មន្រ្តីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានសភាកម្ពុជាចូលរួមសន្និសីទស្រាវជ្រាវ និងបណ្ណាល័យនៅប្រទេសក្រិច__ ឯកឧត្តម សួស យ៉ារ៉ា ផ្តល់អនុសាសន៍ពីការងារទំនាក់ទំនងអន្តរជាតិដល់និស្សិតសាលាភូមិន្ទរដ្ឋបាល__ សេចក្តីជូនដំណឹង អំពីការរៀបចំវេទិកាសភា​ ស្តីពី​ “តួនាទីសភា​ ដើម្បីសម្រេចបានគោលដៅ​ ក្នុងការការពារ​ និងគ្រប់គ្រងជំងឺមិនឆ្លង​ ក្នុងក្របខ័ណ្ឌ​ នៃគោលដៅអភិវឌ្ឍន៍​ ប្រកបដោយចីរភាព”__ សេចក្តីជូនដំណឹង ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការ ការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឡាវ វៀតណាម__ ឯកឧត្តម សួស យ៉ារ៉ា ផ្តាំផ្ញើយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ផ្សព្វផ្សាយសក្តានុពលកម្ពុជា ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញសមាជិកសភា ខិតខំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ឱ្យបានល្អិតល្អន់ ស៊ីជម្រៅ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញសមាជិកសភា ខិតខំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ឱ្យបានល្អិតល្អន់ ស៊ីជម្រៅ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/5/2019 10:18:32 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជំរុញឲ្យស្ថាប័ននីតិប្បញ្ញត្តិរដ្ឋសភា និងព្រឹទ្ធសភា ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា បន្ថែមទៀត ក្នុងការពិនិត្យសិក្សា និងវិភាគសេចក្តីព្រាងច្បាប់នេះឱ្យបានល្អិតល្អន់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ  ដើម្បីធ្វើឱ្យប្រាកដថា សេចក្តីព្រាង ច្បាប់ប្រេងកាត ដែលនឹងអនុម័តនៅពេលដ៏ខ្លីខាងមុខ ស្របទៅនឹងបរិបទ និងសង្គមកម្ពុជា ជាពិសេសការមិនប៉ះពាល់ដល់បរិស្ថាន និងទទួលបាន ផលប្រយោជន៍ជាអតិប្បរមាដល់សង្គម និងប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក៏ត្រូវពិនិត្យ និងយកចិត្តទុកដាក់ខ្ពស់ចំពោះនិរន្តរភាព និងផលប្រយោជន៍ យូរអង្វែង ដែលកើតចេញពីវិស័យប្រេងកាត ដោយត្រូវធ្វើឱ្យប្រាកដថា វិស័យនេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ ប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរបានចូលរួម ទទួលបាននូវចំណេះដឹង បទពិសោធន៍ពីការរុករក ការទាញយកផល និងការធ្វើ អាជីវកម្មប្រេងកាត ដោយឯករាជ្យក្នុងកម្រិតណាមួយនៅពេលអនាគត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងដូច្នេះ នៅក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាស្តីពីការ ស្វែងយល់អំពីសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ដែលរៀបចំឡើងដោយគណៈកម្មការសាធារណការ ដឹកជញ្ចូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា សហការជាមួយក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ចូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា បានគូសបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា បានផ្តោតអាទិភាពលើការជំរុញការអភិវឌ្ឍធនធានរ៉ែ ប្រេង និងឧស្ម័ន ដើម្បីប្រែក្លាយធនធានទំាងនេះ ឲ្យទៅជាប្រភពថ្មី និងសំខាន់មួយទៀតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ពិសេសបន្ថែមសន្ទុះថ្មីសម្រាប់ធានាកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នា ឈានទៅ សម្រេចចក្ខុវិស័យនៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។ លោកជំទាវបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ពិសេសក្រសួងរ៉ែ និងថាមពល បានរៀបចំតាក់តែង សេចក្តីព្រាងច្បាប់នេះឡើង ដោយបានគិតហ្មត់ចត់អំពីបច្ចុប្បន្នភាព សេដ្ឋកិច្ច នយោបាយ និងសង្គម ព្រមទំាងអនាគតនៃប្រជាពលរដ្ឋកម្ពុជាជំនាន់ ក្រោយ។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ចែកចេញជា៩ជំពូក និង៧២មាត្រា និងឧបសម្ព័ន្ធចំនួន០១។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានតាក់តែងឡើង ដោយមានការជួយគំាទ្រផ្នែកបច្ចេកទេសពី អ្នកជំនាញការច្បាប់នៃធនាគារអភិវឌ្ឍន៍នៅឆ្នាំ១៩៩៦ និងមានការពិនិត្យបន្ថែមទៀតពីអ្នកជំនាញការច្បាប់មកពីក្រុមហ៊ុនជប៉ុន Idemitsu Oil and Gas។ ចាប់ពីឆ្នាំ២០០៦ អតីតអាជ្ញាធរប្រេងកាតកម្ពុជាបានយកសេចក្តីព្រាងច្បាប់នេះ មកកែសម្រួលឡើងវិញ ដោយមានការពិគ្រោះយោបល់ជាមួយ អ្នកជំនាញបច្ចេកទេស និងច្បាប់ជាតិ និងអន្តរជាតិនានា។ ក្រោយអាជ្ញាធរប្រេងកាតជាតិកម្ពុជា បានធ្វើសមាហរណកម្ម មកក្រោមក្រសួងរ៉ែ និងថាមពល ក្នុងឆ្នាំ២០១៣មក សេចក្តីព្រាងច្បាប់នេះ ត្រូវបានកែសម្រួលបន្ថែម ដោយបញ្ចូលបរិបទថ្មីៗមួយចំនួន ផ្អែកលើបទពិសោធន៍ពីបណ្តា ប្រទេសនានា។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា រហូតមកទល់ពេលនេះ ប្រទេសមួយចំនួននៅក្នុងតំបន់ និងពិភពលោក ដែលមានធនធានប្រេងកាតទទួល បានពរជ័យពីការទាញយកផល ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយក៏មានប្រទេសមួយចំនួន ក៏ត្រូវរងបណ្តាសារពីការវិនិយោគលើវិស័យនេះ ផងដែរ។ ដូច្នេះនេះជាបទពិសោធន៌ដ៏សំខាន់ដែលកម្ពុជាត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យនានា ដែលអាចនឹងកើតមានឡើងដោយ ចៃដន្យពីការវិនិយោគលើវិស័យនេះ។ ត្រូវចាំថា ធនធានរ៉ែជាធនធានមួយដែលងាយនឹងរីងស្ងួត ហើយងាយនឹងទទួលរងនូវផលប៉ះពាល់។ ដូចនេះ ទាំងអស់គ្នាត្រូវតែពិចារណាឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីជៀសវាងឱ្យខានតែបានពីផលអវិជ្ជមាន ដែលអាចកើតមានឡើងពីវិស័យ នេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្តថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត មានសារៈសំខាន់ និងចាំបាច់សម្រាប់កម្ពុជា ជាពិសេសសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា ក្នុងការពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ច តាមរយៈការជំរុញការអភិវឌ្ឍធនធានរ៉ែ ប្រេង និងឧស្ម័ន ដើម្បីប្រែក្លាយធនធាននេះឱ្យទៅជាប្រភពថ្មី និងសំខាន់មួយទៀត សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច កម្ពុជា សំដៅឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយប្រទេសកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នូវឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តល់ជាអនុសាសន៍បន្ថែមថា បន្តពង្រឹង និងលើកកម្ពស់តួនាទីត្រួតពិនិត្យរបស់សភា ដើម្បីធានាថា ការអភិវឌ្ឍ និងការគ្រប់គ្រងវិស័យប្រេងកាត ត្រឹមត្រូវ និងស្របតាមនិយាមបច្ចេកទេស និងការគ្រប់គ្រងប្រកបដោយគណនេយ្យភាព តម្លាភាព និងមានការទទួលខុសត្រូវខ្ពស់ ដែលនឹងអាចនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចជាអតិបរមា ដែលនឹងជួយបង្កើនល្បឿនអភិវឌ្ឍន៍ប្រទេសជាតិឱ្យ កាន់តែលឿនមួយកម្រិតថែមទៀត។ អគ្គលេខាធិការដ្ឋានសភាទាំងពីរត្រូវចូលរួមសិក្សា ពិនិត្យ និងផ្តល់យោបល់ ព័ត៌មានលម្អិតបែបវិភាគ និងគ្រប់ជ្រុងជ្រោយ ជូនសមាជិក សមាជិកាសភាទាំងពីរ ដើម្បីឱ្យពួកគាត់មានមូលដ្ឋានគ្រឹះច្បាស់លាស់ ត្រឹមត្រូវ ក្នុងការវិភាគ វាយតម្លៃ មុននឹង ឈានទៅអនុម័តលើសេចក្តីព្រាងច្បាប់នេះឱ្យមានសង្គតភាព និងល្អប្រសើរ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលដែលបានខិតខំ និងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ វិស័យប្រេងកាត ជាពិសេសការសម្រេចបាននូវសេចក្តីព្រាងច្បាប់ដ៏សំខាន់មួយនេះ ដើម្បីដាក់ជូនរដ្ឋសភាអនុម័តនាពេលដ៏ខ្លីខាងមុខ។ សម្តេចមាន ជំនឿមុតមាំថា សិក្ខាសាលានាឱកាសនេះ នឹងមានការជជែក ពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ព្រមទាំងរកឃើញនូវចំណុចសំខាន់ៗ និងគំនិតល្អៗ ដែលនឹងអាចយកទៅប្រើប្រាស់ជាមូលដ្ឋានឈានទៅអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងប្រេងកាត និងផលិតផល ប្រេងកាត” នាពេលខាងមុខនេះ ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន