ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង APF រៀបចំខ្លួនដើម្បីត្រៀមទៅចូលរួមមហាសន្និបាតលើកទី៤៥ នៃក្រុមសភាជាតិនិយាយភាសាបារាំង
ក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង APF រៀបចំខ្លួនដើម្បីត្រៀមទៅចូលរួមមហាសន្និបាតលើកទី៤៥ នៃក្រុមសភាជាតិនិយាយភាសាបារាំង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/10/2019 12:44:34 AM )

លោកជំទាវ ស៊ុន សាភឿន សមាជិការដ្ឋសភា តំណាងឯកឧត្ដមកិត្តិនីតិកោសល្យបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង APF បានដឹកនាំកិច្ចប្រជុំក្រុមការងារ APF នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ដើម្បីត្រៀមរៀបចំឯកសារសម្រាប់ការទៅចូលរួមមហាសន្និបាតលើកទី៤៥ នៃក្រុមសភានិយាយភាសាបារាំង APF នៅប្រទេសកូដឌីវ័រ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ខាងមុខ។

លោកជំទាវ ស៊ុន សាភឿន បានមានប្រសាសន៍ថា មហាសន្និបាតលើកទី៤៥ នៃក្រុមសភានិយាយភាសាបារាំង APF នៅប្រទេសកូដឌីវ័រ គឺជា មហាសន្និបាតដែលមានកិច្ចប្រជុំរបស់គណៈកម្មាធិការ APF ចំនួន៥ដែលត្រូវចូលរួម។ ក្នុងនោះមាន ១-គណៈកម្មាធិការនយោបាយ ២-គណៈកម្មាធិ- ការកិច្ចការសភា ៣-គណៈកម្មាធិការអប់រំ និងបណ្តាញស្ត្រី ៤-គណៈកម្មាធិការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ និង ៥-គណៈកម្មាធិការក្រុមសភា វ័យក្មេង ។

បន្ទាប់ពីមានការផ្ដល់យោបល់ពីសមាជិកសមាជិកាដែលបានចូលរួម អង្គប្រជុំបានឯកភាពគ្នា ឲ្យតាមផ្នែកនីមួយៗរួមជាមួយលេខាធិការដ្ឋានរដ្ឋបាល នៃក្រុមសភាជាតិកម្ពុជាAPF ត្រៀមរៀបចំឯកសារ និងបន្តយកមកប្រជុំពិភាក្សាគ្នាបន្ថែមទៀត មុននឹងទៅចូលរួមមហាសន្និបាតលើកទី៤៥ នៃក្រុម សភានិយាយភាសាបារាំង APF នៅប្រទេសកូដឌីវ័រ ខាងមុខនោះ។

សូមបញ្ជាក់ថា សភានិយាយភាសាបារំាង មានឈ្មោះជាភាសាបារាំង ASSEMBLÉE PALEMENTAIRE DE LA FRANCOPHONIE ហៅកាត់ថា APF។ កម្ពុជាបានចូលជាសមាជិកសភានិយាយភាសាបារាំងAPFចាប់តាំងពីឆ្នាំ១៩៦៧មក។ រហូតមកទល់នឹងពេលនេះ APF មានសមាជិកជាង៨០ ក្រុមសភាជាតិ។

ដើម្បីរួមចំណែកក្នុងវេទិកាសភាអន្តរជាតិមួយនេះ សភាកម្ពុជាបានរៀបចំតែងតាំងក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង APFដោយមាន៖

ក-គណៈកម្មាធិការអចិន្ត្រៃយ៍

ខ-គណៈកម្មការជំនាញចំនួន៤ មាន ១-គណៈកម្មការនយោបាយ ២-គណៈកម្មការកិច្ចការសភា ៣-គណៈកម្មការអប់រំ ទំនាក់ទំនង និងវប្បធម៌
៤-គណៈកម្មការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។

គ-បណ្ដាញសមាជិកសភានៃសភានិយាយភាសាបារាំងចំនួន៣ មាន ១-បណ្ដាញសភាស្ត្រី ២-បណ្ដាញសមាជិកសភាប្រយុទ្ធនឹងមេរោគអេដស៍ និងជម្ងឺអេដស៍ ជម្ងឺរបេង និងជម្ងឺគ្រុនចាញ់ ៣-បណ្ដាញសមាជិកសភាវ័យក្មេង។

ឃ-លេខាធិការដ្ឋានរដ្ឋបាល និងទីប្រឹក្សា។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន