ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីវៀតណាម ឯកឧត្តម ឡេ ឌឹកអាញ់ នៅស្ថានទូតវៀតណាម ក្នុងរាជធានីភ្នំពេញ
សម្តេចប្រធានរដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីវៀតណាម ឯកឧត្តម ឡេ ឌឹកអាញ់ នៅស្ថានទូតវៀតណាម ក្នុងរាជធានីភ្នំពេញ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/2/2019 9:05:10 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ បានដឹកនាំសមាជិកសមាជិការដ្ឋសភា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឡេ ឌឹកអាញ់ អតីតប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ឡេ ឌឹកអាញ់ អតីតប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលមរណភាពកាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ។

ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាមព្រមទាំងក្រុមគ្រួសារសព។ សម្តេចបានលើកឡើងថា មរណភាពរបស់ ឯកឧត្តម ឡេ ឌឹកអាញ់ គឺជាការបាត់បង់ថ្នាក់ដឹកនាំ ដ៏ឆ្នើមរបស់ប្រជាជនវៀតណាម។ ឯកឧត្តម ឡេ ឌឹកអាញ់ គឺជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា និងបានរួមចំណែកដ៏ធំធេងជាមួយកម្ពុជា ក្នុងការរំដោះ ប្រទេស និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ជាមួយការអញ្ជើញគោរពវិញ្ញាណក្ខន្ធសព នៅស្ថានទូតវៀតណាមនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បានផ្ញើសារលិខិត រំលែកទុក្ខ ជូន លោកជំទាវ ង្វៀនធី គីមងិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ ចំពោះមរណភាពរបស់ ឯកឧត្តម ឡេ ឌឹកអាញ់

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន