ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្នុងឱកាសបុណ្យគម្រប់ជន្មាយុ​៨៥​ ឈានចូល​ ៨៦ឆ្នាំរបស់ សម្តេច ហេង សំរិន ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ព្រមទំាងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាថា វីរភាពសម្តេច​ ជាគំរូដែលត្រូវអនុវត្តតាម
ក្នុងឱកាសបុណ្យគម្រប់ជន្មាយុ​៨៥​ ឈានចូល​ ៨៦ឆ្នាំរបស់ សម្តេច ហេង សំរិន ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ព្រមទំាងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាថា វីរភាពសម្តេច​ ជាគំរូដែលត្រូវអនុវត្តតាម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/25/2019 7:15:33 AM )

ពិធីបុណ្យចម្រើនជន្មាយុគម្រប់៨៥​ ឈានចូល​ ៨៦ឆ្នាំ ជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រារព្ធធ្វើឡើងនៅ គេហដ្ឋានសម្តេចក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបាននិមន្តព្រះសង្ឃសូត្រមន្ត តាមគន្លងព្រះពុទ្ធសាសនា ដោយមានការចូលរួមពី​សមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ព្រមទំាងមន្រ្តីរាជការ​ ពិសេសមន្រ្តី​ និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា យ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ២០១៩។

ក្រៅពីការរៀបចំពិធីតាមបែបព្រះពុទ្ធសាសនា ថ្នាក់ដឹកនាំរដ្ឋសភា សមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្រុង មន្រ្តីរាជការជាច្រើន បានជូនសព្ទសាធុការពរ ជូនសម្តេច​ និងលោកជំទាវ​ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំស្ថាប័ននីតិប្បញ្ញត្តិជារៀងរហូតទៅ។

ជាទូទៅនៅក្នុងសារលិខិតផ្សេងៗគ្នា ជូនសម្តេចប្រធានរដ្ឋសភា បានលើកឡើងពីគុណបំណាច់​ និងពលីកម្មរបស់សម្តេចដែលបានលះបង់​ ដើម្បីបម្រើប្រទេសជាតិ​ និងប្រជាជនរហូតមក។ សារលិខិតជូនពរ បានគូសបញ្ជាក់ថា សម្តេចបានខិតខំអស់ពីកម្លំាងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការដឹកនាំ និងការចូលរួមចំណែកយ៉ាងធំធេង ក្នុងការការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ចាប់តាំងពីគ្មានអ្វីរហូតដល់មានអ្វីៗទាំងអស់នាពេល បច្ចុប្បន្ន។ ជាពិសេសសម្តេចបានដឹកនាំរដ្ឋសភា ក្នុងការកសាងច្បាប់ជាច្រើនដែលជាតម្រូវការចាំបាច់បំផុតរបស់ប្រជានុរាស្រ្ត​ និងប្រទេសជាតិ។ ជាមួយគ្នានេះ សម្តេចបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យការទូតសភា ដែលតែងតែទទួលបានជោគជ័យយ៉ាងធំធេងជាច្រើននៅលើឆាក អន្តរជាតិ ជូនជាតិមាតុប្រទេស។

សារលិខិតជូនសម្តេចប្រធានរដ្ឋសភា ក្នុងឱកាសគម្រប់ជន្មាយុ៨៥​ ឈានចូល៨៦ឆ្នាំ បានសង្កត់ធ្ងន់ថា “ការលះបង់របស់សម្តេច​ ជាវីរភាព ដ៏ឧត្តុង្គឧត្ត​ម​ និងជាមោទនភាពដ៏ខ្ពង់ខ្ពស់សម្រាប់យើងខ្ញុំទាំងអស់គ្នាយកជាគំរូតាម”៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន