ការអភិវឌ្ឍ។ ការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាផ្នែកសំខាន់មួយនៃអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ក្នុងការលើកស្ទួយយុត្តិធម៌សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍បែបនេះ នៅក្នុងពេលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជុំ ស ប្រធាន សាលាដំបូងខេត្តត្បូងឃ្មុំ និងលោក លោកស្រីជាមន្ត្រីយុត្តិធម៌ ក្នុងឱកាសឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ដឹកនាំគណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ចុះបំពេញបេសកកម្មនៅខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ។

ឯកឧត្តមប្រធានគណៈប្រតិភូបានមានប្រសាសន៍បន្តថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌គឺការសម្រេចឱ្យបាន នូវប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌មួយដែលអាចជឿទុកចិត្តបាន និងមានស្ថិរភាព សម្រាប់ការលើកស្ទួយការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការពង្រឹងគោលការណ៍នីតិរដ្ឋ នៅក្នុងលិទ្ធិប្រជាធិបតេយ្យសេរី និងការធានាយុត្តិធម៌សង្គម ព្រមទាំងការបង្កើតបរិយាកាសជឿទុកចិត្ត សម្រាប់ ទាក់ទាញការវិនិយោគ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានលើកឡើងថា ក្នុងរយៈពេលជាង៥អាណត្តិមកនេះ រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ជាច្រើន នឹងកំពុងបន្តពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ជាច្រើនទៀត ដើម្បីពង្រឹងនីតិរដ្ឋ ព្រោះថាច្បាប់ជាយន្តការដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលយកទៅអនុវត្ត ក្នុងការកសាងអភិវឌ្ឍ និងដឹកនាំប្រទេស។ ឯកឧត្តមបន្ថែមថា ការកែទម្រង់ច្បាប់ ប្រព័ន្ធយុត្តិធម៌ និងបង្កើនជំនឿទុកចិត្តរបស់សាធារណជនមកលើ ការផ្តល់សេវាសាធារណៈ ដែលជាផ្នែកមួយនៃស្នូលយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានស្នើឲ្យប្រធានសាលាដំបូងខេត្ត ត្រូវបន្តពង្រឹងកិច្ចសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ក៏ដូចជាអាជ្ញាធរ ខេត្តគ្រប់ជាន់ថ្នាក់ ដើម្បីដោះស្រាយរាល់បញ្ហាបណ្តឹងផ្សេងៗ ឬសំណុំរឿងដែលនៅសេសសល់មិនទាន់បានដោះស្រាយ ដោយឈរលើតម្លាភាព ភាពយុត្តិធម៌ ព្រោះថាកន្លងមកមានសំណុំរឿងខ្លះ មានភាពមិនប្រក្រតី និងនៅកប់ចោល មិនទាន់បានដោះស្រាយនៅឡើយ។ ឯកឧត្តមបានបញ្ជាក់ថា នីតិកាលទី៥ និងទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលបាននឹងកំពុងបន្តអនុវត្តន៍យ៉ាងសកម្មនូវយុទ្ធសាស្រ្តចតុកោណ ដោយបានបង្ហាញឆន្ទៈដ៏ប្តូរផ្តាច់ និងសកម្មភាពប្រកបដោយផ្លែផ្កា ក្នុងការអនុវត្តរាល់កំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅ ហើយដែលអាចធ្វើឲ្យកម្ពុជា មានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ដើម្បីឈានទៅសម្រេចនូវគោលដៅចុងក្រោយគឺប្រទេសកម្ពុជាមានវឌ្ឍនភាព វិបុលភាព សុខសន្តិភាព សេរីភាព និងយុត្តិធម៌។

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា មានប្រសាសន៍ស្នើឲ្យមន្ត្រីជំនាញក្នុងខេត្ត ជំរុញការផ្សព្វផ្សាយច្បាប់ដែលរដ្ឋសភាបានអនុម័តរួច ដែលជាកត្តាសំខាន់ ក្នុងការជំរុញប្រសិទ្ធភាពការអនុវត្តច្បាប់។ ហើយវាក៏ជាយន្តការធ្វើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ បានដឹងយល់ពី ច្បាប់ទំាងអស់គ្នា។

ឯកឧត្តម ជុំ ស ប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ បានជម្រាបជូនពីសកម្មភាពការងារ និងសមិទ្ធផល ដែលមន្ត្រីយុត្តិធម៌បានអនុវត្តក្នុងឆ្នាំ២០១៨ កន្លងមក និងទិសដៅដែលត្រូវអនុវត្តបន្តនៅក្នុងឆ្នាំបន្ទាប់។ ឯកឧត្តមបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បាននឹងកំពុងបន្តអនុវត្តន៍យ៉ាងសកម្ម នូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណ និងបានដាក់ចេញនូវកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យសំខាន់ៗជាច្រើន ក្នុងនោះក៏មានការធ្វើកំណែទម្រង់ ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលត្រូវធ្វើឱ្យទំនើប និងមានប្រសិទ្ធភាព រៀបចំ និងដាក់ឱ្យដំណើរការរដ្ឋបាលតុលាការ តាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងការបង្កើតឱ្យមានសាលាឧទ្ធរណ៍តាមតំបន់ ព្រមទាំងតុលាការជំនាញតាមរយៈការដាក់ឱ្យអនុវត្តច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ការពង្រឹង យន្តការតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់របស់តុលាការ តាមរយៈការដាក់ឱ្យអនុវត្តច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម បន្តពង្រឹងសមត្ថភាព និងការទទួលខុសត្រូវវិជ្ជាជីវៈចៅក្រម និងព្រះរាជអាជ្ញា និងតាមរយៈការដាក់ឱ្យអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ជាដើម។ ឯកឧត្តមប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ ក៏បានឲ្យដឹងដែរថា បច្ចុប្បន្នវិស័យយុត្តិធម៌បានបង្កើតនូវប្រព័ន្ធដោះស្រាយ ក្រៅប្រព័ន្ធតុលាការ ដោយមានមណ្ឌលសេវាកម្មយុត្តិធម៌នៅមណ្ឌលតាមមូលដ្ឋាន ខេត្ត ក្រុង ដើម្បីកាត់បន្ថយការប្ដឹងទៅតុលាការ ចំពោះវិវាទ រដ្ឋប្បវេណី និងករណីតូចតាច ដើម្បីកាត់បន្ថយការចំណាយថវិកា និងកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ត្រីយុត្តិធម៌ ខេត្តត្បូងឃ្មុំ ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវស្នាដៃធំៗគួរជាទីមោទនៈជូន ប្រជាជន និងប្រទេសជាតិ។ ឯកឧត្តមក៏បានផ្តល់ជាអនុសាសន៍ជាច្រើន ក្នុងការកែលម្អសេវាសាធារណៈឲ្យល្អប្រសើរ ដើម្បីឆ្លើយតបតម្រូវការរបស់ ពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។ ចំពោះបញ្ហាប្រឈម និងសំណូមពរទាំងឡាយដែលឯកឧត្តមប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ និងមន្ត្រីពាក់ព័ន្ធ បានលើកឡើងស្នើសុំរដ្ឋសភាជួយធ្វើអន្តរាគមន៍ ឯកឧត្តមបណ្ឌិត សន្យាពាំនាំយកទៅជូនរាជរដ្ឋាភិបាលដោះស្រាយ តាមរយៈ សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន