ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភា និងរាជរដ្ឋាភិបាល មានជំនឿថា ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ជាយន្តការការពារធនធានប្រេងដោយតម្លាភាព
រដ្ឋសភា និងរាជរដ្ឋាភិបាល មានជំនឿថា ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ជាយន្តការការពារធនធានប្រេងដោយតម្លាភាព
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/16/2019 7:48:00 AM )

នៅក្នុងឱកាសពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតរួមគ្នា ទំាងគណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល បានសម្តែងសុទិដ្ឋិយមថា សេចក្តីព្រាងច្បាប់ខាងលើនេះ នឹងក្លាយជាយន្តការដ៏សំខាន់មួយសម្រាប់ធានាការពារដល់ ការអភិវឌ្ឍធនធានប្រេងកាតរបស់កម្ពុជាឲ្យមានតម្លាភាព ប្រសិទ្ធភាព ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ជីវភាពប្រជាពលរដ្ឋ។

គណៈកម្មការសាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផល ប្រេងកាត។

ឯកឧត្តម សុខ ខាវ៉ាន់ បានមានប្រសាសន៍ឲ្យដឹងថា សេចក្តីព្រាងច្បាប់ខាងលើនេះ បានតាក់តែងឡើងតំាងពីឆ្នាំ១៩៩៩ ដោយមានការចូលរួមពី អ្នកជំនាញច្បាប់ជាតិ និងអន្តរជាតិ។ ឯកឧត្តមបន្តថា នៅក្នុងអាណត្តិទី៦នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានខិតខំជំរុញដើម្បីឲ្យសេចក្តីព្រាងច្បាប់នេះ បានអនុម័តក្លាយជាយន្តការច្បាប់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានប្រេងកាតឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទំាងផ្តល់ ទំនុកចិត្តដល់អ្នកវិនិយោគទុនដែលវិនិយោគនៅក្នុងឧស្សាហកម្មប្រេងកាតនេះ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត បានតាក់តែងឡើងស្របតាមបទដ្ឋាន និងឧត្តមានុភាពជាអន្តរជាតិក្នុងវិស័យរ៉ែ និងបានការពារដល់បរិស្ថាន និងធនធានធម្មជាតិ ដោយនិរន្តរភាព។

នៅក្នុងឱកាសពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតនេះ ក្រសួងរ៉ែ និងថាមពល បានធ្វើបទបង្ហាញ យ៉ាងលម្អិតពីយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងធនធានរ៉ែ និងប្រេងកាតនៅកម្ពុជា។ ដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីប្រេងកាតនេះ ព្រមទំាងបាន ធ្វើបទបង្ហាញពីយន្តការលើកកម្ពស់ការចូលរួម និងផ្សព្វផ្សាយព័ត៌មានពីធនធានរ៉ែ និងប្រេងកាត ជូនដល់គណៈកម្មការជំនាញរដ្ឋសភាទៀតផង។

លោកជំទាវ និន សាផុន បានថ្លែងការកោតសរសើរចំពោះការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការចងក្រងសេចក្តីព្រាងច្បាប់នេះឡើង។ លោកជំទាវមាន ជំនឿមុតមាំថា សេចក្តីព្រាងច្បាប់នេះ នឹងជួយជំរុញការអភិវឌ្ឍនៅកម្ពុជាកាន់តែលឿនឡើង សំដៅរួមចំណែកដល់ការលើកកម្ពស់ជីវភាពប្រជាជន ឲ្យកាន់តែសម្បូរសប្បាយឡើង។ ជាមួយគ្នានេះ រដ្ឋសភាគ្រោងរៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធទំាងអស់ បានស្វែងយល់ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតនេះ ផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន