ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិកសភាជួបតំណាងរាជរដ្ឋាភិបាលដើម្បីសិក្សាឈ្វេងយល់ពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម
សមាជិកសភាជួបតំណាងរាជរដ្ឋាភិបាលដើម្បីសិក្សាឈ្វេងយល់ពីតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/23/2019 1:21:09 AM )

គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធាន គណៈកម្មការ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​និងតំណាងក្រសួងពាក់ព័ន្ធផ្សេងៗ ព្រមទាំងតំណាងខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ដើម្បីសិក្សាឈ្វេងយល់ពីដំណើរការអភិវឌ្ឍន៍ របស់តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម នារយៈពេលកន្លងមក។

កិច្ចប្រជុំនេះធ្វើឡើងនៅវិមានរដ្ឋសភា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាតំណាងមកពីគណៈកម្មការជំនាញនានានៃរដ្ឋសភា ព្រមទាំង សមាជិក សមាជិកានៃព្រឹទ្ធសភាផងដែរ។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា ការអញ្ជើញក្រសួង ក៏ដូចជាខេត្តដែលជាប់ពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម មកជួបប្រជុំនាពេលនេះ គឺចង់ដឹងអំពីដំណើរការវិវត្តរបស់តំបន់ត្រីកោណ ដើម្បីឲ្យសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភាកម្ពុជា មានទិន្នន័យជាមូលដ្ឋានសម្រាប់ការជួបពិភាក្សាជាមួយសមាជិកសមាជិកាសភានៃប្រទេសឡាវ និងវៀតណាម នាពេលខាងមុខ ពិសេសក៏ដើម្បីជួយ ជំរុញរដ្ឋាភិបាលនៃប្រទេសទាំងបី ក្នុងការអភិវឌ្ឍន៍តំបន់ត្រីកោណអោយកាន់តែមានការរីកចម្រើនឡើងថែមទៀត។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា នៅក្នុងផែនការសកម្មភាពនៃរដ្ឋាភិបាលប្រទេស កម្ពុជា ឡាវ និងវៀតណាម ដែលបានបង្កើតឡើង នូវតំបន់ត្រីកោណអភិវឌ្ឍន៍នៃប្រទេសទាំងបី គឺមានគោលគំនិតនៃការតភ្ជាប់សេដ្ឋកិច្ច សំដៅបង្កើនការសម្របសម្រួលឲ្យមានភាពរលូន ក្នុងកិច្ចសហ- ប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា ឡាវ និងវៀតណាម នៅក្នុងវិស័យចំបងៗ ដូចជា ស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ប្រជាជន និងប្រជាជនជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ទន្ទឹមនឹងនោះ ការតភ្ជាប់សេដ្ឋកិច្ច កម្ពុជា ឡាវ និងវៀតណាម ក៏ត្រូវផ្អែកលើគោលការណ៍នៃការគោរពគ្នា ទៅវិញទៅមក លើឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងគាំទ្រគ្នា និងផ្ដល់កិច្ចសម្របសម្រួលដល់ការអភិវឌ្ឍន៍ទៅវិញទៅមក។ ម៉្យាងទៀតការអភិវឌ្ឍន៍តំបន់ត្រីកោណ នៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម ក៏មានគោលបំណងបង្កើតហេដ្ឋារចនាសម្ព័ន្ធ ដែលមានភាព អំណោយផល ភាពច្បាស់លាស់ផ្នែកស្ថាប័ន វប្បធម៌ ទេសចរណ៍ និងការយោគយល់គ្នារវាងប្រជាជនក្នុងប្រទេសទាំងបី សំដៅពង្រឹង និងធ្វើទំនើបកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសិកម្ម ថាមពល និងការទំនាក់ទំនងសម្រួលចរាចរណ៍ទំនិញ និងមនុស្សឆ្លងកាត់ព្រំដែន អោយកាន់តែ ងាយស្រួល ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសនីមួយៗ ក៏ដូចជាលើកកម្ពស់ការដោះដូរទំនិញរវាងប្រជាជននៃប្រទេសទាំងបី។

បន្ទាប់ពីក្រសួង និងស្ថាប័នពាក់ព័ន្ធ បានជម្រាបជូននូវរបាយការណ៍ដែលពាក់ព័ន្ធនឹងដំណើរការនៃការអភិឌ្ឍន៍តំបន់ត្រីកោណនៃប្រទេសទាំងបីកម្ពុជា ឡាវ និងវៀតណាម ក៏ដូចជាការបកស្រាយពន្យល់យ៉ាងក្បោះក្បាយ នូវសំណួរមួយចំនួនដែលបានលើកឡើងដោយសមាជិក សមាជិកាសភារួចមក ឯកឧត្តម ឈាង វុន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ជូនតំណាងរដ្ឋាភិបាល ដែលបានខិតខំក្នុងការកសាងអភិវឌ្ឍន៍តំបន់ត្រីកោណ នៃប្រទេសទាំងបី ដើម្បីរួមចំណែកជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ត្រីកោណអោយកាន់តែមានជីវភាពល្អប្រសើរឡើង៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន