ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៣ ដែលទាក់ទាញ និងការពារការវិនិយោគទុន នៅក្នុង និងក្រៅប្រទេស
រដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៣ ដែលទាក់ទាញ និងការពារការវិនិយោគទុន នៅក្នុង និងក្រៅប្រទេស
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/27/2019 1:16:34 AM )

សេចក្តីព្រាងច្បាប់ចំនួន៣ មានសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ និងសេចក្តី ព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញ និងការការពារ ទៅវិញទៅមកនៃវិនិយោគ ត្រូវបានលើកយកមកពិនិត្យសិក្សា រវាងគណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

សមាសភាពចូលរួមពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាំបីខាងលើនេះ ភាគីគណៈកម្មការជំនាញរដ្ឋសភា មាន គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ។ ចំណែកតំណាង រាជរដ្ឋាភិបាលមាន ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)

តំណាងរាជរដ្ឋាភិបាល បានជម្រាបរដ្ឋសភាថា សេចក្តីព្រាងខាងលើ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា និងប្រទេសជាមិត្ត អោយកាន់តែទូលំទូលាយឡើង ព្រមទាំងជាយន្តការមួយ ដើម្បីទាក់ទងទៅនឹងលំហូរទុនវិនិយោគ រវាងប្រទេសកម្ពុជា និងអន្តរជាតិ។

សេចក្តីព្រាងទាំងបីនោះ ក៏នឹងផ្តល់នូវការធានាផ្លូវច្បាប់ដល់ការវិនិយោគបរទេស ដែលចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយអ្នកវិនិយោគ កម្ពុជា ដែលចេញទៅរកស៊ីនៅក្នុងប្រទេសដៃគូ ដោយឈរ លើមូលដ្ឋានស្មើភាព និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

តំណាងរាជរដ្ឋាភិបាល បានពន្យល់ដល់គណៈកម្មការជំនាញរដ្ឋសភាបន្ថែមថា ភាគីជាប់កិច្ចសន្យាជាម្ចាស់ផ្ទះក៏មានភារកិច្ចផ្តល់នូវប្រព្រឹត្តិកម្ម ត្រឹមត្រូវ ស្មើភាព ដើម្បីអ្នកវិនិយោគដែលកំពុងវិនិយោគលើទឹកដីរបស់ខ្លួនទទួលបាននូវការការពារ និងសន្តិសុខពេញលេញ ព្រមទាំងមិនធ្វើឲ្យ ខូចប្រយោជន៍ ដល់ការគ្រប់គ្រង ការថែរក្សា ការប្រើប្រាស់ ការទទួលផល និងការចាត់ចែងការវិនិយោគដោយវិធានការមិនសមហេតុផល ឬរើសអើងពីភាគីណាមួយ ឡើយ។

ក្រោយពីបានស្ដាប់ការពន្យល់របស់តំណាងរាជរដ្ឋាភិបាលរួចហើយ ឯកឧត្តម ជា វ៉ាន់ដេត ក៏ដូចជា ឯកឧត្តម ឈាង វុន បានឯកភាពទាំងស្រុង លើខ្លឹមសារសេចក្តីព្រាងច្បាប់ទាំងបីខាងលើ និងបានកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានតាក់តែងសេចក្តីព្រាងច្បាប់ទាំងបីនេះឡើង ក៏ដូចជាបានខិតខំបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ដើម្បីចុះកិច្ចព្រមព្រៀងនានា ក្នុងការជំរុញ និងទាក់ទាញអ្នកវិនិយោគ បរទេស ចូលមកកម្ពុជាអោយកាន់ច្រើន។

គណៈកម្មការជំនាញរបស់រដ្ឋសភា បានបញ្ជាក់ថា នឹងបញ្ជូនសេចក្ដីព្រាងច្បាប់ទាំងបីខាងលើ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេច ដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាធ្វើការពិភាក្សា និងអនុម័តនាពេលខាងមុខ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន