ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការមហាផ្ទៃរដ្ឋសភាប្រមូលព័ត៌មានជុំវិញការងារព្រំដែនកម្ពុជា ឡាវ និងវៀតណាម
គណៈកម្មការមហាផ្ទៃរដ្ឋសភាប្រមូលព័ត៌មានជុំវិញការងារព្រំដែនកម្ពុជា ឡាវ និងវៀតណាម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/24/2019 7:15:16 AM )

មុនធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ CLV ក្នុងខែសីហាខាងមុខ សមាជិកសមាជិកាគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការ បានសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានពីការងារព្រំដែនកម្ពុជា តាមរយៈ បទបង្ហាញរបស់ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា និងសហការី នៅវិមានរដ្ឋសភា​នាព្រឹកថ្ងៃទី២៤​ ខែឧសភា ឆ្នាំ២០១៩នេះ។

ការសិក្សាឈ្វេងយល់ពីការងារព្រំដែន ពិសេសកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា វៀតណាម និងឡាវ ដែលស្ថិតនៅក្នុង តំបន់ត្រីកោណអភិវឌ្ឍន៍(CLV)នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំលើកទី៤ គណៈកម្មការសន្តិសុខ ការពារជាតិ នៃរដ្ឋសភាកម្ពុជា វៀតណាម និងឡាវ នាពេលខាងមុខនេះ។ ឯកឧត្តម ច័ន្ទ សុផល​បានគូសបញ្ជាក់ថា កិច្ចប្រជុំរបស់គណៈកម្មការសន្តិសុខ ការពារជាតិ នៃរដ្ឋសភាកម្ពុជា វៀតណាម និងឡាវ ដែលរដ្ឋសភាកម្ពុជាទទួលធ្វើជា ម្ចាស់ផ្ទះនោះ មានសារៈសំខាន់ក្នុងការគំាទ្រ និងជំរុញដល់ដំណើរការអភិវឌ្ឍន៍តំបន់ត្រីកោណរបស់រដ្ឋាភិបាលកម្ពុជា ឡាវ វៀតណាម ដែលបាន បង្កើតឡើងតំាងពីឆ្នាំ១៩៩៩ មកនោះ។

សមាសភាពចូលរួមធ្វើបទបង្ហាញជូនសមាជិកសមាជិកាគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា នាឱកាសនេះ មានតំណាងក្រសួង និងអាជ្ញាធរខេត្តពាក់ព័ន្ធជាច្រើនបានចូលរួមផងដែរ។ ឯកឧត្តម វ៉ា គឹមហុង បានមានប្រសាសន៍ថា​ ការងារព្រំដែនរវាង ប្រទេសកម្ពុជា ឡាវ និងវៀតណាម បានដំណើរល្អ។ ប្រទេសទំាងបីបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការកែប្រែព្រំដែនទៅជាតំបន់អភិវឌ្ឍន៍ មានសន្តិសុខ សុវត្ថិភាព ដើម្បីធ្វើឲ្យប្រជាជនប្រទេសទំាងបី បានផ្លាស់ប្តូរគ្នាទំាងវិស័យសេដ្ឋកិច្ច និងវប្បធម៌។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី៤នៃគណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខ រដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ដែលរដ្ឋសភា កម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ នឹងរៀបចំធ្វើពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ “តួនាទីភារកិច្ចក្នុងការ ពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភា ប្រទេសទាំងបី ក្នុងការកសាងសហប្រតិបត្តិការ និងអភិវឌ្ឍន៍ព្រំដែនមួយប្រកបដោយសន្តិភាព និងមិត្តភាព”។

គណៈកម្មការការពារជាតិ និងសន្តិសុខ សភាកម្ពុជា ឡាវ និងវៀតណាម តែងតែរៀបចំកិច្ចប្រជុំរួមគ្នាជាទៀងទាត់ ដើម្បីបង្កើតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកលើការងារសន្តិសុខ ការពារជាតិរបស់សភា ដើម្បីជំរុញ និងគំាទ្រ ដល់ការអភិវឌ្ឍ​​តាមបន្ទាត់ព្រំដែន(CLV) របស់រដ្ឋាភិបាលប្រទេសទំាងបី៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន