ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រេចបន្តសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៧ មិថុនា ខាងមុខ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រេចបន្តសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៧ មិថុនា ខាងមុខ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/12/2019 8:57:22 PM )

រដ្ឋសភានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខ។ នេះជាការសម្រេចរបស់គណៈកម្មាធិការ អចិន្រៃ្តយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលដឹកនាំដោយ សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្រេចរបៀបវារៈចំនួន៦ សម្រាប់បន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៧ មិថុនានោះ ដែលមានរបៀបវារៈទី១ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម សុខ ផេង ជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង។ ទី២ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។

របៀបវារៈទី៣គឺ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគ។ ទី៤ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគ។ ទី៥ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគ។ រីឯរបៀបវារៈទី៦គឺ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឬស្សី និងផ្តៅ។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ក៏បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ចំនួនពីរ ដែលជាសំណើរបស់រាជរដ្ឋាភិបាលដល់គណៈកម្មការ ជំនាញរដ្ឋសភាដើម្បីពិនិត្យសិក្សាផងដែរ។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀង ស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត បានប្រគល់ឲ្យ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាពិនិត្យសិក្សា សហការជាមួយគណៈកម្មការកិច្ចការ បរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

ចំណែកសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបាន ប្រគល់ឲ្យគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ពិនិត្យសិក្សា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន