ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាបើកសម័យប្រជុំជាវិសាមញ្ញ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែសីហានេះ ដើម្បីបោះឆ្នោតជ្រើសតំាងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមួយរូប
រដ្ឋសភាបើកសម័យប្រជុំជាវិសាមញ្ញ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែសីហានេះ ដើម្បីបោះឆ្នោតជ្រើសតំាងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមួយរូប
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/8/2019 9:15:43 PM )

រដ្ឋសភានឹងបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ ដើម្បីបោះឆ្នោតជ្រើសតំាងសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម មួយរូប សម្រាប់អាណត្តិថ្មី ជំនួសសមាជិកចាស់ដែលផុតអាណត្តិ។ នេះបើតាមការសម្រេច របស់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បានអនុម័តទទួល យកសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលមកពិនិត្យសិក្សាផងដែរ។

សេចក្តីព្រាងច្បាប់ទំាងពីរនោះមាន ទី១ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរ វាងព្រះរាជាណាចក្រកម្ពុជា និងអង្គការ ហាមឃាត់អាវុធគីមី ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី។ គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា បានសម្រេចប្រគល់ឲ្យ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

ចំណែកសេចក្តីព្រាងច្បាប់មួយទៀត គឺសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម។ គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា បានសម្រេចប្រគល់ឲ្យ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន