ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាក់ទងនឹងការអនុញ្ញាតឲ្យកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀង ស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ
គណៈកម្មការរដ្ឋសភា ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាក់ទងនឹងការអនុញ្ញាតឲ្យកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀង ស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/18/2019 9:49:07 PM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ ផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមអោយព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិក នៃកិច្ចព្រម- ព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត នៅព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ គឺជាកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដែលត្រូវបានអនុម័តដោយ សន្និសីទអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៩ និងមានចែងក្នុងមាត្រាទី១៤ នៃធម្មនុញ្ញរបស់អង្គការ នេះផងដែរ។ កិច្ចព្រមព្រៀងនេះបានចូលជាធរមាន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦។ រហូតមកដល់ខែឧសភា ឆ្នាំ២០១៩នេះ មានប្រទេសចំនួន៦០ បានចូលរួមជាភាគីអនុវត្តកិច្ចព្រមព្រៀងនេះ។ ក្នុងនោះប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មានចំនួន០៥ រួមមាន ប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងប្រទេសវៀតណាម។

ឯកឧត្តម ឈាង វុន មានប្រសាសន៍បន្ថែមថា កិច្ចព្រមព្រៀងស្ដីពីវិធានការរដ្ឋម្ចាស់កំពង់ផែគឺជាឯកសារគតិយុត្តដ៏សំខាន់តែមួយគត់ ដែលមាន គោលបំណងប្រយុទ្ធប្រឆាំង និងលុបបំបាត់ការនេសាទខុសច្បាប់គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត។ ឯកឧត្តមបានបន្តថា កិច្ចព្រមព្រៀង ខាងលើ គឺតម្រូវអោយរដ្ឋជាសមាជិកត្រូវផ្តល់សច្ចាប័ន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

បន្ទាប់ពីប្រជុំពិភាក្សារួចមក គណៈកម្មការបានឯកភាពរក្សាទុកសេចក្តីព្រាងច្បាប់នេះទៅតាមទម្រង់ដើមទាំងស្រុង ដោយគ្រាន់តែកែសម្រួលអក្ខរាវិរុទ្ធ មួយចំនួនប៉ុណ្ណោះ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន