ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន នាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ទៅប្រគេនព្រះសង្ឃនៅវត្តចំនួន៤ក្នុងខេត្តបាត់ដំបង
ឯកឧត្តម ឈាង វុន នាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ទៅប្រគេនព្រះសង្ឃនៅវត្តចំនួន៤ក្នុងខេត្តបាត់ដំបង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/11/2019 9:09:41 PM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាតំណាងរាស្រ្ត មណ្ឌលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បាននាំយកទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមបណ្ដាវត្ត មួយចំនួននៅក្រុងបាត់ដំបង និងស្រុកសង្កែ នៃខេត្តបាត់ដំបង ក្នុងនោះមានដូចជាវត្តសាមគ្គីវ័ន ហៅវត្តបុះបេង វត្តសាមគ្គីរស្មីហៅវត្តដូនប៉ុក វត្តព្រៃរកា និងវត្តចែងរង្សី។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍សំណេះសំណាលជាមួយពុទ្ធបរិស័ទជិតឆ្ងាយដែលបានមកចូលរួមនាឱកាសនោះ ដោយបានលើកឡើងពី គុណតម្លៃនៃសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺបានធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋមានភាពសប្បាយរីករាយ និងមានសិទ្ធិសេរីភាព ក្នុងការធ្វើបុណ្យធ្វើទានទៅតាម ចំណង់ចំណូលចិត្ត និងជំនឿរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះ  ឯកឧត្តមក៏បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏ដូចជា ប្រជាពលរដ្ឋ រួមគ្នាថែរក្សានៅសុខសន្តិភាព ព្រោះសុខសន្តិភាព ទទួលបានមកដោយលំបាក ដូច្នេះយើងត្រូវរួមគ្នារក្សាឲ្យខាងតែបាន។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ទៀតថា រីឯបុណ្យចូលព្រះវស្សាគឹជាបុណ្យប្រពៃណីក្នុងព្រះពុទ្ធសាសនា ដែលប្រជាជនកម្ពុជាយើងតាំងពី ដូនតាមក តែងតែប្រារព្ធធ្វើ ដោយមានការហែរទៀនព្រះវស្សាមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមពុទ្ធសីមានៃវត្តនានាទូទាំងប្រទេស។

ឯកឧត្តមតំណាងរាស្ត្រ មានប្រសាសន៍បន្តថា ព្រះពុទ្ធសាសនាមានការរីកចំរើនជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ន ហើយទីអារាមគឺជាកន្លែង សម្រាប់ធ្វើការអប់រំទាំងផ្លូវកាយ ផ្លូវចិត្ត ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទទូទៅ ឲ្យប្រព្រឹត្តតែអំពើល្អ ហើយក៏ជាកន្លែងរក្សានូវទំនៀមទំលាប់ ប្រពៃណី និងវប្បធម៌ជាតិឲ្យបានគង់វង្សយូរអង្វែងផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈាង វុន បានប្រគេនដល់វត្តចំនួន៤ ក្នុងមួយវត្តមាន ទៀនព្រះវស្សាមួយគូ បច្ច័យ៥០០០០០រៀល និងទេយ្យវត្ថុ មួយចំនួន ព្រមទាំងចូលបច្ច័យសាលាបុណ្យ ស្ថិតក្នុងឃុំអូរខ្ជាយ ស្រុកសង្កែ ចំនួន៦លានរៀល និងទេយ្យទានមួយចំនួនទៀត ជូនយាយជី តាជី ចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់សមួយដុំ និងថវិកា១០០០០រៀល។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន