សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា__ គណៈកម្មការរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រាប់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា__ ឯកឧត្តម ហ៊ុន ណេង ចុះពិនិត្យសមិទ្ធផលនានា ដែលផ្តល់ជូនពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន​ លើកទី៤០​ នៅព្រះរាជាណាចក្រថៃ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ និន សាផុន ៖ ខេត្តបាត់ដំបងជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ខាងនាំចេញអង្ករទៅក្រៅប្រទេស ច្រើនជាងគេនៅកម្ពុជា
លោកជំទាវ និន សាផុន ៖ ខេត្តបាត់ដំបងជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ខាងនាំចេញអង្ករទៅក្រៅប្រទេស ច្រើនជាងគេនៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/16/2019 9:19:52 PM )

នៅក្នុងឱកាសដឹកនាំគណៈប្រតិភូគណៈកម្មការ ចុះសិក្សាស្វែងយល់ពីវិស័យការងារ ដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់គណៈកម្មការ នៅខេត្ត បាត់ដំបង នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា បានថ្លែងកោតសរសើរថា ខេត្តបាត់ដំបង ជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ខាងនាំចេញអង្ករទៅក្រៅប្រទេសច្រើនជាងគេនៅកម្ពុជា។ ពិសេសខេត្តនេះ មានក្រុមហ៊ុនបៃតង ដែលមានរោងចក្រ ខ្នាតធំទំនើប និងមានសមត្ថភាពផលិតអង្ករបានច្រើន សម្រាប់បម្រើសេចក្ដីត្រូវការក្នុងស្រុក និងនាំចេញអង្ករផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិ តាំងពីឆ្នាំ ២០១០ រហូតមកទល់បច្ចុប្បន្ន។

លោកជំទាវប្រធានបានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ូ អារ៉ាហ្វាក់ អភិបាលស្តីទីខេត្តបាត់ដំបង លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ និង លោកឧកញ៉ា ភួ ពុយ ប្រធានក្រុមហ៊ុនបៃតងកម្ពុជា នៅសាលាខេត្តបាត់ដំបង។

លោកជំទាវមានប្រសាសន៍បន្តថា ខេត្តបាត់ដំបងជាខេត្តមានសក្តានុពល លើការអភិវឌ្ឍវិស័យផ្សេងៗ ដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និងការដឹកជញ្ជូនជាដើម ដែលបានរួមចំណែក ក្នុងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងផលប្រយោជន៍ប្រទេសជាតិ និងស្រប តាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នប្រជាជនកម្ពុជាបានរស់នៅយ៉ាងសុខដុមរមនា ក្នុងសន្តិភាព សេរីភាព និងសន្តិសុខដ៏ប្រសើរ ហើយកំពុងតែ រួមសាមគ្គីគ្នាឈានទៅមុខលើមាគ៌ានៃការអភិវឌ្ឍ ជាមួយនឹងកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់៧% ជាប់ៗគ្នា នៅក្នុងបណ្ដាឆ្នាំកន្លងមក។

ឯកឧត្តម ស៊ូ អារ៉ាហ្វាក់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ផ្អែកតាមយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីកំណែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ខេត្តបាត់ដំបងបានកសាងសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ និងបានដោះស្រាយបញ្ហាប្រឈមមួយចំនួន ជូនប្រជាពល- រដ្ឋបានទាន់ពេលវេលា។ ឯកឧត្តមបន្តថា  អាជ្ញាធរខេត្តបានខិតខំថែរក្សាការពារសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ប្រជាពលរដ្ឋ រស់នៅប្រកបដោយភាពកក់ក្តៅ ហើយការប្រកបមុខរបរចិញ្ចឹមជីវិតកាន់តែមានជីវភាពធូរធារ។ ចំណែកការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ខេត្តក៏បានខិតខំលើកកម្ពស់ការយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា មានផ្លូវថ្នល់ ស្ពាន លូប្រឡាយទឹក មណ្ឌលសុខភាព និងសាលារៀន ដើម្បីបំពេញតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋផងដែរ។

លោកឧកញ៉ា ភួ ពុយ ប្រធានក្រុមហ៊ុនបៃតងកម្ពុជា(ភីអិលស៊ី) បានមានប្រសាសន៍ថា ក្រុមហ៊ុនបៃតងកម្ពុជា ជាក្រុមហ៊ុនដែលមានមូលដ្ឋានគ្រឹះ ជាក់លាក់ក្នុងការផលិតអង្ករនាំចេញ មានគុណភាពខ្ពស់ និងបរិមាណច្រើន មានរោងចក្រខ្នាតធំ ទំនើប និងមានសមត្ថភាពផលិតអង្ករបានច្រើន ជាងគេ នៅក្នុងខេត្តបាត់ដំបង ហើយក្រុមហ៊ុនបាននាំចេញអង្ករទៅកាន់៣៤ប្រទេសនៅលើពិភពលោក ដោយទទួលបាននូវការគាំទ្រ និងទំនុកចិត្ត ខ្ពស់ពីសំណាក់អតិថិជនជាដៃគូផងដែរ។ ក្រុមហ៊ុនបៃតងមានមូលដ្ឋានផលិតអង្ករ មានលក្ខណៈស្តង់ដារ ដោយមានឃ្លាំងស្តុក ម៉ាស៊ីនសម្ងួត ម៉ាស៊ីនកិនស្រូវ និងម៉ាស៊ីនកែច្នៃដែលមានសមត្ថភាពផលិតធំជាងគេនៅកម្ពុជា។ ចាប់តាំងពីឆ្នាំ២០០៨មក ក្រុមហ៊ុនបានបង្កើតសហគមន៍កសិករ សហគមន៍បៃតង នៅតាមបណ្ដាភូមិ-ឃុំ-ស្រុក ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបៃតង បានបង្កើតនូវទីផ្សារប្រមូលទិញស្រូវពីសមាជិកសហគមន៍មូលដ្ឋាន រក្សាបាននូវលំនឹងនៃតម្រូវការទីផ្សារស្រូវ ក៏ដូចជាតម្លៃល្អសមរម្យ ដែលប្រជា- កសិករអាចទទួលយកបាន។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុនបៃតង ដែលបានរួមចំណែកដ៏សំខាន់ក្នុងការជួយ លើកស្ទួយជីវភាពរបស់ប្រជាកសិករ នៅក្នុងការផលិតអង្ករទាំងការបម្រើសេចក្ដីត្រូវការក្នុងស្រុក និងការធ្វើពាណិជ្ជកម្មទៅក្រៅប្រទេស។ ជាមួយគ្នា នេះលោកជំទាវប្រធានក៏បានកោតសរសើរនូវការអភិវឌ្ឍរីកចម្រើនរបស់ខេត្តបាត់ដំបង និងបានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារ ពិសេសខេត្តបាត់ដំបងទទួលបាននូវពានរង្វាន់អ្នកផលិតស្រូវអង្ករឆ្នើមបំផុតទូទាំងប្រទេស។

លោកជំទាវបានលើកទឹកចិត្តចំពោះអាជ្ញាធរខេត្ត និងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជុំវិញខេត្តទំាងអស់ បន្តខិតខំបំពេញភារកិច្ចផ្តល់សេវា សាធារណជូនពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពទ្វេឡើង ដើម្បីឆ្លើយតបចំពោះការទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន