ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាកម្ពុជាគ្រោងចូលរួមជំនួបពិភាក្សារវាងសភាអាស៊ាន និងរដ្ឋាភិបាលអាស៊ាន នៅក្នុងប្រទេសថៃ
រដ្ឋសភាកម្ពុជាគ្រោងចូលរួមជំនួបពិភាក្សារវាងសភាអាស៊ាន និងរដ្ឋាភិបាលអាស៊ាន នៅក្នុងប្រទេសថៃ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/13/2019 9:57:06 PM )

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា គ្រោងនឹងដឹកនាំគណ:ប្រតិភូជាន់ខ្ពស់សភាកម្ពុជា ទៅចូលរួមកិច្ចពិភាក្សា ទល់មុខគ្នារវាងអន្តរសភាអាស៊ាន(អាយប៉ា) និងអាស៊ាន នៅប្រទេសថៃ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។

កិច្ចពិភាក្សាទល់មុខគ្នា រវាងអន្តរសភាអាស៊ាន(អាយប៉ា) និងអាស៊ាន តែងតែរៀបចំធ្វើឡើង នៅកំឡុងនៃជំនួបប្រចាំឆ្នាំរបស់ប្រមុខដឹកនាំអាស៊ាន។ ជាកិច្ចពិភាក្សាកម្រិតខ្ពស់បំផុតរវាងអាយប៉ា និងអាស៊ាន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងអង្គនីតិប្បញ្ញត្តិអាស៊ាន និងនីតិប្រតិបត្តិអាស៊ាន។ កិច្ចពិភាក្សាទល់មុខគ្នារវាងអន្តរសភាអាស៊ាន(អាយប៉ា) និងអាស៊ាន ជាការផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាលើកិច្ចការអាស៊ាននៅគ្រប់កម្រិត ដើម្បី ពន្លឿនសហគមន៍អាស៊ាន ដោយឈរលើមូលដ្ឋាន “ផ្តោតសំខាន់លើប្រជាជន និងយល់ដឹងពីសារៈសំខាន់នៃអាស៊ាន” និងត្រៀមខ្លួនសម្រាប់ការ ពង្រីកអាស៊ាននាពេលអនាគត។

មុននឹងអញ្ជើញទៅចូលរួមកិច្ចពិភាក្សាទល់មុខគ្នារវាងអន្តរសភាអាស៊ាន(អាយប៉ា) និងអាស៊ាន នៅប្រទេសថៃនោះ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានដឹកនាំកិច្ចប្រជុំត្រៀមមួយ ដើម្បីពិនិត្យមើលខ្លឹមសារ និងឯកសារនានា នៅក្នុងដំណើរការ ប្រជុំនោះ ធ្វើយ៉ាងណាឲ្យប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំនេះទទួលបានជោគជ័យ។

កិច្ចប្រជុំត្រៀមមុនចូលរួមកិច្ចពិភាក្សាទល់មុខគ្នារវាងអន្តរសភាអាស៊ាន(អាយប៉ា) និងអាស៊ាន ដឹកនាំដោយលោកជំទាវអនុប្រធានទី២នៃរដ្ឋសភានេះ មានការចូលរួមពីសមាជិកគណៈប្រតិភូទាំងអស់៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន