ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញរដ្ឋសភាឯកភាពលើសេចក្តីព្រាងច្បាប់ចំនួនបី ដែលធានាដល់ការទូទាត់របស់រាជរដ្ឋាភិបាលឲ្យក្រុមហ៊ុនអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី
គណៈកម្មការជំនាញរដ្ឋសភាឯកភាពលើសេចក្តីព្រាងច្បាប់ចំនួនបី ដែលធានាដល់ការទូទាត់របស់រាជរដ្ឋាភិបាលឲ្យក្រុមហ៊ុនអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/14/2019 8:17:42 PM )

សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អោយក្រុមហ៊ុនស្នេថេករីញូវេប៊ល ឯ.ក សេចក្តីច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អោយក្រុមហ៊ុនអេសភីអេលភី(ខេមបូឌា) ឯ.ក និង សេចក្តីព្រាងច្បាប់ ស្តីពីការការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អោយក្រុមហ៊ុនស្នេថេក ខូអិលធីឌី ត្រូវបានគណៈកម្មការជំនាញរដ្ឋសភាលើកយកមកពិនិត្យសិក្សាជាមួយតំណាងរាជរដ្ឋាភិបាលនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ។

គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា  ដែលមាន ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ជាប្រធាន បានសហការជាមួយ គណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃណីយ៍ រ៉ែថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នៃរដ្ឋសភា ដែលមាន លោកជំទាវ និន សាផុន ជាប្រធាន បានជួបប្រជុំជាមួយតំណាងរាជរដ្ឋា ដែលមាន ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសហការី នៅវិមានរដ្ឋសភា ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទំាងបីខាងលើនោះ។

ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា សេចក្តីព្រាងច្បាប់ទាំងបីនេះ នឹងផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋជាតិ និងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ អោយកាន់តែល្អប្រសើរឡើង តាមរយៈការប្រើប្រាស់ថាមពលអគ្គិសនី។ ថាមពលអគ្គិសនីគឺជា ប្រភពថាមពលសំខាន់មិនអាចខ្វះបាន នៅក្នុងជីវភាពប្រចំាថ្ងៃ។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះតម្រូវការប្រើប្រាស់អគ្គិសនី នៅទូទំាងប្រទេស ពិសេសនៅរាជធានីភ្នំពេញ បានកើនឡើងជាលំដាប់ ក្នុងអត្រាខ្ពស់។ ដើម្បីបំពេញតម្រូវការអគ្គិសនី រាជរដ្ឋាភិបាលបានអនុម័តគម្រោងអភិវឌ្ឍថាមពលអគ្គិសនីជាច្រើន នៅក្នុងនោះ ក្រុមហ៊ុនចំនួនបី ដែលមានឈ្មោះនៅក្នុងសេចក្តីព្រាងច្បាប់ខាងលើនេះ បានចូលរួមអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជាយ៉ាងសកម្មផងដែរ។ ការអនុម័តសេចក្តីព្រាង ច្បាប់ខាងលើគឺជាការជំរុញនិងលើកទឹកចិត្តដល់វិស័យឯកជនចូលរួមអភិវឌ្ឍន៍ជាតិ។

ទាំង ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប និង លោកជំទាវ និន សាផុន បានគំាទ្រសេចក្តីព្រាងច្បាប់ខាងលើនោះ និងបានកោតសរសើរចំពោះការខិតខំ របស់រាជរដ្ឋាភិបាល ពិសេសក្រសួងរ៉ែ និងថាមពល ដែលបានជំរុញការអភិវឌ្ឍន៍វិស័យថាមពលឆ្លើយតបកំណើនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ។

បន្ទាប់ពីប្រជុំពិនិត្យសិក្សាទៅតាមនីតិវិធី គណៈកម្មការជំនាញរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ទំាងបីនោះ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា ពិនិត្យសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាពិភាក្សា និងអនុម័តក្នុងពេលឆាប់ៗនេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន