ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការមហាផ្ទៃ ការពារជាតិ រដ្ឋសភា ត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មការការពារជាតិ រដ្ឋសភា កម្ពុជា ឡាវ និងវៀតណាម លើកទី៤
គណៈកម្មការមហាផ្ទៃ ការពារជាតិ រដ្ឋសភា ត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មការការពារជាតិ រដ្ឋសភា កម្ពុជា ឡាវ និងវៀតណាម លើកទី៤
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/2/2019 10:48:44 PM )

បើតាមគម្រោងកិច្ចប្រជុំលើកទី៤ គណៈកម្មការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាកម្ពុជា ឡាវ និង វៀតណាម នឹងប្រារព្ធធ្វើពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីរៀបចំកំណត់ និងបែងចែកតួនាទី ភារកិច្ច របស់សមាជិក សមាជិកាគណៈកម្មការ និងមន្រ្តីជំនួយ ដើម្បីធ្វើយ៉ាងណាឲ្យការរៀបចំកិច្ចប្រជុំនោះ ឲ្យទទួលបានជោគជ័យ។

ឯកឧត្តម ច័ន្ទ សុផល បានជំរុញឱ្យមានការទទួលខុសត្រូវខ្ពស់ មានសាមគ្គីផ្ទៃក្នុង សហការគ្នាឲ្យបានល្អ ជាពិសេសត្រូវមានទំនាក់ទំនងជាប្រចំា ជាមួយរដ្ឋសភាឡាវ និងវៀតណាម ក្នុងការរៀបចំចងក្រងឯកសារនានា ហើយត្រូវអនុវត្តការងារទៅតាមប្រតិទិនបានកំណត់។

កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ នៃគណៈកម្មការការពារជាតិ និងសន្តិសុខ រដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម គ្រោងធ្វើឡើងក្រោមប្រធានបទ “តួនាទី ភារកិច្ចក្នុងការពិនិត្យតាមដានរបស់គណៈកម្មការ/គណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាប្រទេសទាំងបី ក្នុងការកសាងសហប្រតិបត្តិការ និងអភិវឌ្ឍន៍ព្រំដែនមួយប្រកបដោយសន្តិភាព និងមិត្តភាព”។ សូមជម្រាបថា គណៈកម្មការការពារជាតិ និងសន្តិសុខ សភាកម្ពុជា ឡាវ និងវៀតណាម តែងតែរៀបចំកិច្ចប្រជុំរួមគ្នាជាទៀងទាត់ ដើម្បីបង្កើតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកលើ ការងារសន្តិសុខ ការពារជាតិរបស់សភា ដើម្បីជំរុញការអភិវឌ្ឍតាមបន្ទាត់ព្រំដែននៃប្រទេសទំាងបី៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន